វីរុស​​កូរ៉ូណា​​សម្លាប់​​មនុស្ស​​២,១២៧​នាក់​​ក្រោយ​ទើប​​ស្លាប់​​​ថ្មី​នៅ​កូរ៉េខាងត្បូង​​និង​អ៊ីរ៉ង់​

20-02-2020 4:51 pm 212
គ្រូពេទ្យ​នៅកូរ៉េខាងត្បូង

​កូរ៉េខាងត្បូង​បាន​រាយការណ៍​នៅ​ថ្ងៃទី​២០​កុម្ភៈ​នេះ​ថា មាន​មនុស្សម្នា​ក់បាន​ស្លាប់​ដោយសារតែ​ឆ្លង​វីរុស​កូរ៉ូណា​។ លោក​បាន​ស្លាប់​កាលពី​ថ្ងៃទី​១៩​កុម្ភៈ គឺ​ស្លាប់​ដោយសារ​ជំងឺ​រលាក​សួត​មុនពេល​គ្រូពេទ្យ​ប្រកាសថា​លោក​បាន​ឆ្លង​វីរុស​កូរ៉ូណា​។ ពេលនេះ​គ្រូពេទ្យ​កំពុង​ពិនិត្យ​សាកសព​បន្ថែម ដើម្បី​បញ្ជាក់ឲ្យ​កាន់តែច្បាស់​ពី​ការស្លាប់​របស់បុរស​រូបនោះ​។ កូរ៉េខាងត្បូង​ក៏មាន​ករណី​ឆ្លង​ចំនួន​១០៤​ករណី​ផងដែរ​។​

​ចំណែកឯ​នៅ​ប្រទេស​អ៊ីរ៉ង់​ឯណោះ​វិញ បាន​រាយការណ៍​កាលពី​ថ្ងៃទី​១៩​កុម្ភៈ​ថា មាន​មនុស្ស​ស្លាប់​ចំនួន​២​នាក់​ដែរ ក្រោយពេល​ពួកគេ​ឆ្លង​វីរុស​កូរ៉ូណា​។ អ្នកជំងឺ​ដែល​ស្លាប់​គឺជា​ជនជាតិ​អ៊ីរ៉ង់​ទាំងពីរ​នាក់ ហើយ​នេះ​ជា​ករណី​ស្លាប់​ដំបូង​បំផុត​នៅ​តំបន់​មជ្ឈិម​បូព៌ា​។ 

​សរុប​ចំនួន​មនុស្ស​ស្លាប់​ក្រោយ​ឆ្លង​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​នៅ​ទូទាំង​ពិភពលោក មាន​ចំនួន​២,១២៧​នាក់ និង​ឆ្លង​៧៥,៧៥២​នាក់​។ អ្នកស្លាប់​នៅ​ចិន​មាន​២,១១៨​នាក់ ឆ្លង​៧៤,៥៧៦​នាក់ និង​ជាសះស្បើយ​១៦,៣២៩​នាក់​។ ក្រៅពី​នៅ​ចិន កូរ៉េខាងត្បូង និង​អ៊ីរ៉ង់ នៅ​ជប៉ុន​ក៏មាន​ស្លាប់​ម្នាក់ ហុងកុង​ពីរ​នាក់ តៃវ៉ាន់​ម្នាក់ បារាំង​ម្នាក់ និង​ហ្វីលីពីន​ម្នាក់​៕

ព័ត៌មានផ្សេងទៀត