អ្នកជំនាញផ្នែកសេដ្ឋកិច្ច ណែនាំជំរើសចាត់ចែងលុយ៤យ៉ាងដល់យុវជន

20-02-2020 1:03 pm 290

លោកង៉ែត ជូ អ្នកជំនាញផ្នែកសេដ្ឋកិច្ច តាមរយៈគណនីហ្វេសប៊ុករបស់លោក បានណែនាំជំរើសចាត់ចែងលុយចំនួន៤យ៉ាង ជូនដល់យុវជននៅក្នុងប្រទេសកម្ពុជា ក្នុងការស្វែងយល់ ក៏ដូចជាចេះនូវរបៀបចាយវាយលុយផងដែរ។

ចំណុចទាំង៤យ៉ាងនោះរួមមាន៖

ជំរើសទី១៖ វិនិយោគលើការកសាងសមត្ថភាព តាមរយៈការរៀនបន្តឬរៀនបន្ថែមនូវជំនាញនានា ដើម្បីក្លាយខ្លួនទៅជាពលរដ្ឋល្អ ជាបុគ្គលដែលមានសមត្ថភាពខ្ពស់ និងរកចំណូលបានច្រើនជាងមុន។ នេះជាការវិនិយោគដ៏ប្រសើរបំផុត។

ជំរើសទី២៖ វិនិយោគប្រាក់ដើម្បីបង្កើតប្រាក់ ដូចជាវិនិយោគលើផ្សារហ៊ុន (Stocks) វិនិយោគលើអចលនទ្រព្យ វិនិយោគដោយចូលហ៊ុនបង្កើតអាជីវកម្មនានា។ នេះជាការវិនិយោគដ៏ប្រសើរទី២ បន្ទាប់ពីការវិនិយោគលើការកសាងសមត្ថភាពផ្ទាល់ខ្លួន។ ហើយការវិនិយោកក្នុងជំរើសទី២នេះក៏ជាមធ្យោបាយមួយជួយអោយសមត្ថភាពក្នុងការវិភាគ ការគិត និងការសំរេចចិត្តមានលក្ខណះល្អប្រសើរ និងទទួលបានបទពិសោធន៏ល្អៗផងដែរ។

ជំរើសទី៣៖ទិញផ្ទះបង់រំលស់ ឬសន្សំប្រាក់នៅធនាគារ។ ជាជំរើសល្អដែរព្រោះអ្នកអាចសល់ទ្រព្យ និងមានវិន័យហិរញ្ញវត្ថុល្អ ប៉ុន្តែមិនបានផ្តល់អោយអ្នកអាចកសាងសមត្ថភាពដូចការវិនកយោគតាមជំរើសទី១ និង​ទី២​នោះទេ។ ម្យ៉ាងវិញទៀត ផលចំណេញពីផ្ទះឡើងថ្លៃ ឬការប្រាក់ដែលទទួលបានពីធនាគារក៏ទាប។

ជំរើសទី៤៖ចាយវាយហ៊ឺហាតាមបែបជីវិតយុវវ័យភ្លេចខ្លួនដោយគិតថាខ្លួននៅក្មេងឬនៅលីវដូចជាទិញសម្ភារៈទំនើបៗ ចូលក្លឹប ចូលខារ៉ាអូខេ។ល។ នេះជាជំរើសដ៏អាក្រក់បំផុតដែលយុវជនខ្មែរមួយភាគធំកំពង់ប្រព្រឹត្ត​។ ខាតបង់ទាំងទ្រព្យធន ខាតបង់ទាំងពេលវេលា ខាតបង់ទាំងឱកាសកសាងសមត្ថភាព។ បើតាមលោកង៉ែត ជូ អ្នកជំនាញផ្នែកសេដ្ឋកិច្ច គឺយុវជនវៃឆ្លាតជ្រើសរើសជំរើសទី១ និងទី២ ដែលបានលើកឡើងខាងលើនេះ​៕ 

 ពាក្យគន្លឹះ  អ្នកជំនាញសេដ្ឋកិច្ច

ព័ត៌មានផ្សេងទៀត