លោក​ហ៊ុន សែន​​ដាក់​វិធានការ​ស្តារ​ភ្ញៀវទេសចរ ​ក្រោយ​ធ្លាក់ចុះ​ខ្លាំង​ដោយសារ​កូរ៉ូណា​

24-02-2020 5:52 pm 154

លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​លើ​ឡើង​ថា ភ្ញៀវទេសចរ​បរទេស​នៅ​ខេត្តសៀមរាប បាន​ធ្លាក់ចុះ​ជាង​៦០​ភាគរយ នៅ​ខែកុម្ភៈ​នៃ​ឆ្នាំ​២០២០​នេះ​។ នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ​ជាមួយ​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់យោបល់ នៅ​ថ្ងៃទី​២៤ ខែ​កុម្ភៈ លោក​ហ៊ុន សែន​បានលើកឡើង​ដោយ​យោងទៅលើ​របាយការណ៍​របស់​ក្រសួងទេសចរណ៍​បញ្ជាក់​ថា ក្នុងចំណោម​ភ្ញៀវទេសចរ​បរទេស​ទាំង​អស់ គឺ​ភ្ញៀវទេសចរ​ចិន​ធ្លាក់ចុះ​ខ្លាំងជាងគេ រហូត​ជាង​៩០​ភាគរយ​។ ការធ្លាក់ចុះ​ភ្ញៀវទេសចរ នៅក្នុង​ខេត្តសៀមរាប​នេះ ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា អះអាងថា ដោយសារតែ​ការ​ផ្ទុះឡើង​នូវ​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩(COVID-19) ដែល​កំពុងតែ​ផ្ទុះ​ខ្លាំង​នៅ​ក្នុងប្រទេស​ចិន​។​

​ពាក់ព័ន្ធ​នឹង​ការធ្លាក់ចុះ​ភ្ញៀវទេសចរ​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ប្រកាស​ត្រៀម​រៀបចំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នៅ​ខេត្តសៀមរាប​ផ្ទាល់​តែម្តង ដើម្បី​ជំរុញ​ដល់​ការអនុវត្ត​វិធានការ​ចំនួន​៧​ចំណុច ក្នុងន័យ​ស្តា​វិស័យ​ទេ​ចរណ៍​ឲ្យ​ងើប​ឡើងវិញ ក៏ដូចជា​ទាក់ទាញ​ភ្ញៀវទេសចរ​នៅក្នុង​ខេត្តសៀមរាប ឲ្យ​កាន់​តែមាន​សក្តានុពល​។ វិធានកា​រទាំង​៧​ចំណុច​នោះ​រួមមាន​៖ 

១. ដើម្បី​ជួយ​សម្រួល​ដល់​វិស័យ​ទេសចរណ៍ ដែល​រង​ផលប៉ះពាល់​ដោយសារតែ​វីរុស​COVID-19 រដ្ឋាភិបាល នឹង​លើកលែង​ការបង់ពន្ធ​ប្រចាំខែ​ដល់​ផ្ទះសំណាក់ សណ្ឋាគារ ដែល​បាន​ចុះបញ្ជី​ក្នុង​អគ្គនាយក​ពន្ធដារ​រយៈ​ពេល​៤​ខែ ដោយ​រដ្ឋ​ជា​អ្នក​បង់ពន្ធ​ជំនួស​វិញ​។ 

២. មិន​ធ្វើ​សវនកម្ម​ពេញលេញ សម្រាប់​ការិយបរិច្ឆេទ​ឆ្នាំ​២០២០ ចំពោះ​សហគ្រាស​ក្នុង​វិស័យ​សណ្ឋាគារ ផ្ទះសំណាក់ ដែល​បាន​ចុះបញ្ជី​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​មាន​សកម្មភាព​អាជីវកម្ម​ក្នុង​ខេត្តសៀមរាប​។​

៣. មន្ត្រី​ក្រសួង​ស្ថាប័នរដ្ឋ ត្រូវ​កាត់បន្ថយ​ការធ្វើដំណើរ ទៅ​ចូលរួម​ប្រជុំ​ក្រៅប្រទេស ហើយ​បង្កើន​ស​សកម្មភាព​នៅក្នុង​ស្រុក ត្រូវ​រៀបចំ​កិច្ចប្រជុំ​នៅតាម​ខេត្ត ជាពិសេស​នៅក្នុង​ខេត្តសៀមរាប​។​

៤. បង្កើន​ការធ្វើដំណើរ​តាម​ផ្លូវគោក ជាពិសេស​ខេត្តសៀមរាប ជាមួយ​វៀតណាម និង​ថៃ​។​

៥. ក្រសួងទេសចរណ៍​និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​បើក​យុទ្ធនាការ​សកម្មភាព ទាក់ទាញ​ភ្ញៀវទេសចរ នៅ​ខេត្តសៀមរាប​។ នៅ​ចំណុច​នេះ មុខ​រាជរដ្ឋាភិបាល​កម្ពុជា​ប្រកាសថា អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០២០​នេះ ថ្នាក់ជាតិ​មិនអាច​ធ្វើ​បានទេ​នៅ​សៀមរាប តែ​ថ្នាក់​ខេត្ត អាច​រៀបចំ​ខ្លួនឯង​។ 

៦. រក្សា​ថ្លៃ​សំបុត្រ​ចូល​ទស្សនា​អង្គរ​នៅ​ដដែល​តែ​បន្ថែម​ថ្ងៃ​។ សម្រាប់ ១​ថ្ងៃ អាច​ចូល​មើល​បាន ២​ថ្ងៃ​។ សំបុត្រ ចូល​មើល​២ ថ្ងៃ អាច​ចូល​មើល​បាន ៥​ថ្ងៃ ហើយ​សំបុត្រ ចូល​មើល ៧​ថ្ងៃ អាច​ចូល​មើល​បាន ១០​ថ្ងៃ​។ 

៧. ក្រសួង​ទេសចរណ៍ ត្រូវ​រៀបចំ​បណ្តុះបណ្តាល​បុគ្គលិក​ផ្នែក​ទេសចរណ៍​នូវ​មុខវិជ្ជា​ថ្មី ឬ​បង្កើន​ចំណេះដឹង​បន្ថែម​។​

​ទទ្ទឹម​នឹង​ការដាក់ចេញ​នូវ​វិធានការ​ខាងលើនេះ លោក​ហ៊ុន សែន​ក៏បាន​អំពាវនាវ​ដល់​ភ្ញៀវទេសចរ​ខ្មែរ ដែល​ចូលចិត្ត​ធ្វើដំណើរ​កម្សាន្ត​នៅ​ក្រៅប្រទេស​ទាំងអស់ ឱ្យ​វិល​មក​ធ្វើ​ទេសចរ​ក្នុងប្រទេស​វិញ ដើម្បី​ជំរុញ​ដំណើរ​កម្សាន្ត​ក្នុងស្រុក​៕

ព័ត៌មានផ្សេងទៀត