ថៃស្រីនាងត្រូវតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ន

21-02-2020 5:41 pm 229

ស្រ្ដីឈ្មោះវ៉ែនរចនា ហៅថៃស្រីនាង ដែលជាអ្នកលក់ផលិតផលតាមប្រព័ន្ធឡាញនោះ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ។ ស្រ្ដីឈ្មោះថៃស្រីនាង ត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ តាមបញ្ញត្តិមាត្រា៣៨,មាត្រា៣៩ ច្បាប់ស្តី”ពីអាជីវកម្មផ្លូវភេទ”និងបញ្ញត្តិមាត្រា២៤៩ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាប ថា ថៃ ស្រីនាង ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បញ្ជូនទៅតុលាការ នៅវេលាម៉ោង៣ និង៣០នាទី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ បន្ទាប់ពីបានឃាត់ខ្លួនកាលពីថ្ងៃពុធ ក្នុងករណីផុសរូបភាពស៊ិចស៊ី ព្រមទាំងផុសរូបភាព និងសំភារ:អាសអាភាស។

កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ស្រ្ដីឈ្មោះថៃស្រីនាងត្រូវបានសមត្ថកិច្ចនាំខ្លួន យកមកធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាចំពោះកំហុសឆ្គងដែលគាត់បានផុសរូបភាព និងវីដេអូខ្លីប ដែលធ្វើឲ្យប៉ះពាល់ដល់ទំនៀមទំលាប់ប្រពៃណី ជាពិសេសប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់ស្ត្រីខ្មែរ និងបានយល់ព្រមថតជាវីដេអូ ដើម្បីសុំទោសជាសាធារណ:នូវកំហុសរបស់ខ្លួន។

បន្ទាប់ពីធ្វើកិច្ចសន្យា និងសារភាពកំហុសរួច នៅវេលាម៉ោង១១ និង៣០នាទី ក៏បានអនុញ្ញាតអោយត្រឡប់ទៅផ្ទះវិញ។ ស្រាប់តែម៉ោង ២ និង៣៥នាទីរសៀលថ្ងៃដ៏ដែលថៃ ស្រីនាង នៅតែមិនរាងចាល ថែមទាំងផុសរូបអាក្រាតកាយ ដែលស្លៀកតែខោលីអូ។

ក្រោយមកទៀតដោយមានការឯកភាពយល់ព្រមពីលោកគុជ គីមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង៤និង ២០នាទីល្ងាច ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះទៅនាំខ្លួនថៃ ស្រីនាងម្តងទៀតដើម្បីរៀបចំសំណុំឯកសារបញ្ជូនបន្តទៅតុលាការ និងអនុវត្តតាមនីតិវិធីច្បាប់៕ 

ព័ត៌មានផ្សេងទៀត