មន្ដ្រី​សន្ដិសុខ​៖​​រុស្ស៊ី​កំពុង​​ត្រៀម​ជួយ​​លោក​ត្រាំ​​ទៀត​​ក្នុង​ការបោះឆ្នោត​​ឆ្នាំនេះ​

21-02-2020 3:57 pm 329

​មន្ដ្រី​សហព័ន្ធ​ស៊ើបការណ៍​សម្ងាត់​អាមេរិក និង​ជា​មន្ដ្រី​សន្ដិសុខ​ជាន់ខ្ពស់​នៃ​ការងារ​បោះឆ្នោត បាន​ថ្លែងប្រាប់​ទៅកាន់​សមាជិកសភា​កាលពី​សប្ដាហ៍​មុន ដោយ​ព្រមាន​ពួកគេ​ថា​សហព័ន្ធ​ស៊ើបការណ៍​សម្ងាត់​ជឿជាក់​រុស្ស៊ី​បាន​ត្រៀម​រួចជាស្រេច ចូល​ជ្រៀតជ្រែក​ការបោះឆ្នោត​អាមេរិក​ក្នុង​ឆ្នាំ​២០២០​នេះ​ទៀត​។ ចេតនា​របស់​រុស្ស៊ី​គឺ​ចង់​ជួយ​លោក​ដូណាល់ ត្រាំ​ឲ្យ​ឈ្នះឆ្នោត​ក្នុង​អាណត្ដិ​ទីពីរ នេះ​បើតាម​ការបញ្ជាក់​ពី​ប្រភព​ចំនួន​បី​មិន​បញ្ជាក់​អត្ដ​សញ្ញាណ​។​

​តាម​ការចុះផ្សាយ​ដំបូង​ដោយ​កាសែត​The New York Times ពេល​ថ្លែង​ទៅកាន់​សមាជិកសភា​កាលពី​សប្ដាហ៍​មុន​នោះ លោក​សែ​ល​ប៊ី ផៀ​សិន​(Shelby Pierson)​ជា​មន្ដ្រី​សន្ដិសុខ​ផ្នែក​ការងារ​បោះឆ្នោត បាន​លើកឡើងថា​ទិដ្ឋភាព​ជារួម​ដែល​រុស្ស៊ី​កំពុង​ប្រឹងប្រែង​ជួយ​លោក​ត្រាំ​ក្នុង​ការបោះឆ្នោត​ជាថ្មី រួមមាន​ការវាយប្រហា​រ​តាម​អ៊ី​ន​ធឺ​ណេត យក​បណ្ដាញ​សង្គម​ធ្វើជា​អាវុធ និង​វាយប្រហារ​លើ​រចនាសម្ព័ន្ធ​នៃ​ការបោះឆ្នោត​។ នេះ​បើតាម​ការបញ្ជាក់​ពី​ប្រភព​មួយ​។ 

​នៅក្នុង​សុន្ទរកថា​បាន​គូសបញ្ជាក់​ទៀតថា​រុស្ស៊ី​ពេញចិត្ដ​លោក​ត្រាំ ប៉ុន្ដែ​ការជួយ​លោក​ត្រាំ​មិនមែនជា​រឿង​តែមួយ​ដែល​រុស្ស៊ី​សុខចិត្ដ​ធ្វើ​ដូច្នេះឡើយ វា​បាន​រុញច្រាន​ឲ្យមាន​សំណួរ​ចោទ​សួរពីភាព​ត្រឹ​មនៃការ​បោះឆ្នោត​របស់​អាមេរិក​ផងដែរ​។ នេះ​ជាការ​បញ្ជាក់បន្ថែម​ពី​ប្រភព​ដដែល​។ 

​ជុំវិញ​ករណី​នេះដែរ​មន្ដ្រី​ផ្នែក​សន្ដិសុខ​ម្នាក់នៃ​រដ្ឋបា​ល​របស់លោក​ដូណាល់ ត្រាំ​បាន​ប្រាប់​បណ្ដាញសារព័ត៌មាន​CNN​ថា លោក​ផៀ​សិន​ទំនងជា​ភាន់ច្រលំ​លើ​ព័ត៌មាន​ដែលថា​រុស្ស៊ី​ចូលចិត្ដ​លោកត្រាំ​ហើយ​។ ការបកស្រាយ​ដែល​សម​ហេតុផល​ជាង​នេះ គឺ​មិនមែនជា​ការចូលចិត្ដ​ទេ គឺ​ដោយសារតែ​រុស្ស៊ី​យល់ថា​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​ជា​មនុស្ស​អាច​ធ្វើការ​ជាមួយគ្នា​បាន ពោលគឺ​លោក​ជា​អ្នកដោះស្រាយ​បញ្ហា​។ ដូច្នេះ​លោក​សែ​ល​ប៊ី ផៀ​សិន​ប្រហែលជា​ប្រើប្រាស់​ឥរិយាបថ​ខុសឆ្គង​ហើយ​។​

​ចំពោះ​លោក​ដូណាល់ ត្រាំ​ក៏​មិន​សប្បាយចិត្ដ​នឹង​ព័ត៌មា​ន​នេះ​ដូចគ្នា ដោយ​ប្រតិកម្ម​យ៉ាងខ្លាំង​ចំពោះ​របាយការណ៍​ដែល​សហព័ន្ធ​ស៊ើបការណ៍សម្ងាត់​បាន​យកទៅ​ប្រកាស​ក្ដែងៗ​មុខ​សមាជិកសភា​។ រីឯ​អតីតមន្ដ្រី​ស៊ើប​ការណ៍​ជាន់ខ្ពស់​ម្នាក់ទៀត​បានលើកឡើង​ថា អ្វីដែល​សហព័ន្ធ​ស៊ើបការណ៍​មើលឃើញ​ពួកគេ​ចាត់ទុកជា​ការពិត ប៉ុន្ដែ​សេចក្ដីថ្លែងការណ៍​ដែល​គ្មាន​ការវិនិច្ឆ័យ​ដូច្នេះ ត្រូវបាន​គេ​មើលឃើញថា​ប៉ះពាល់​ដល់​ភាពជា​ប្រធានាធិបតី​ស្របច្បាប់​របស់លោក​ដូណាល់ ត្រាំ​ទៅវិញ​ទេ​។​

​លោក​ជែម ខ្លេព​ព័​រ​(James Clapper)​ដែល​ធ្លាប់​បម្រើការ​ជា​ប្រធាន​ក្រុម​ស៊ើបការណ៍​សម្ងាត់​ជាតិ​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក​បា​រ៉ាក់ អូ​បា​ម៉ា បាន​ប្រាប់​បណ្ដាញសារព័ត៌មាន​CNN​ថា ពិតជា​អាច​ទាយ​ទុក​មុន​ថា​រុស្ស៊ី​នឹង​ព្យាយាម​ចូល​ជ្រៀតជ្រែក​ការបោះឆ្នោត​ម្ដងទៀត​។ វា​មិនមែនជា​រឿង​គួរឲ្យភ្ញាក់ផ្អើល​ខ្លាំង​នោះទេ ប៉ុន្ដែ​វា​បានបង្ហាញ​ពី​បញ្ហា​ប្រឈម​ដ៏​ធំ ដែល​សហព័ន្ធ​ស៊ើបការណ៍​សម្ងាត់​កំពុង​ស្វែងរក​ការពិត​ទាំង​ប្រធានាធិបតី​មិន​ចង់​លឺ​។​

​គួររម្លឹកថា ករណី​រុស្ស៊ី​ជ្រៀតជ្រែក​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក ក៏​ធ្លាប់​ផ្ទុះ​ការចោទប្រកាន់​រួចមកហើយ​ក្នុង​ការបោះឆ្នោត​ឆ្នាំ​២០១៦​។ កាលនោះ​លោក​ត្រាំ​រង​ការចោទប្រកាន់ថា​ជាប់ឆ្នោត​ព្រោះតែ​រុស្ស៊ី​ជួយ ដើម្បី​បំបាក់​ដៃគូ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​គឺ​អ្នកស្រី​ហ៊ីល​ឡា​រី គ្លី​ន​តុ​ន​។ ពេលនោះ​ក៏​ជំរុញឲ្យមាន​ការស៊ើបអង្កេ​ត​ទ្រង់ទ្រាយ​ធំ​ផងដែរ ប៉ុន្ដែ​លោក​ដូណាល់ ត្រាំ​បានប្រកែក​ដាច់អហង្ការ​មិន​ទទួលយក​ការចោទប្រកាន់​ដាច់ខាត​៕

ព័ត៌មានផ្សេងទៀត