ក្រុមហ៊ុនYes Seatelដាក់ដំណើរការសាកល្បងបច្ចេកវិទ្យា5G

20-02-2020 10:18 am 354

ក្រុមហ៊ុនYes Seatel(018) បានដាក់ដំណើរសាកល្បងបច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ទី៥(5G)កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាពលោកត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ លោកត្រាំ អ៊ីវតឹក បានឲ្យដឹងថា មកដល់បច្ចុប្បន្ននេះ មានប្រតិបត្តិករទូរគមនាគមន៍5Gមកពី៣១ប្រទេសនៅទូទាំងពិភពលោក ដែលបានដាក់ពង្រាយឲ្យប្រើប្រាស់បច្ចេកវិទ្យា5Gប្រកបដោយជោគជ័យ។

បើតាមលោកត្រំា អ៊ីវតឹក បច្ចេកវិទ្យា 5G បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងគំនិតផ្តួចផ្តើមលើវិស័យឌីជីថលនៅកម្ពុជា ក៏ដូចជានៅក្នុងបដិវត្ដឧស្សាហកម្ម 4.0។

លើសពីនេះទៅទៀត ចក្ខុវិស័យរបស់ផែនការមេបច្ចេក វិទ្យាគមនាគមន៍និងព័ត៌មាន អាស៊ានឆ្នាំ២០២០ នឹងជំរុញអាស៊ានឆ្ពោះទៅកាន់ការប្រកាន់យកសេដ្ឋកិច្ចឌីជីថល ដែលមានសុវត្ថិភាពខ្ពស់ ចីរភាព និងមានភាពរីកលូតលាស់ ហើយធ្វើឲ្យសហគមន៍អាស៊ាន ក្លាយជា សហគមន៍មួយមាននវានុវត្តន៍ភាពពេញលេញ និងរួមបញ្ចូលគ្នាតែមួយ។

ដើម្បីឆ្លើយតបនឹងចក្ខុវិស័យនេះក្រសួង កំពុងដំណើរការទៅមុខយ៉ាងល្អ ក្នុងការចេញអាជ្ញាបណ្ណវិសាលគមន៍5G ដល់ប្រតិបត្តិករ ហើយក្រសួងនឹងបន្តផ្តល់ការគាំទ្រដល់ប្រតិបត្តិករទូរគមនាគមន៍នៅកម្ពុជា ដើម្បីឲ្យបណ្តាខេត្តក្រុងទាំងអស់ បានទទួលប្រព័ន្ធសេវា5Gយ៉ាងឆាប់រហ័សផងដែរ៕ 

 ពាក្យគន្លឹះ  Yes Seatelបច្ចេកវិទ្យា5G

ព័ត៌មានផ្សេងទៀត