អ្នកដំណើរ​សេសសល់​លើ​នាវា​Westerdam​ប្រមាណ​១,៥៨០​នាក់​គ្មាន​ផ្ទុក​វីរុស​កូរ៉ូណា​ទេ​

21-02-2020 11:44 am 238
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រសួង​សុខាភិបាល​បាន​ចេញ សេចក្ដីប្រកាស​ព័ត៌មាន ស្ដី​ពី​បច្ចុប្បន្នភាព​ចុងក្រោយ នៃ​សុខភាព​អ្នកដំណើរ​លើ​នាវា​វេស​ស្ទឺ​ដា​ម (Holland America MS Westerdam) ដែល​នៅ​សេសសល់​មាន​ចំនួន​សរុប​ទាំងអស់ ១,៥៨០​នាក់ នៅ​រាជធានី​ភ្នំពេញ និង ខេត្ត​ព្រះសីហនុ ក្រោយពី​បាន​ធ្វើ​តេស្ត​ឃើញថា អវិជ្ជមាន​វីរុស​កូរ៉ូណា​ថ្មី (COVID-19)​។ 

​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ចេញ នៅ​ថ្ងៃ​ទី​២០​កុម្ភៈ​បញ្ជាក់ថា រហូតដល់​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២០​កុម្ភៈ កម្ពុជា​នៅតែ​មិន​ទាន់​រកឃើញ​វិជ្ជមាន​លើ​អ្នកទេសចរ និង​អ្នក​បម្រើកា​រលើ​នាវា​ទេសចរណ៍​យក្ស​Westerdam ដែល​ត្រូវបាន​ធ្វើតេស្ត​ឡើង​វិញ​ចំនួន​ជាង​១,៥៨០​នាក់ ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​។ ពោល​គឺ​អ្នកទេសចរ​និង​អ្នក​បម្រើការ​ទាំងអស់នោះ គ្មាន​ផ្ទុក​វីរុស​កូរ៉ូ​ណា​នៅ​ក្នុង​ខ្លួន​ឡើយ​។​

សំណាក​អ្នកដំណើរ​តាម​នាវា​ទេសចរ​វេស​ស្ទឺ​ដាម​សេសសល់​សរុប​ចំនួន​៨០៤​នាក់ អ្នកដំណើរ​តាម​នាវា​ទេសចរ​ដែល​បាន​ធ្វើ​តេស្ត​កាលពី​ថ្ងៃ​ទី​១៤​ចំនួន​២០​នាក់ និង​អ្នក​បម្រើកា​រលើ​នាវា​សរុប​ចំនួន​៧៧៨​នាក់ សុទ្ធតែ​ទទួលបាន​លទ្ធផល​អវិជ្ជមាន​វីរុស​កូរ៉ូណា​(COVID-19)​។ ចំពោះ​ស្ថានភាព​សុខភាព​ទូទៅ​របស់​អ្នកដំណើរ និង​អ្នក​បម្រើការ​ទាំងអស់ មិន​មាន​បញ្ហា​គួរ​ឲ្យ​កត់​សម្គាល់ទេ គឺ​មាន​សុខភាព​ធម្មតា និង​មិន​មាន​អ្នក​ឡើង​កម្ដៅ​ខ្លួន​ឡើយ​។ 

​គិត​ចាប់ពី​ថ្ងៃ​ដែល​នាវា​បាន​ចាកចេញ​ពី​ទីក្រុង​ហុងកុង​មក គឺ​មាន​រយៈពេល​២០​ថ្ងៃ​ហើយ​បើ​គិត​ត្រឹម​ថ្ងៃ​ទី ២០​កុម្ភៈ  ហើយ​មកទល់ពេលនេះ​មិន​មាន​ប្រជាជន​កម្ពុជា​ណា​ម្នាក់ ត្រូវបាន​រកឃើញ​ថា​មាន​ផ្ទុក​វីរុស​កូរ៉ូណា​ថ្មី​នោះឡើយ​។ ប្រតិ​ប​តិ្ត​ការ​សុខាភិបាល​ដែល​ក្រសួង​កំពុង​ធ្វើ​នេះ គឺ​មាន​ការសហការ​គ្នា​យ៉ាង​ជិតស្និត​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​(WHO) មជ្ឍមណ្ឌល​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺឆ្លង​សហរដ្ឋអាមេរិក (US CDC) វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ស្ថានទូត​ពាក់ព័ន្ធ និង​ផ្នែក​ផ្សេងៗ​ទៀត​។​

​សូមបញ្ជាក់​ថា កន្លង​មក​ប្រទេស​ម៉ាឡេស៊ី​បាន​ធ្វើ​តេស្ត​ចំនួន​២​ដង​កាលពី​ថ្ងៃ​ទី​១៥ និង​១៦ ខែ​កុម្ភៈ លើ​ស្ត្រី​ជនជាតិ​អាមេរិក វ័យ​៨៣​ឆ្នាំ ដែល​ចុះ​ពី​នាវា​Westerdam​ហើយ​ចាកចេញ​ពី​កម្ពុជា​ឆ្ពោះ​ទៅ​ម៉ាឡេស៊ី ហើយ​បញ្ជាក់ថា​ស្ត្រី​រូប​នេះ​មាន​ផ្ទុក​វីរុស​កូរ៉ូណា​។ ប៉ុន្ដែ​ភាគី​កម្ពុជា​នៅតែ​មិន​អស់ចិត្ត​ពី​លទ្ធផល​វិជ្ជមាន​លើ​ស្ត្រី​ជនជាតិ​អាមេរិក ដោយ​កម្ពុជា មើលឃើញ​ថា​មាន​ភាពមិនប្រក្រតី តម្រូវឱ្យ​មាន​ការ​ធ្វើ​តេស្ត​ឡើងវិញ​តាម​ស្តង់ដា​អន្តរជាតិ Pasteur CAMBODIA, WHO ឬក៏ USCDC ។ 

​សូម​ជម្រាប​ជូន​ថា វីរុស​កូរ៉ូណា​ដែល​ផ្ទុះ​ឡើង​ដំបូង​ក្នុង​ទីក្រុង​វូ​ហាន​ប្រទេស​ចិន បាន​ឆក់យក​ជីវិត​មនុស្ស​ជាង​២,០០០​នាក់​ហើយ និង​ករណី​ឆ្លង​រាលដាល​កើនឡើង​ដល់​ជាង​៧៦,០០០​នាក់​នៅលើ​ពិភពលោក​។ ប៉ុន្តែ​ក្នុង​ចំណោម​អ្នក​ស្លាប់​និង​អ្នក​ឆ្លង​ទាំងនោះ​ភាគច្រើន​លើសលប់​គឺជា​ជនជាតិ​ចិន​៕ 

ព័ត៌មានផ្សេងទៀត