ក្រសួង​ថា​​វិធានការ​ធ្វើ​ចំពោះ​អ្នកលក់​អន​ឡាញ​ប្រើប្រាស់​រូបភាព​អាសអាភាស​ប៉ុណ្ណោះ​​

25-02-2020 10:37 am 186

នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២០ ក្រសួង​កិច្ចការនារី បានចេញ​សេចក្ដីថ្លែងការណ៍​មួយ ដោយ​បញ្ជាក់​អំពី​វិធានការ លើក​អ្នកលក់​ផលិតផល​តាម​អន​ឡាញ​ដែល​បញ្ចេញ និង​ប្រើប្រាស់​រូបភាព​អាសអាភាស សិច​ស៊ី​ហួសប្រមាណ  ដែល​ធ្វើឲ្យប៉ះពាល់​ដល់​ទំនៀមទំលាប់​ប្រពៃ​ណី ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស​ស្ត្រី​ខ្មែរ និង​មិន​គោរព​សិទ្ធិ​ស្ដ្រី​។  

​នៅក្នុង​សេចក្តីថ្លែងការណ៍​នោះ បាន​បញ្ជាក់ថា វិធានការ​នេះ បាន​នឹង​កំពុង​ទទួល​ការអបអរសាទរ ពី​សំណាក់​មហាជន ព្រោះ​ជា​វិធានការ​ដើម្បី​ទប់ស្កាត់​សកម្មភាព​ផ្សព្វផ្សាយ និង​ការ​ចែកចាយ​រូបភាព​អាសអាភាស តាម​បណ្ដាញ​សង្គម​ក្នុងចំណោម​អ្នកប្រើប្រាស់​ប្រព័ន្ធ​អន​ឡាញ ដែល​ភាគច្រើន​ជា​ក្រុមមនុស្ស​វ័យក្មេង សំដៅ​ការពារ​សិទ្ធិ និង​សេចក្ដីថ្លៃថ្នូរ​របស់​មនុស្ស ជាពិសេ​សស្ដ្រី បង្កើន​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ និង​រក្សា​ការពារ លើកកម្ពស់​ទំនៀមទម្លាប់ ប្រពៃណី​ដ៏​ល្អ​របស់​ជាតិ​។​

​នៅ​សេចក្តីថ្លែងការណ៍​ដដែល បាន​បញ្ជាក់ទៀតថា គោលបំណង​សំខាន់​ក្នុង​ការចាត់វិធានការ​នេះ គឺ​ចង់​សំដៅលើ​ករណី​លក់​ផលិតផល​អន​ឡាញ​មួយចំនួន​តូច ដែល​ប្រើប្រាស់​រូបភាព​អាសអាភាស ដែលជា​ទង្វើ​ផ្ទុយ​នឹង​ច្បាប់ ដែល​មានចែង​ជា​ធរមាន និង​មិន​សំដៅ​ការ​រឹតបន្ដឹង​សិទ្ធិសេរីភាព​របស់​ស្ដ្រីខ្មែរ​នោះទេ​។​

​សូមបញ្ជាក់ថា នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​បន្ដ របស់​ក្រុមប្រឹក្សា​ចា​តិក​ម្ពុ​ជា​ដើម្បី​ស្ដ្រី កាលពី​ថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២០ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​បានលើកឡើង​ពី​បញ្ហា​នេះ​ផងដែរ និង​បាន​ណែនាំ​ឲ្យ​អាជ្ញាធ​រមាន​សមត្ថកិច្ច ធ្វើ​ការអប់រំ​ដល់​អ្នកលក់​ផលិតផល​តាម​អន​ឡា​ញ ដែល​ប្រើប្រាស់​រូបភាព​អាសអាភាស ឬ​អាក្រាតកាយ មុននឹង​ឈានទៅ​ចាត់វិធានការ​ជាក់លាក់​ណាមួយ​។​

​គួររំលឹកថា កាលពី​ថ្ងៃទី​១៩ ខែ​កុម្ភ​: ឆ្នាំ​២០២០ សមត្ថកិច្ច​បាន​ឃាត់ខ្លួន អ្នកលក់​ផលិតផល​អន​ឡាញ​តាម​បណ្តាញ​សង្គម​ម្នាក់​ឈ្មោះ​វ៉ែន រចនា ហៅ​ថៃ ស្រី​នាង ក្នុងករណី​Live វីដេអូ​ស្លៀកពាក់​សិច​ស៊ី និង​ផុស​រូបភាព​បែប​ស្រើបស្រាល បញ្ចេញ​អស់​កេរ្តិ៍ខ្មាស​។ ក្នុងនោះ​សមត្ថកិច្ច បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​បន្ត​ចាត់វិធានការ​តាមច្បាប់ ហើយ​រសៀល​ថ្ងៃទី​២១ ខែ​កុម្ភៈ ស្ដ្រី​ឈ្មោះថៃ ស្រី​នាង ត្រូវបាន​ចៅក្រម​ចេញ ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​បណ្ដោះអាសន្ន បន្ទាប់ពី​តំណាង​អយ្យការ​សម្រេច​ចោទប្រកាន់​តាម​បញ្ញត្តិ​មាត្រា​៣៨,៣៨ ច្បាប់​ស្ដីពី​”​អាជីវកម្ម​ផ្លូវភេទ​” ព្រមទាំង​បញ្ញត្តិ​មាត្រា​២៤៩ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

 

ព័ត៌មានផ្សេងទៀត