តុលាការរដ្ឋធម្មនុញ្ញថៃ​រំលាយគណបក្សប្រឆាំង​​​មួយ​ព្រោះទទួលប្រាក់​៦លានដុល្លារ

21-02-2020 10:36 pm 389

តុលាការរដ្ឋធម្មនុញ្ញថៃនៅថ្ងៃសុក្រនេះ បានរំលាយគណបក្សប្រឆាំងដ៏ធំមួយនៅក្នុងប្រទេសថៃ គឺគណបក្សឆ្ពោះទៅអនាគត​(Future Forward Party) ដោយសារតែគណបក្ស​នេះបានទទួលប្រាក់ពីប្រធានគណបក្ស​លោកថាណាថន ចងរុងរឿងគីត(Thanathorn Juangroongruangkit) ជាហិរញ្ញប្បទានសម្រាប់យុទ្ធនាការនយោបាយរបស់ខ្លួន។ ការប្រកាសាលដីការនេះធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ បានដាក់ពាក្យប្ដឹងទៅតុលាការចោទប្រកាន់ថាគណបក្ស​ រំលោភលើមាត្រា៧២នៃច្បាប់ស្ដីពីគណបក្ស​នយោបាយឆ្នាំ២០១៧។

នៅក្នុងមាត្រានេះបានហាមប្រាមមិនឲ្យគណបក្សនយោបាយ ឬបុគ្គល​មាន​​មុខតំណែង​នៅក្នុងគណបក្សនយោបាយ ទទួលយកប្រាក់បរិច្ចាក ទ្រព្យសម្បត្ដិ ឬអត្ថប្រយោជន៍ផ្សេងៗ ពីភាគីណាមួយឡើយ នៅពេលដែលដឹងថាត្រូវបានគេផ្ដល់ឲ្យ​ដោយខុសច្បាប់ ឬសង្ស័យថាទទួលបានពីប្រភព​ខុសច្បាប់។ ការចោទប្រកាន់លើគណបក្សនេះ ក្រោយពេលដែលគណបក្សបានទទួលយកប្រាក់ចំនួន១៩១លានបាត ស្មើនឹង៦លានដុល្លារអាមេរិកពីលោកថាណាថនដោយផ្ទាល់ ដើម្បីទ្រទ្រង់ដល់យុទ្ធនាការឃោសនាបោះឆ្នោត មុ​នការបោះឆ្នោតជាសកល​កាលពីថ្ងៃទី២៤​ ខែមីនាឆ្នាំមុន។

ក្រៅពីការរំលាយគណបក្សហើយ សមាជិកនៃគណៈកម្មាធិការប្រតិបត្ដិក្នុងបក្សចំនួន១៦រូប​ ក្នុងនោះមានប្រធានគណបក្សលោកថាណាថននិងសហស្ថាបនិកបក្សផងដែរ ត្រូវហាមមិនឲ្យ​ធ្វើនយោបាយរយៈ​ពេល១០ឆ្នាំ។ បម្រាមនេះចាប់ផ្ដើមមានប្រសិទ្ធភាពពីថ្ងៃទី២១កុម្ភៈឆ្នាំ២០២០ រហូតដល់ឆ្នាំ២០៣០ទើបពួកគេមានសិទ្ធិចូលធ្វើនយោបាយវិញ។

សូមបញ្ជាក់ថា គណបក្សឆ្ពោះទៅអនាគតបានបង្កើតឡើង​ក្នុងឆ្នាំ២០១៨ ជាគណបក្ស​ដែលទទួលបានការគាំទ្រយ៉ាងផុសផុល​ និងមានមេដឹកនាំជាអ្នកគាំទ្រពេញទំហឹងលើ​លទ្ធិប្រជាធិបតេយ្យ។ គណបក្សក៏ធ្លាប់បានរិះគន់យ៉ាងចាស់ដៃលើរដ្ឋាភិបាល​របស់លោកនាយករដ្ឋមន្ដ្រី​ប្រាយុទ្ធ ចាន់អូចា រហូតមានបណ្ដឹងផ្លូវច្បាប់ជាង២០ប្រឆាំងគណបក្សនេះ៕ ​

 ពាក្យគន្លឹះ  ថៃរំលាយគណបក្ស

ព័ត៌មានផ្សេងទៀត