លោក​ហ៊ុនសែន​​៖​វិធានការ​៤​ចំណុច​ជួយ​ដល់​រោងចក្រ​កាត់ដេរ​​ដែល​រង​ការប៉ះពាល់​ពី​COVID-19និង​EBA​

24-02-2020 9:31 am 442

​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២០​នេះ បានប្រកាស​ដាក់ចេញ​នូវ​វិធានការ​ចំនួន ៤ ចំណុច ដើម្បី​ជួយ​ដល់​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ដោយសារ​ផលប៉ះពាល់​ពី​ជំងឺ​COVID-19 និង EBA​។ វិធានកា​រទាំង ៤ ចំណុច​នោះ​រួមមាន​៖

១. លើកលែង​ពន្ធ ពី ៦​ខែ ទៅ ១​ឆ្នាំ ទៅលើ​រោងចក្រដែល​រង​ផលប៉ះពាល់​ពី​ជំងឺ​COVID-19 ​ និង EBA​។​ ២. អនុញ្ញាតឲ្យ​រោងចក្រ មិន​បង់ប្រាក់​វិភាគទាន​របប​ធានារ៉ាប់រងនូវ​ហានិភ័យ​ការងារ និង​គ្រោះថ្នាក់​ការងារ នៅ ប​.​ស​.​ស ក្នុង​រយៈពេល​ព្យួរ​ការងារ​។​

៣. រោងចក្រត្រូវចេញ​ប្រាក់ខែ ៤០ភាគរយ នៃ​ប្រាក់ខែ​អប្បបរមា ១៩០​ដុល្លារ នៅ​ឆ្នាំ​២០២០ ហើយ​រាជរដ្ឋាភិបាលនិងចេញ ២០ ភាគរយ​។ ពេល​ព្យួរការងារ​នេះ ប្រាក់ខែ​កម្មករទទួលបាន​បៀវត្សរ៍ ៦០% ប្រហែលជា ១២០ ដុល្លារ​។ ដើម្បី​ទទួលបាន​ប្រាក់ខែ​នេះ កម្មករ​កាត់ដេរត្រូវ​ចូលរួម​វគ្គ​បណ្តុះបណ្តាល ដែល​រៀបចំ​ដោយ​ក្រសួង​ការងារ​។​

៤. រោងចក្រ សហការ​ជាមួយ​សមាគម​រោងចក្រ​កាត់ដេរ និង​ក្រសួង​ការងារ ដើម្បី​ផ្សព្វផ្សាយ​នូវ​កម្មវិធី​រោងចក្រ​កាត់ដេរ​កាន់តែ​ល្អប្រសើរ ដើម្បីឲ្យ​អ្នកបញ្ជា​ទិញបានដឹងថា រោងចក្រ​កាត់ដេរនៅ​កម្ពុជាគោរព​លក្ខខណ្ឌ​ការងារ ដោយ​គ្មាន​ពលក​ម្មករ​កុមារ​។​

​ជាមួយគ្នានេះ​ដែល លោក​ហ៊ុន សែន បាន​គូសបញ្ជាក់​ទៀតថា ការដាក់ចេញ​នូវ​វិធានការ​ទាំងនេះ គឺ​បញ្ជាក់ឲ្យ​ឃើញថា កម្ពុជា នឹងមិន​ស្នើសុំ EBA ២០% ត្រឡប់មកវិញ​នោះទេ​។ លោក​បន្តថា យើង​ត្រូវ​បង់ពន្ធ​ប្រហែលជា ១០០​លាន​ដុល្លារ នៅពេល​អឺរ៉ុប យកពន្ធ ២០% លើ​ទំនិញ​កម្ពុជា​។​ ការដាក់ចេញ​នូវ​វិធាន​ខាងលើ របស់លោក​នាយករដ្ឋមន្ត្រី ធ្វើឡើង​នៅ​កិច្ចប្រជុំ​ជាមួយ​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់យោបល់ នា​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២០ នៅ​វិមាន​សន្តិភាព​៕

ព័ត៌មានផ្សេងទៀត