ចិន​ព្រមាន​ចាត់វិធានការ​បន្ថែម​ប្រឆាំង​កាសែត​អាមេរិក​មួយ ក្រោយ​បណ្តេញ​អ្នកកាសែត​៣​នាក់​

20-02-2020 5:34 pm 310

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក Geng Shuang នៅ​ថ្ងៃ​ព្រហស្បតិ៍ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ចិន​នៅតែ​រក្សាទុក​វិធានការ​ប្រឆាំង ចំពោះ​កាសែត the Wall Street Journal របស់​អាមេរិក​។ ប៉ុន្តែ​លោក​មិន​បានបញ្ជាក់ អំពី វិធានការ​ប្រឆាំងនឹង​ស្ថាប័ន​កាសែត​ដ៏​ល្បី​មួយ​នេះ​របស់​អាមេរិក​ទេ​។ វិធានការ​ដែល​បានប្រកាស ធ្វើឡើង​បន្ទាប់ពី​ចិន​ទើបតែ​បាន​ដកហូត​អាជ្ញាប័ណ្ណ​ធ្វើការ របស់​អ្នកសារព័ត៌មាន​៣​រូប របស់​អាមេរិក​កាលពី​ថ្ងៃ​ពុធ ព្រមទាំង​បណ្តេញ​អ្នកកាសែត​ទាំង​បីនាក់ ឲ្យ​ចាកចេញ​ពី​ប្រទេស​ចិន ក្នុង​រយៈពេល​៥​ថ្ងៃ​ទៀតផង​។ អ្នកកាសែត​ទាំង​បីនាក់​នោះ រួមមាន​អនុប្រធាន​ការិយាល័យ​កាសែត​ប្រចាំ​ក្រុង​ប៉េកាំង លោក Josh Chin និង​អ្នកកាសែត Chao Deng និង​អ្នកសារព័ត៌មាន​លោក Philip Wen​។​

​ពាក់ព័ន្ធ​នឹង​ការបណ្តេញ​អ្នកកាសែត​អាមេរិក​ទាំង​បីនាក់ រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​លោក Mike Pompeo បាន​ថ្កោលទោស​ការសម្រេចចិត្ត​បណ្តេញ​អ្នកកាសែត និង​និយាយ​ការពារ​សេរីភាព​នៃ​ការបញ្ចេញមតិ ថា “​ប្រទេស​ដែលមាន​ភាពចាស់ទុំ មាន​ការទទួលខុសត្រូវ​យល់ថា សារព័ត៌មាន មាន​សេរីភាព​រាយការណ៍ អំពី ការពិត​និង​ការបញ្ចេញមតិ ហើយ​ការឆ្លើយតប​ដ៏​ត្រឹមត្រូវ គឺជា​ការបង្ហាញ​នូវ​អំណះអំណាង​ផ្ទុយ មិនមែន​ដាក់​កម្រិត​នៅក្នុង​ការនិយាយ​ទេ​”​។ លោក​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ឆ្លើយតប​វិញ​ថា “ បញ្ហា​នេះ​មិនមែន​និយាយ​ពី​សេរីភាព​នៃ​ការបញ្ចេញមតិ​នោះទេ តែ​និយាយ អំពី អត្ថបទ​មួយ​ដែល​និយាយ​បង្ខូច​ឈ្មោះ ធ្វើឲ្យ​ប្រទេ​សចិន​ត្រូវគេ​ស្អប់ខ្ពើម​”​។ 

​គួរ​ជម្រាបជូន​ថា ចិន​ខឹង​នឹង the Wall Street Journal ចេញផ្សាយ​ចំណងជើង​អត្ថបទ​មួយ​ដែល​ចិន​ចាត់ទុកថា មាន​ចរិត​រើសអើង​ជាតិ​សាសន៍​។ ចំណងជើង​អត្ថបទ​សរសេរ​ជា​ភាសា​អង់គ្លេស​ថា “China Is the Real Sick Man of Asia”  និង​មានន័យ​ជា​ភាសា​ខ្មែ​រថា “ ចិន​ជា​អ្នកជំងឺ​អាស៊ី​ពិតប្រាកដ​មែន​” ។ អត្ថបទ​នេះ​បាន​សរសេរ​រៀបរាប់​ពី​ចំណុច​ជាច្រើន ពាក់ព័ន្ធ​នឹង​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មីឬ​កូវី​ដ​-១៩ (Covid-19) ដែល​បាន​ផ្ទុះឡើង​កាលពី​ចុងឆ្នាំ​២០១៩ ហើយ​រហូត​មកដល់ពេលនេះ បាន​ផ្តាច់ជីវិត​មនុស្ស​ជាង​២០០០​នាក់ និង​ឆ្លង​ជាង​៧​ម៉ឺន​នាក់​នៅក្នុង​ពិភពលោក​។ អត្ថបទ​នេះ ក៏បាន​សរសេរ​រិះគន់​ពី​របៀប​ដែល​ចិន ទប់ទល់​នឹង​ការផ្ទុះ​នៃ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​ផងដែរ​។ ចំណងជើង​អត្ថបទ​ដ៏​រសើប​នេះ ក៏បាន​ធ្វើឲ្យមាន​ការនឹកឃើញ​ឡើងវិញ នូវ​រឿង​ពី​អតីត​ដែល​មានការ​វាយតម្លៃថា ចិន​ជា​ជាតិ​សាសន៍​មួយ​ដែល​សំបូរ​ជំងឺ​និង​រស់នៅ​គ្មាន​អនាម័យ​។​

​ចិន​បាន​ទទូច​ម្តង​ហើយ​ម្តងទៀត​ឲ្យ​កាសែត the Wall Street Journal សុំទោស​និង​ស៊ើបអង្កេត​អ្នក​ដែល​ទទួលខុសត្រូវ ចំពោះ​ចំណងជើង “real sick man of Asia” ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី ៣ ខែ​កុម្ភៈ​។ ប៉ុន្តែ the Wall Street Journal បានប្រកែក​មិន​ព្រម​សុំទោស ហេតុនេះ​ទើបបានជា​ចិន​ប្រតិកម្ម​និង​ព្រមាន​ចាត់វិធានការ​ប្រឆាំងនឹង​កាសែត​មួយ​នេះ​បន្ថែមទៀត​នៅ​ពេលខាងមុខ​៕

ព័ត៌មានផ្សេងទៀត