នៅឆ្នាំ២០២០នេះ និស្សិតនគរបាលកម្ពុជា ត្រូវបានផ្លាស់ប្តូរឯកសណ្ឋានថ្មី

22-02-2020 2:53 pm 1420

ឯកសណ្ឋានថ្មី សម្រាប់និស្សិតនគរបាលកម្ពុជា ត្រូវបានអនុញ្ញាតឲ្យផ្លាស់ប្ដូរ ចាប់ពីឆ្នាំ២០២០នេះតទៅ ក្រោយត្រូវបានអនុញ្ញាតឱ្យប្រើជាផ្លូវការដោយប្រកាសរបស់ក្រសួងមហាផ្ទៃ។ នេះបើតាមការឲ្យដឹងពី លោកសេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងពិធីផ្សព្វផ្សាយពីការប្រើប្រាស់ ឯកសណ្ឋានថ្មី សម្រាប់និស្សិតនាយនគរបាល និងសិស្សនគរបាល កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២០។ 

លោកបានបញ្ជាក់ថា ការសម្រេចផ្លាស់ប្តូរឯកសណ្ឋានថ្មីនេះ គឺក្នុងគោលបំណង ដើម្បីកំណត់អត្តសញ្ញាណ និងពង្រឹងវិន័យអ្នកសិក្សា ព្រមទាំងផ្ដល់នូវភាពងាយស្រួលក្នុងការគ្រប់គ្រង។ លោកបន្ដថា ការផ្លាស់ប្ដូរឯកសណ្ឋាននេះក៏ដើម្បីលើកកម្ពស់កិត្យានុភាព ឧត្ដមភាពរបស់បណ្ឌិតសភានគរបាល និងអាចប្រៀបធៀបបាន ជាមួយស្ថាប័នបណ្ដុះបណ្ដាលកងកម្លាំងនគរបាល នៃប្រទេសនាៗក្នុងក្របខណ្ឌអាស៊ាន និងតំបន់ ដែលស្ថាប័នទាំងនោះ បាននឹងកំពុងអនុវត្តន៍របៀបនេះដែរ។ 

ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ក៏បានបន្ថែមទៀតថា ការកំណត់ឯកសណ្ឋាននេះគឺដើម្បីឱ្យស្របនឹងទិដ្ឋភាពច្បាប់ និងមានការឯកភាពគ្នាក្នុងការប្រើប្រាស់ឯកសណ្ឋាន សម្រាប់និស្សិតនាយនគរបាលបន្តវេន និងសិស្សនគរបាល ចាប់ពីឆ្នាំ២០២០នេះតទៅ ។ ជាមួយគ្នានេះ ចំពោះឯកសណ្ឋានថ្មី គឺមានការស្រដៀង និងឯសណ្ឋាននគរបាលជាតិដែរ គ្រាន់តែខុសប្លែកត្រង់ពណ៌នៅលើមួក សញ្ញានៅលើស្មា និងស្លាកសញ្ញានាៗ។

គួរបញ្ជាក់ថា សម្រាប់មួក និងសញ្ញានៅលើស្មា គឺមានអត្តន័យដូចជា ពណ៌ក្រហម សម្រាប់សម្គាល់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំទី២ ពណ៌ត្នោត សម្រាប់សម្គាល់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំទី១ ពណ៌ខៀវ សម្រាប់សម្គាល់និស្សិតថ្នាក់បរិញ្ញាបត្រឆ្នាំទី៤ ពណ៌ស្វាយ សម្រាប់សម្គាល់និស្សិតថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ពណ៌បៃតង សម្រាប់សម្គាល់និស្សិតថ្នាក់បរិញ្ញាបត្រឆ្នាំទី២ ពណ៌ទឹកក្រូច សម្រាប់សម្គាល់និស្សិតថ្នាក់បរិញ្ញាបត្រឆ្នាំទី១ និងពណ៌លឿង សម្រាប់សម្គាល់សិស្សនគរបាលជាតិ៕ 

 

ព័ត៌មានផ្សេងទៀត