លោកBernie Sandersរំពឹងនឹងទទួលសំឡេងគាំទ្រដាច់តែម្ដង នៅក្នុងការបោះឆ្នោតនៅរដ្ឋNevadaកាលពីថ្ងៃទី២២កុម្ភៈពេលវេលានៅអាមេរិក។ ជាការបោះឆ្នោតតាមរដ្ឋដើម្បីប្រមូលសំឡេងគាំទ្រអាចតែងតាំងជាបេក្ខជនប្រធានាធិបតីចុងក្រោយ ឈានទៅប្រកួតប្រជែងនឹងលោកដូណាល់ ត្រាំ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅថ្ងៃទី០៣ខែវិច្ឆិកាឆ្នាំ២០២០នេះ។
ដ្បិតលទ្ធផលផ្លូវការនៅមិនទាន់ប្រកាស ប៉ុន្ដែសន្លឹកឆ្នោតដែលរាប់បាន៥០ភាគរយ លោកSandersទទួលបានការគាំទ្រ៤៧ភាគរយ ខណៈលោកJoe Bidenដែលបរាជ័យក្នុងការបោះឆ្នោតនៅរដ្ឋពីរមកហើយនោះ ស្ថិតនៅលេខពីរគឺទទួលបានការគាំទ្រ១៩ភាគរយ។ ចំណែកលោកPete Buttigiegស្ថិតនៅលេខបីទទួលបានការគាំទ្រ១៥ភាគរយ និងអ្នកស្រីElizabeth Warrenស្ថិតនៅលេខបួនទទួលបានការគាំទ្រ១០ភាគរយ។
តាមរយៈលទ្ធផលបឋម នេះគឺជាជ័យជម្នះលើកទីពីររបស់លោកSanders បន្ទាប់ពីការបោះឆ្នោតក្នុងរដ្ឋNew Hampshire សមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យរូបនេះក៏ទទួលបានជ័យជម្នះដូចគ្នា។ យ៉ាងណាក៏ដោយពេលវេលាគឺនៅវែងឆ្ងាយទៀត ពោលលោកSandersត្រូវប្រជែងជាមួយដៃគូក្នុងគណបក្សប្រជាធិបតេយ្យរបស់លោករហូតទទួលបានការបញ្ជាក់ថា លោកនឹងត្រូវតែងតាំងជាបេក្ខជនប្រធានាធិបតីចុងក្រោយតំណាងឲ្យគណបក្សប្រជាធិបតេយ្យ។
គួររម្លឹកថា ក្នុងការបោះឆ្នោតនៅរដ្ឋNew Hampshire លោកSandersទទួលបានសំឡេងគាំទ្រជាង២៦ភាគរយឈរនៅលេខមួយ លោកButtigiegទទួលបានសំឡេងគាំទ្រជាង២៤ភាគរយឈរនៅលេខពីរ អ្នកស្រីAmy Klobucharទទួលបានសំឡេងគាំទ្រ២០ភាគរយឈរនៅលេខបី អ្នកស្រីElizabeth Warrenមានសំឡេងគាំទ្រ៩ភាគរយឈរនៅលេខបួន និងលោកJoe Bidenទទួលបានការគាំទ្រ៨ភាគរយឈរនៅលេខប្រាំ។
ដោយឡែកការបោះឆ្នោតនៅរដ្ឋIowa លេខមួយបានទៅលោកPete Buttigieg នាំមុខគេដោយសំឡេងគាំទ្រ២៦,៩ភាគរយ ខណៈលេខពីរបានទៅលើលោកBernie Sanders ទទួលសំឡេងគាំទ្រ២៥,១ភាគរយ។ រីឯលេខបីបានទៅលើសមាជិកព្រឹទ្ធសភាអ្នកស្រីElizabeth Warren ដែលទទួលសំឡេងគាំទ្រ១៨,៣ភាគរយ និងលេខបួនបានលើអតីតអនុប្រធានាធិបតីអាមេរិកលោកJoe Biden ទទួលសំឡេងគាំទ្រត្រឹមតែ១៥,៦ភាគរយប៉ុណ្ណោះ។ គួរជម្រាបជូនថាបេក្ខជនគណបក្សប្រជាធិបតេយ្យ ដែលត្រូវប្រជែងគ្នាក្នុងការបោះឆ្នោតតាមរដ្ឋ ឆ្ពោះទៅដណ្ដើមជ័យលាភីជាបេក្ខជនត្រូវតែងតាំងមួយរូបចុងក្រោយ មានសរុបចំនួន១១រូប៕