ក្រសួង​វប្បធម៌​ព្រមាន​ចាត់វិធានការ​លើ​អ្នកចម្លង​ស្នាដៃ​មរតក​ដើម​ដោយ​គ្មាន​ការអនុញ្ញាត​

21-02-2020 9:26 am 215

​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ព្រមាន​ថា​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ចំពោះ​អ្នក​រំលោភ​បំពាន​ស្នាដៃ​អក្សរសាស្ត្រ សិល្បៈ ឬ​តូរ្យតន្ត្រី គ្មាន​អ្នក​ទទួល​មរតក ឬ​គ្មាន​មរតក​សាសន៍​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ចេញ​កាលពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២០​។​

​យោងតាម​សេចក្ដីប្រកាស​នេះ អ្នកនិពន្ធ ផលិតករ​ភាពយន្ត វីដេអូ ផលិតករ​ហ្វូ​ណូ​ក្រាម អង្គភាព​ទូរ​ផ្សាយ​(​វិទ្យុ ទូរទស្សន៍​) សិល្បករ សិល្បការិនី បណ្ដា​ក្រុមហ៊ុន​ផលិតកម្ម និង​បុគ្គល​មួយចំនួន​ទាំង​នៅក្រៅ និង​ក្នុង​ប្រទេស​ទាំងអស់ ដែល​យក​ស្នាដៃ​គ្មាន​អ្នក​ទទួល​មរតក ឬ​មរតកសាសន៍ ទៅ​ផលិត សម្ដែង ថត​បញ្ចូល​ទៅ​ជា​សោតទស្សន៍ ដើម្បី​ចែកចាយ និង​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ទូរ​ផ្សាយ និង​បណ្ដាញ​សង្គម​ផ្សាយ ដោយ​ពុំ​មាន​ការអនុញ្ញាត​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ គឺជា​អំពើ​ខុសច្បាប់​។ 

​ក្រសួង​បញ្ជាក់ថា ប្រការនេះ អ្នកនិពន្ធ ម្ចាស់​អង្គភាព​ទូរ​ផ្សាយ  ក្រុមហ៊ុន​ផលិតកម្ម ផលិត​ករ សិល្បករ សិល្បការិនី និង​បុគ្គល​មួយចំនួន​ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​រាល់​សកម្មភាព​រំលោភ​បំពាន​ខាងលើ ដើម្បី​ចូលរួម​គោរព​ច្បាប់​ស្ដីពី “​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល​”​។ ហើយ​ក្នុង​ករណី នៅតែ​រំលោភបំពាន ក្រសួង​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​។ ការចាត់វិធានការ​ជាយថាហេតុ ក្នុង​បំណង​ការពារ និង​លើកស្ទួយ​ស្នាដៃ​ដើម និង​ស្នាដៃ​ថ្មីៗ​ខាង​វិស័យ​វប្បធម៌ ដែល​ជា​ផ្នែក​មួយ​ក្នុង​ការជំរុញ​ឧស្សាហកម្ម​វប្បធម៌​នៅ​កម្ពុជា​ឲ្យមាន​ការរីកចម្រើន​៕​

ព័ត៌មានផ្សេងទៀត