នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក​មហា​ធៀ ដាក់​លិខិត​សុំ​លាលែង​ពី​តំណែង​

24-02-2020 1:38 pm 3289

​លោកនាយក​រដ្ឋមន្ត្រី​មហា​ធៀ មហា​ម៉ាត់​(Mahathir Mohamad) បាន​ថ្វាយ​លិខិត​ទៅ​ព្រះមហាក្សត្រ​ម៉ាឡេស៊ី ដើម្បី​សុំ​ចុះចេញ​ពី​តំណែង នៅ​ថ្ងៃ​ទី​២៤​ខែ​កុម្ភៈ​ឆ្នាំ​២០២០​នេះ​។ បើ​តាម​មន្ត្រី​ការិយាល័យ​នាយករដ្ឋមន្ត្រី គ្រាន់តែ​បាន​បញ្ជាក់ថា លិខិត​សុំ​លាលែង​នេះ ត្រូវបាន​ដាក់​ថ្វាយ​ទៅ​ព្រះមហាក្សត្រ​ម៉ាឡេស៊ី​នៅវេលា​ម៉ោង ០១​និង​០០ រសៀល ថ្ងៃទី​២៤​កុម្ភៈ នេះ​។ 

​មូលហេតុ​ច្បាស់លាស់ រហូត​ដល់​ឈាន​ដល់​ការសុំ​ចុះចេញ​ពី​តំណែង​របស់​នាយក​រដ្ឋមន្ត្រី​វ័យ ៩៤​ឆ្នាំ​រូប​នេះ ពុំទាន់​បាន​បញ្ជាក់​នៅក្នុង​សេចក្ដីថ្លែងការណ៍​នោះ​ឡើយ​។ យ៉ាងណាមិញ ការលាលែង​ពី​តំណែង​របស់​នាយក​រដ្ឋមន្ត្រី​ដ៏​ចំណាស់​សម្រាប់​ពិភពលោក​រូបនេះ ធ្វើឡើង​បន្ទាប់​ពី​ផ្ទុះ​នូវ​ពាក្យ​ច​ចាម​អារាម ពី​ជម្លោះ​នយោបាយ រវាង​លោក​មហា​ធៀ មហាម៉ាត់​នឹង​លោក​អាន់​វ៉ា អ៊ីប្រ៉ាហ៊ីម​(Anwar Ibrahim) ដែល​ជា​ប្រធាន​គណបក្ស​យុត្តិធម៌​(PKR)​បច្ចុប្បន្ន​។ ជម្លោះ​នយោបាយ​ដ៏​រ៉ាំ​រៃ​នេះ​ទៀតសោត បាន​ចាប់ផ្ដើម​តាំង​តែ​ពី​ការដក​តំណែង​លោក​អាន់​វ៉ា ពី​ឧបនាយករដ្ឋមន្ត្រី កាលពី​អំឡុង​ឆ្នាំ​១៩៩៨ ដោយ​លោក​មហា​ធៀ ជាប់​ទាក់ទង​នឹង​បញ្ហា​ដណ្ដើម​អំណាច​គ្នា​។  

​ពាក់ព័ន្ធ​នឹង​អ្នក​ដែល​ត្រូវ​នឹង​ឡើងកាន់​តំណែង​ជំនួស​លោក​Mahathir Mohamad វិញ នៅ​ពុំទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ ដោយ​គេ​គ្រាន់តែ​សង្ស័យថា​អ្នកស្រី​វ៉ាន់ អា​ហ្ស៊ី​ហ្សា អ៊ី​ស្មាល់​(Wan Azizah Ismail) ឧបនាយករដ្ឋមន្ត្រី និង​ត្រូវ​ជា​ភរិយា​របស់​លោក​អាន់​វ៉ា អាច​នឹង​មាន​ភាគរយ​ខ្ពស់​ជាងគេ​។ 

​សូមជម្រាបថា លោក​មហា​ធៀ មហា​ម៉ាត់ ជា​នាយករដ្ឋមន្ត្រី​ទី​៧​របស់​ម៉ាឡេស៊ី​។ លោក​មហាធៀ​ធ្លាប់​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ចំនួន​២​លើក ដោយ​លើក​ទី​១​នៅ​ចន្លោះ​ឆ្នាំ ១៩៨១ ដល់​ឆ្នាំ​២០១៣​។ រីឯ​លើក​ទី​២ លោក​បាន​ឡើងកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​កាលពី​ឆ្នាំ​២០១៨ មកទល់​បច្ចុប្បន្ន ដោយ​កាលនោះ​លោក​បាន​ផ្ដួល អតីត​នាយករដ្ឋមន្ត្រី​លោក​ណា​ហ្ស៊ី​ប រ៉ា​ហ្ស៉ា​ក់​(Najib Razak) ឲ្យ​ធ្លាក់​ពី​តំណែង ដោយសារ​អំពើ​ពុករលួយ ពាក់ព័ន្ធ​ទៅនឹង​លុយ​មូលនិធិ​របស់​រដ្ឋាភិបាល​រាប់​ពាន់​លាន​ដុល្លារ​៕ 

 ពាក្យគន្លឹះ  លោកមហាធៀម៉ាឡេស៊ី

ព័ត៌មានផ្សេងទៀត