អ្នកដំណើរ​តាម​នាវា​Diamond Princess២​នាក់ផ្ទុក​វីរុស​កូរ៉ូ​ណា​បានស្លាប់​

20-02-2020 10:57 am 230
នាវា​Diamond Princess

​ទីភ្នាក់ងារ​សារព័ត៌មាន​NHK​របស់​ជប៉ុន បាន​រាយការណ៍​នៅ​ថ្ងៃទី​២០​ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ ថា មាន​អ្នកដំណើរ​២​នាក់ ដែល​ជិះ​នៅក្នុង​នាវា​កម្សាន្ត​Diamond Princess បាន​ស្លាប់​ហើយ បន្ទាប់ពី​រកឃើញថា​មាន​ផ្ទុក​វីរុស​កូរ៉ូណា​។ អ្នកដំណើរ​ដែល​ស្លាប់​ទាំងពីរ​នាក់ គឺ​ប្រុស​ម្នាក់​និង​ស្រី​ម្នាក់ មាន​អាយុ​៨០​ឆ្នាំ ត្រូវបាន​គេ​បញ្ជូន​ចេញពី​នាវា​នៅ​ថ្ងៃទី ១១ និង​ទី ១២ ខែ​កុម្ភៈ មុនពេល​ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​

​អ្នកដំណើរ​ចំណាស់​ទាំងពីរ​នាក់ ដែល​ស្លាប់​ដោយសារតែ​វីរុស​កូរ៉ូណា ស្ថិតក្នុង​ចំណោម​អ្នកដំណើរ​៦២០​នាក់ ដែល​រកឃើញថា​មាន​ផ្ទុក​វីរុស​កូរ៉ូណា នៅក្នុង​នាវា​ទេសចរណ៍ Diamond Princess​។ នាវា​ខ្នាត​យក្ស​មួយគ្រឿង​នេះ បាន​ធ្វើដំណើរ​មកដល់​ឆ្នេរ​នៃ​ប្រទេស​ជប៉ុន​នៅ​ដើម​ខែកុម្ភៈ ផ្ទុក​មនុស្ស​ប្រហែលជា​ង​៣៧០០​នាក់ មកពី​ជាង​៥០​ប្រទេស​និង​តំបន់​ផ្សេងៗ​គ្នា ត្រូវបាន​ជប៉ុន​បង្ឃាំងទុកមិនឲ្យ​ចាកចេញទៅណា​ឡើយ តាំងពី​ថ្ងៃទី​៣​ខែ​កុម្ភៈ​។ ទុក​អ្នកដំណើរ​នៅ​ដាច់ដោយឡែក​១៤​ថ្ងៃ ដើម្បី​ធ្វើតេស្ត​រក​វីរុស​កូរ៉ូណា ក្រោយ​រកឃើញ​អ្នកដំណើរ​ម្នាក់​ដំបូង​គេ មាន​ផ្ទុក​វីរុស​នេះ​។ នៅ​ថ្ងៃ​ពុធ​ទី​១៩​ខែកុម្ភៈ​ជប៉ុន​ទើបតែ​អនុញ្ញាតឲ្យ​អ្នកដំណើរ ដែល​ធ្វើតេស្ត​រក​មិនឃើញ​វីរុស​កូរ៉ូណា ចាកចេញ​ពី​នាវា​នេះ​លើកដំបូង ហើយ​ក្រុម​បន្ទាប់​ចាប់ផ្តើម​ចាកចេញ​ជា​បណ្តើរៗ​នៅ​ថ្ងៃទី​២០​ខែកុម្ភៈ​នេះ​។ 

ប្រទេស​ជប៉ុន​ឈរ​នៅ​លំដាប់​លេខ​ពីរ​បន្ទាប់ពី​ចិន ដែលមាន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ច្រើនជាងគេ​។ បូក​ទាំង​អ្នក​ឆ្លង​នៅ​ខាងក្រៅ​នាវា ជប៉ុន​មាន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ចំនួន​៦៩៣​នាក់​ហើយ​៕​

ព័ត៌មានផ្សេងទៀត