ការលក់​រថយន្ដ​​នៅ​ចិន​​នា​ពាក់កណ្ដាល​​ខែកុម្ភៈ​​ធ្លាក់ចុះ​៩២%​​ព្រោះ​ផ្ទុះ​​វីរុស​កូរ៉ូណា​

23-02-2020 10:33 pm 194
រូបភាពរថយន្ដនៅក្នុងហាងលក់រថយន្ដចិន

​យោងតាម​ការបញ្ជាក់​ពី​អង្គភាព​ពាណិជ្ជកម្ម ឧស្សាហកម្ម ការលក់​រថយន្ដ​នៅក្នុង​ប្រទេស​ចិន​បាន​ធ្លាក់ចុះ​រហូតដល់​៩២​ភាគរយ ក្នុង​ពាក់កណ្ដាល​ដំបូង​នៃ​ខែកុម្ភៈ​នេះ ដោយសារតែ​ការ​ផ្ទុះឡើង​នូវ​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​។ ហាង​លក់​រថយន្ដ​នៅតែ​បន្ដ​បិទទ្វារ​នៅឡើយ​ពាក់កណ្ដាល​ដំបូង​នៃ​ខែកុម្ភៈ ខណៈ​អតិថិជន​ក៏​មិន​ចេញ​ក្រៅ​ផ្ទះ ដើម្បី​ការពារ​ខ្លាច​ឆ្លង​វីរុស​កូរ៉ូណា​។​

​ការលក់​រថយន្ដ​នៅ​ទូទាំងប្រទេស​ចិន​បាន​ធ្លាក់ចុះ​៩៦​ភាគ​ក្នុង​សប្ដាហ៍​ដំបូង​នៃ​ខែកុម្ភៈ ដែល​គិត​ជា​មធ្យម​ប្រចាំថ្ងៃ​លក់​បានតែ​៨១១​គ្រឿង​ប៉ុណ្ណោះ​។ សមាគម​រថយន្ដ​ដឹក​អ្នកដំណើរ​ចិន​(CPCA) បាន​និយាយថា ខ្លួន​សង្ឃឹម​ការលក់​អាច​នឹង​ងើប​ឡើង នៅពេល​ហាង​លក់​រថយន្ដ​ចាប់ផ្ដើម​បើក​ដំណើរការ​ជាថ្មី​ក្នុង​ពាក់កណ្ដាល​ទី​ពីរ​នៃ​ខែ​កុម្ភៈ​។ សមាគម​បញ្ជាក់ថា គ្មាន​នរណាម្នាក់​ទៅ​ហាង​លក់​រថយន្ដ​នោះឡើយ​ក្នុង​សប្ដាហ៍​ដំបូង​នៃ​ខែកុម្ភៈ ដោយ​មនុស្ស​ភាគច្រើន​ស្ថិតនៅ​ក្នុងផ្ទះ​។ 

​ក្រុមហ៊ុន​ចែកចាយ​បានចាប់ផ្ដើម​ប្រតិ​បត្ដិកា​រ​ឡើងវិញ​ជា​បណ្ដើរៗ​ក្នុង​ខែ​នេះ ហើយ​អង្គភាព​ពាណិជ្ជកម្ម​រថ​យន្ដ​សង្ឃឹម​ការលក់​រថយន្ដ​នឹង​បាន​ប្រសើរ ក្នុង​ពាក់កណ្ដាល​ទី​ពីរ​នៃ​ខែកុម្ភៈ​។ ក្រុមហ៊ុន​ផលិត​រថយន្ដ​ចិន​Geely ទើបតែ​ចាប់ផ្ដើម​សេវាកម្ម​លក់​ដែល​មិន​ទាក់ទង​ផ្ទាល់ គឺ​ការលក់​តាម​អន​ឡាញ ហើយ​ត្រូវយក​រថយន្ដ​ទៅដល់​ផ្ទះ​អតិថិជន​តែម្ដង​។ 

​ចិន​គឺជា​ទីផ្សារ​រថយន្ដ​ធំ​បំផុត​ក្នុង​ពិភពលោក ដែល​លក់​រថយន្ដ​បាន​រហូតដល់​ជាង​២១​លាន​គ្រឿង​កាលពី​ឆ្នាំមុន នេះ​បើតាម​ការបញ្ជាក់​ពី​ក្រុមហ៊ុន​ស្រង់​ស្ថិតិ​អាល្លឺម៉ង់ Statista​។ ចំណែក​សហរដ្ឋអាមេរិក​គឺជា​ទីផ្សារ​រថយន្ដ​ធំ​បំផុត​ទី​ពីរ​។  យ៉ាងណាមិញ​ទោះបីជា​ការលក់​រថយន្ដ​នៅ​ចិន​ធ្លាក់ចុះ​ខ្លាំង​ក្រោយ​ផ្ទុះ​វីរុស​កូរ៉ូណា តាមពិត​ចិន​ក៏​ជួប​ករណី​នេះដែរ​កន្លង​មក ដោយសារតែ​សេដ្ឋកិច្ច​ធ្លាក់ចុះ និង​ដោយ​សារភាព​តានតឹង​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​។ 

​គួរ​បញ្ជាក់ថា ស្របពេល​ក្រុមហ៊ុន​ផលិត​រថយន្ដ​ជាច្រើន​ប្រកាស​បើកទ្វារ​ឡើងវិញ​ក្នុង​សប្ដាហ៍​នេះ ប៉ុន្ដែ​នៅតាម​ទីតាំង​មួយចំនួន​នឹងត្រូវ​ចំណាយពេល​យូរ​ទៀត ទម្រាំ​អាច​ត្រឡប់​ទៅរក​ប្រតិ​ប​ត្ដិ​ការពេញលេញ​ដូចកា​ររំពឹងទុក​។ មិន​ត្រឹមតែ​ក្រុមហ៊ុន​ផលិត​រថយន្ដ​នៅ​ចិន​នោះទេ​ដែល​រងគ្រោះ​ដោយសារ​ការលក់​ធ្លាក់ចុះ ក្រុមហ៊ុន​ផលិតកម្ម​ក្នុង​សកលលោក​ក៏​ប្រឈម​ការពន្យារពេល​ផលិតកម្ម​របស់ខ្លួន​ដែរ ក្នុងនោះ​មាន​ក្រុមហ៊ុន Apple​ជាដើម បានចេញ​ការព្រមាន​ពី​កង្វះខាត​ក្នុង​ការផ្គត់ផ្គង់​ទូរស័ព្ទ iPhone​ទូទាំង​ពិភពលោក​៕

ព័ត៌មានផ្សេងទៀត