លោក​ស៊ី ជីន​ពីង មេដឹកនាំចិន​​ដ៏​មាន​ឥទ្ធិពល​​​​បន្ទាប់ពី​​​លោក​ម៉ៅ សេទុង​

23-02-2020 8:39 pm 612

លោក​ស៊ី ជីន​ពីង​ច្បាស់​ណាស់​ថា ពិតជា​ត្រូវបាន​គេ​ស្គាល់​គ្រប់​ទីកន្លែង ព្រោះ​ជា​ប្រធានាធិបតី​មហាអំណាច​ចិន ជា​យក្ស​មួយ​នៅ​អាស៊ី​និង​ក្នុង​ពិភពលោក​។ អ្វីដែល​គេ​ស្គាល់​លោក​រឹតតែ​ច្បាស់ គឺ​ជុំវិញ​ការដឹកនាំ​ប្រកបដោយ​ភាពម៉ឺងម៉ាត់ ការ​រុញច្រាន​ឲ្យ​ចិន​មានឈ្មោះ​បោះ​សំឡេង​កាន់​ខ្លាំង​លើ​ឆាក​អន្ដរជាតិ និង​អំណាច​ដ៏​លើសលុប​របស់លោក​ក្នុងនាម​ជា​ប្រធានាធិបតី​ចិន​។ ដូច្នេះហើយ​បានជា​លោក​ត្រូវបាន​គេ​ចាត់ទុកថា ជា​មេដឹកនាំ​ដ៏​ខ្លាំង​បំផុត​មួយរូប​របស់​ចិន បន្ទាប់ពី​លោក​ម៉ៅ សេទុង​។ 

​ជី​វប្រ​វត្ដិ​និង​ការសិក្សា​

​លោក​ស៊ី ជីន​ពីង​កើត​នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​១៩៥៣​ក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន បច្ចុប្បន្ន​លោក​មាន​អាយុ​៦៦​ឆ្នាំ​។ ឪពុក​របស់លោក​ស៊ី ជីន​ពីង​មានឈ្មោះ​ថា​ស៊ី ចុង​ស៊ុន និង​ម្ដាយ​ឈ្មោះ​ឈី ស៊ីន​។ លោក​ស៊ី​មាន​បងប្អូន​បួន​នាក់​ក្នុងនោះ​បងស្រី​ពីរ​នាក់​ប៉ុន្ដែ​ស្លាប់​ម្នាក់​និង​ប្អូនប្រុស​ម្នាក់​។ ឪពុក​របស់លោក​ស៊ី​ក៏​ជា​មន្ដ្រីជាន់ខ្ពស់​ម្នាក់​របស់​ចិន ដោយ​ធ្លាប់​ធ្វើជា​ប្រធាន​ផ្នែក​ឃោសនា​ការ ជា​ឧបនាយករដ្ឋមន្ដ្រី និង​ជា​អនុប្រធាន​សភា​ជាតិចិន​ផងដែរ បន្ទាប់ពី​លោក​ម៉ៅ សេទុង​ដឹកនាំ​បដិវត្ដន៍​បង្កើត​សាធា​រណ​រដ្ឋ​ប្រជាមានិត​ចិន​ក្នុង​ឆ្នាំ​១៩៤៩​។​

​លោក​ស៊ី ជីន​ពីង​បាន​ចូលរៀន​នៅ​សាលា​ប៉េកាំង​១០១​ក្នុង​ទសវត្ស​ឆ្នាំ​១៩៦០​។ នៅ​ទីនោះ​ហើយ​ដែល​លោក​បាន​បង្កើត​ទំនាក់ទំនង​មិត្ដភាព​ជិតស្និទ្ធ​ជាមួយ​លោក​លីវ ហេ ជា​ឧបនាយករដ្ឋមន្ដ្រី​ចិន​នាពេល​សព្វថ្ងៃ​។ ក្នុង​ឆ្នាំ​១៩៦៣​ពេល​លោក​ស៊ី​មាន​អាយុ​១០​ឆ្នាំ ឪពុក​របស់លោក​ត្រូវបាន​បណ្ដេញ​ចេញពី​គណបក្ស  ហើយ​បញ្ជូន​ឲ្យទៅ​ធ្វើការ​នៅក្នុង​រោងចក្រ​មួយ​ក្នុង​ខេត្ដ​ហឺ​ណាន​។ នៅ​ខែឧសភា​ឆ្នាំ​១៩៦៦ បដិវត្ដន៍វប្បធ​ម៌បា​ន​បង្អាក់​ការសិក្សា​រប​ស់​លោក​ស៊ី​នៅ​អនុវិទ្យាល័យ​។ ចំណែក​ម្ដាយ​របស់លោក​ត្រូវបាន​បង្ខំ​ឲ្យ​បរិហា​រឪពុក​របស់លោក​ជា​សាធារណៈ ដោយ​ចោទថា​ជា​សត្រូវ​នឹង​បដិវត្ដន៍​។ បន្ទាប់មក​ឪពុក​របស់លោក​ត្រូវបាន​ចាប់​ដាក់ពន្ធនាគារ​នៅ​ឆ្នាំ​១៩៦៨ គ្រា​លោក​ស៊ី ជីន​ពីង​មាន​អាយុ​១៥​ឆ្នាំ​។​

​ដោយ​គ្មាន​ការការពារ​ពី​ឪពុក លោក​ស៊ី​ត្រូវបាន​បញ្ជូនទៅ​ធ្វើការ​នៅក្នុង​ភូមិ​លាង​ជៀ​ហេ ខេត្ដ​សាន​ស៊ី គឺ​ក្នុង​ចលនា​ចុះទៅ​ជនបទ​របស់លោក​ម៉ៅ សេទុង​ឆ្នាំ​១៩៦៩​។ លោក​បាន​ធ្វើជា​លេខា​បក្ស​ក្នុងភូមិ​លាង​ជៀ​ហេ ដែល​ពេលនោះ​លោក​រស់នៅក្នុង​រូងភ្នំ​។ ប្រហែល​ពីរ​បី​ខែ​ក្រោយមក​ដោយ​មិនអាច​ទ្រាំទ្រ​នឹង​ជីវិត​នៅតាម​ជនបទ​បាន លោក​បាន​រត់​ចូលទៅ​ទីក្រុង​ប៉េកាំង​វិញ​។ លោក​ត្រូវបាន​ចាប់ខ្លួន​ក្នុងអំឡុងពេល​បង្ក្រាប​នៅលើ​វាល​ខ្សាច់ ហើយ​បាន​បញ្ជូន​ទៅកាន់​ជំរំ​ការងារ​មួយទៀត​ដើម្បី​ជីក​ប្រឡាយ​។​

​បន្ទាប់ពី​ត្រូវបាន​បដិសេធ​៧​ដង លោក​ស៊ី ជីន​ពីង​បាន​ចូលរួម​ក្នុង​សម្ព័ន្ធ​យុវជន​កុម្មុយនីស្ដ​ចិន​ក្នុង​ឆ្នាំ​១៩៧១ តាមរយៈ​ការ​រាប់អាន​ជាមួយ​មន្ដ្រី​មូលដ្ឋាន​។ លោក​បាន​ជួបជុំ​ជាមួយ​ឪពុក​វិញ​ក្នុង​ឆ្នាំ​១៩៧២​។ លោក​ស៊ី​បាន​ព្យាយាម​ដាក់​ពាក្យសុំ​ចូលរួម​ក្នុង​បក្ស​កុម្មុយនីស្ដ​ចិន​១០​ដង​ពោលគឺ​តាំងពី​ឆ្នាំ​១៩៧៣ ហើយ​ទីបំផុត​លោក​ត្រូវបាន​បក្ស​ទទួល​នៅពេល​ដាក់ពាក្យ​លើក​ទី​១០ គឺ​ក្នុង​ឆ្នាំ​១៩៧៤​។ ពី​ឆ្នាំ​១៩៧៥-៧៩ លោក​បាន​ចូល​សិក្សា​ផ្នែក​វិសកម្ម​គីមីវិទ្យា​នៅ​សាកលវិទ្យាល័យ​ក្នុង​ក្រុង​ប៉េកាំង​។ មុខជំនាញ​វិស្វកម្ម​នៅ​ទីនោះ​លោក​ត្រូវ​ចំណាយពេល​១៥​ភាគរយ​សិក្សា​ពី​ទ្រឹស្ដី​ម៉ាក្ស​និយម លេនីន​និយម និង​ទស្សន​របស់លោក​ម៉ៅ សេទុង​។ ចំណែក​៥​ភាគរយ​សម្រាប់​ធ្វើការ​កសិកម្ម​និង​រៀនសូត្រ​ពី​កងទ័ព​រំដោះប្រជាជន​។ ក្រៅពី​បរិញ្ញាប័ត្រ​លោក​ស៊ី​ក៏​បញ្ចប់​ថ្នាក់បណ្ឌិត​ផ្នែក​ច្បាប់​និង​មនោគមវិជ្ជា​ផងដែរ​ក្នុង​ឆ្នាំ​២០០២​។​

​ចំពោះ​ជីវិត​អាពាហ៍ពិពាហ៍​លោក​ស៊ី ជីន​ពីង​បាន​រៀបការ​ប្រពន្ធ​ទីមួយ​គឺ​ជាមួយ​អ្នកស្រី​កឺ លីង​លីង កូនស្រី​អគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​ចក្រភព​អង់គ្លេស ក្នុង​ឆ្នាំ​១៩៧៩ តែ​លែងលះ​ក្នុង​ឆ្នាំ​១៩៨២​។ បន្ទាប់មក​លោក​បាន​រៀបការ​ប្រពន្ធ​ទី​ពីរ​គឺ​ជាមួយ​អ្នកស្រី​ប៉េង លី​យ័ន​ក្នុង​ឆ្នាំ​១៩៨៧ ចំណងអាពាហ៍ពិពាហ៍​មានកូន​ស្ដ្រី​ម្នាក់​ឈ្មោះ​ស៊ី មីង​ស៊េ​។ 

​ជីវិត​ក្នុង​ឆាកនយោបាយ​

​ក្រោយ​ត្រូវ​គណបក្ស​កុម្មុយនីស្ដ​ទទួល​ឲ្យចូល​ជា​សមាជិក​ក្នុង​ឆ្នាំ​១៩៧៤ លោក​ស៊ី​ក៏បាន​ក្លាយជា​បុគ្គល​លេចធ្លោ​យ៉ាង​ឆាប់រ​ហ័យ​នៅក្នុង​បក្ស​។ នៅ​ចន្លោះ​ឆ្នាំ​១៩៧៩-៨២ លោក​ស៊ី​បាន​បម្រើការ​នៅក្នុង​ទីបញ្ជាការ​កណ្ដាល​យោធា ជា​ឧបនាយករដ្ឋមន្ដ្រី​ដែល​ធ្វើឲ្យ​លោក​ទទួលបាន​បទពិសោធ​ន៍​ដ៏​មានតម្លៃ​បំផុត​ក្នុង​វិស័យ​យោធា​។ ក្រៅតែពី​ជា​មន្ដ្រីជាន់ខ្ពស់​នៅក្នុង​បក្ស ពី​ឆ្នាំ​១៩៨៣-២០០៧ លោក​ស៊ី​បាន​បម្រើការ​ជា​ថ្នាក់ដឹកនាំ​ក្នុង​ខេត្ដ​ចំនួន​បួន​ផងដែរ​ចាប់ផ្ដើម​ចេញពី​ខេត្ដ​ហឺ​ប៉ី​។ ក្នុងអំឡុងពេល​កាន់តំណែង​អភិបាលខេត្ដ​ហឺ​ប៉ី លោក​ស៊ី ជីន​ពីង​បាន​ធ្វើដំណើរ​ទៅកាន់​សហរដ្ឋអាមេរិក​និង​ចំណាយពេល​នៅ​រដ្ឋ​អាយ​អូ​វ៉ា​ជាមួយ​គ្រួសារ​ជនជាតិ​អាមេរិក​មួយ សិក្សា​ពី​ចំណុច​ល្អៗ​ផ្នែក​កសិកម្ម​និង​ទេសចរណ៍​។ លោក​ស៊ី​បាន​កសាង​ប្រជាប្រិយភាព​ជា​បន្ដបន្ទាប់ ហើយ​ល្បីល្បាញ​ខ្លាំង​ក្រោយ​លោក​ត្រូវ​បានជ្រើសរើស​ជា​អនុ​ប្រធានាធិបតី​ចិន​នៅ​ដើមឆ្នាំ​២០០៨​។ 

​នៅ​ដើមឆ្នាំ​២០១២​លោក​ស៊ី​បាន​ធ្វើដំណើរ​ទៅ​សហរដ្ឋអាមេរិក​ម្ដងទៀត ជួប​ជាមួយ​លោក​បា​រ៉ាក់ អូ​បា​ម៉ា​ដែល​កាលនោះ​ជា​ប្រធានាធិបតី​អាមេរិក និង​ជួប​មន្ដ្រី​អាមេរិក​មួយចំនួនទៀត​។ ក្នុងពេលនោះ​លោក​ស៊ី​បានបង្ហាញ​ពី​ភាពជឿជាក់​គ្នា​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន បញ្ចប់​មន្ទិលសង្ស័យ​ទាំងឡាយ និង​បង្ហាញ​ការគោរព​ផលប្រយោជន៍​ទៅវិញទៅមក​នៅក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​។ នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១២ លោក​ស៊ី​ត្រូវបាន​ជ្រើសរើស​ជា​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ដ និង​ជា​ប្រធាន​គណៈកម្មាធិការ​កណ្ដាល​យោធា​។ ពេល​ថ្លែង​សុន្ទរកថា​លើកដំបូង​ក្នុងនាម​ជា​អគ្គ​ល​ខា​ធិ​ការបក្ស លោក​ស៊ី​ហាក់​ខុសប្លែក​ពី​មេដឹកនាំ​មុនៗ​

បន្ដិច ដោយនិយាយ​បែក​ចេញពី​ប្រពៃណី ស្ដាប់ទៅ​ដូចជា​អ្នកនយោបាយ​លោកខាងលិច​វិញ​។ លោក​និយាយ​ពី​បំណងប្រាថ្នា​របស់​មនុស្ស​ថ្នាក់​មធ្យម និង​អំពាវនាវ​ឲ្យមាន​ការអប់រំ​ដែល​ប្រសើរជាង​មុន មាន​ស្ថិរភាព​ការងារ មាន​ប្រាក់ចំណូល​ខ្ពស់ ភាព​ទុកចិត្ដ​បាន​សម្រាប់ជន​ចូលនិវត្ដ​ន៍ មាន​ការថែទាំ​សុខភាព លក្ខខណ្ឌ​រស់នៅ​កាន់តែ​ប្រសើរ​ជាង​មុន និង​បរិស្ថាន​ដែល​ល្អ​ជាង​មុន​។ លោក​ក៏​ប្ដេជ្ញា​ចាត់វិធានការ​ប្រឆាំង​អំពើពុករលួយ​ក្នុង​ជួរ​រដ្ឋាភិបាល​និង​ទៅលើ​មន្ដ្រី​គ្រា​ក់ៗ​។ លោក​បាន​សំដៅលើ​ចក្ខុវិស័យ​របស់លោក​ចំពោះ​ប្រជាជន ក្រោម​ពាក្យស្លោក​ថា “​សុបិន​របស់​ចិន​”​។​

​នៅ​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០១៣ លោក​ស៊ី បាន​បំពេញ​មហិច្ឆតា​ធំ​របស់ខ្លួន គឺ​លោក​ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ជា​ប្រធានាធិបតី​ចិន  ជា​មុខតំណែង​ប្រធាន​រដ្ឋ​។ ពេល​ថ្លែង​សុន្ទរកថា​លើកដំបូង​ក្នុងនាម​ជា​ប្រធានាធិបតី​ចិន លោក​ប្ដេជ្ញា​ធ្វើយ៉ាងណា​ឲ្យ​ចិន​ល្បីឈ្មោះ លេចធ្លោ​ជាង​មុន និង​ឈរជើង​កាន់តែ​រឹងមាំ​លើ​ឆាក​អន្ដរជាតិ​។ 

​សមិទ្ធផល​នានា​ក្រោម​ការដឹកនាំ​របស់លោក​ស៊ី ជីន​ពីង​

​ជា​ការគោរព​តាម​សន្យា​រឿង​ដំបូង​បំផុត​ដែ​លោកស៊ី ជីន​ពីង​បានធ្វើ​ក្រោយ​ចូល​កាន់តំណែង គឺ​យុទ្ធនាការ​លុបបំបាត់​អំពើពុករលួយ​ក្នុង​ជួរ​រដ្ឋាភិបាល​។ លោក​បាន​បញ្ជា​ឲ្យ​ចាប់ខ្លួន​មន្ដ្រី​មានអំណាច​មួយចំនួន ក្នុងនោះ​មាន​អតីត​ប្រធាន​ផ្នែក​សន្ដិសុខ​ចិន​លោក​ជូ យ៉ុង​កាង​ផងដែរ​។ គិត​ត្រឹម​ចុងឆ្នាំ​២០១៤​គណបក្ស​កុម្មុយនីស្ដ​បាន​ដាក់ពិន័យ​មន្ដ្រី​ជាង​១០​ម៉ឺន​នាក់​។ លោក​ស៊ី​ក៏​បានកំណត់​ពី​ការជំរុញ​សេដ្ឋកិច្ច​ដែល​ធ្លាក់ចុះ ដោយនៅ​ឆ្នាំ​២០១៤​លោក​បាន​ផ្ដួចផ្ដើម​គំនិត “​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ​” ដើម្បី​ពង្រឹង​ផ្លូវ​ពាណិជ្ជកម្ម និង​បានចាប់ផ្ដើម​បើក​ដំណើរការ​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី ជាមួយនឹង​មហិច្ឆតា​ខ្ពស់បំផុត​។ 

​នៅក្នុង​ស្រុក​វិញ​គណបក្ស​កុម្មុយនីស្ដ​បាន​ពង្រីក​អំ​ណា​ចធ​នា​ការ​ឯកជន និង​អនុញ្ញាតឲ្យ​វិនិយោគិន​អន្ដរជាតិ មាន​ភាគហ៊ុន​ដោយផ្ទាល់​លើ​ទីផ្សារ​ហ៊ុន​សៀង​ហៃ​។ លោក​ស៊ី​បាន​ផ្លាស់ប្ដូរ​ច្បាប់​មួយចំនួន ជា​ច្បាប់​អ្នក​កាន់តំណែង​មុនៗ​អនុម័ត​។ ក្នុងនោះ​មានដូចជា​បញ្ចប់​គោលនយោបាយ​មានកូន​តែមួយ​ក្នុង​ឆ្នាំ​២០១៥ លុបចោល​ប្រពន្ធ​អប់រំ​ឡើងវិញ​តាមរយៈ​កម្លាំង​ពលកម្ម ដែល​បាន​ដាក់ទណ្ឌកម្ម​លើ​បុគ្គល​មួយចំនួន​ក្រោម​បទ​ចោទថា​ប្រព្រឹត្ដ​អំពើ​ឧក្រិដ្ឋ​កម្ម​។ ទាំងអស់នេះ​សុទ្ធតែ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​។ 

​ចំពោះ​ការឈរជើង​លើ​ឆាក​អន្ដរជាតិ ជា​ផ្នែក​មួយ​នៃ​ការបង្កើត​គោលដៅ​ក្នុងនាម​ជា​មហាអំណាច​នៅ​សតវត្ស​ទី​២១ លោក​ស៊ី​បាន​ជំរុញឲ្យមាន​ការធ្វើកំ​ណែ​ទម្រង់​យោធា ធ្វើឲ្យ​ប្រសើរឡើង​នូវ​កងទ័ពជើងទឹក​និង​ជើង​អាកាស​។ ជា​ប្រធាន​គណៈកម្មាធិការ​កណ្ដាល​យោធា​ហើយ នៅ​ឆ្នាំ​២០១៦​លោក​ត្រូវបានតែងតាំង​ជា​មេបញ្ជាការ​នៃ​ទីបញ្ជាការ​កណ្ដាល​កង​ប្រយុទ្ធ​ចម្រុះ​ទៀត​។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​លោក​ស៊ី​ហាក់​បានបង្ហាញ​សាច់ដុំ​កងទ័ពជើងទឹក​ចិន តាមរយៈ​ការសាងសង់​កោះ​សិប្បនិម្មិត​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ ទោះ​លោក​និយាយ​ផ្ទុយ​ក្នុង​ចេតនា​មិន​ចង់បង្ហាញ​ការពង្រឹង​សមត្ថភាព​ទ័ព​នៅលើ​កោះ​សិប្បនិម្មិត ប៉ុន្ដែ​រូបភាព​ចាប់បាន​ដោយ​ផ្កាយរណប​បានបង្ហាញ​យ៉ាងច្បាស់ ពី​ការប្រើប្រាស់​កោះ​ទាំងនោះ​ជា​មូលដ្ឋាន​អភិវឌ្ឍ​យោធា​។ 

​ការពង្រឹង​អំណាច 

​លោក​ស៊ី ជីន​ពីង​ត្រូវបាន​គេ​ចាត់ទុកជា​មេដឹកនាំ​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ចិន​បន្ទាប់ពី​លោក​ម៉ៅ សេទុង​។ ក្នុង​ខែតុលា ឆ្នាំ​២០១៧ គឺ​ក្នុង​សមាជជាតិ​លើក​ទី​១៩​នៃ​គណបក្ស​កុម្មុយនីស្ដ​ចិន មន្ដ្រី​ចូលរួម​ក្នុង​សមាជ​បាន​បោះឆ្នោត​បញ្ចូល​ពាក្យពេជន៍​របស់លោក​ស៊ីក្នុង​រដ្ឋធម្មនុញ្ញ​បក្ស នោះ​គឺ “​លោក​ស៊ី ជីន​ពីង​បាន​គិតគូរ​ដល់​យុគសម័យ​ថ្មី​នៃ​សង្គមនិយម ជាមួយនឹង​លក្ខណៈពិសេស​របស់​ចិន​” ។ ធ្វើ​ដូច្នេះ​មានន័យថា​ជា​ការណែនាំ​គោលការណ៍​សម្រាប់​ដំណើរ​ឆ្ពោះទៅមុខ​របស់​បក្ស ជាមួយនឹង​ចក្ខុវិស័យ​ត្រួសត្រាយ​ផ្លូវ​របស់លោក​ស៊ី ក្នុង​ភាពជា​អ្នកដឹកនាំ​ពិភពលោក​ក្នុងពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​។​

​បន្ថែម​លើ​នេះ​រដ្ឋធម្មនុញ្ញ​បង្កើន​ឋានៈ​របស់លោក​ស៊ី ឲ្យ​ត្រូវ​នឹង​ឋានៈ​អតីត​ប្រមុខ​បក្ស​កុម្មុយនីស្ដ​ចិន​លោក​ម៉ៅ សេទុង​និង​លោក​តេង ស៊ា​វ​ពីង​ថែមទៀត​ផង​។ ការណ៍​នេះ​លោក​ស៊ី​ត្រូវបាន​គេ​ជឿជាក់ថា ជា​មេដឹកនាំ​ដ៏​ខ្លាំង​បំផុត​ម្នាក់​របស់​ចិន​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្ស​ចុងក្រោយ ហើយ​លោក​ស៊ី​មានលទ្ធភាព​កាន់អំណាច​យូរអង្វែង​តាម​ដែល​លោក​ចង់​។ 

​នៅ​ចុង​ខែកុម្ភៈ​ឆ្នាំ​២០១៨​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ដ បាន​ស្នើឲ្យ​លុបចោល​ការកំណត់​អាណត្ដិ​សម្រាប់​ប្រធានាធិបតីនិង​អនុ​ប្រធានាធិបតី ដែលមាន​សក្ដានុពល​ក្នុង​ការរៀបចំ​ទុក​សម្រាប់​លោក​ស៊ី ជីន​ពីង ដើម្បី​កាន់អំណាច​គ្មាន​ការកំណត់​។ សមាជ​ប្រជាជន​ចិន​បាន​បោះឆ្នោត​ធ្វើកំណែទម្រង់​ជា​ផ្លូវការ​តាម​សំណើ​នេះ​ភ្លាមៗ ហើយ​មិនបាន​ប៉ុន្មាន​ផង​គឺ​ក្នុង​ឆ្នាំ​២០១៨​ដដែល លោក​ស៊ី​ក៏​ប្រកាស​ចូល​កាន់តំណែង​អាណត្ដិ​ទីពីរ​រយៈពេល​៥​ឆ្នាំ​ទៅមុខទៀត​៕

ព័ត៌មានផ្សេងទៀត