គណៈកម្មាធិការ​សិទ្ធិមនុស្ស​ផ្តល់​មេធាវី​ជូន​ស្ត្រី ដែល​មាន​ទារក​៥​ខែ​ស្លាប់​ក្នុង​ពន្ធនាគារ​

19-02-2020 5:20 pm 168

​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន ជុំវិញ​ការស្លាប់​របស់​ទារក​៥​ខែ ដែល​រស់នៅ​ក្នុង​ពន្ធនាគារ​ជាមួយ​ម្តាយ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​សម្រេច​ផ្តល់​មេធាវី​ការពារ​ក្តី ដោយ​ឥតគិតថ្លៃ​ជូន​ស្ត្រី​ជា​ម្តាយ​ដែល​កំពុង​ជាប់​ឃុំ​។ 

​តាម​សេចក្តីប្រកាស​ព័ត៌មាន របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ​នេះ បានឲ្យដឹងថា ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​ចាត់​ក្រុម​ការងារ​ស៊ើបអង្កេត ធ្វើ​ការប្រមូល ពិនិត្យ សិក្សា និង​វិភាគ​លើ​ព័ត៌មាន​និង​របាយការណ៍​បឋម និង​ចុះ​ស៉ើបអង្កេត​ដោយ​ផ្ទាល់​នៅ​នឹង​កន្លែង ដោយ​ជួប​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួមមាន​៖ ប្រធាន​ពន្ធនាគារ មន្ត្រី​ប៉ុស្តិ៍​សុខភាព ជន​ជាប់​ឃុំ​ដែល​នៅ​បន្ទប់​ជាមួយគ្នា​ចំនួន ២​រូប ម្តាយ​ទារិកា និង​ប្រធាន​អគារ ហើយ​ទទួលបាន​នូវ​លទ្ធផល​ដូចតទៅ​៖

១៖ ពិតជា​មាន​ករណី​ស្លាប់​របស់​ទារិកា អាយុ​៥​ខែ ជា​កូន​របស់​ស្ត្រី​ជាប់ឃុំ ដែល​ជាប់ចោទ​ពី​បទ​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​។ ទារិកា​រូបនេះ បាន​បញ្ជូន​ទៅ​ពិនិត្យ​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត នៅ​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២០ ដោយ​សណ្តក​ឆ្អឹង​១ រួច​មន្ទីរពេទ្យ ក៏​បញ្ជូន​បន្ត​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​។ នៅ​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០២០ ខាង​ពន្ធនាគារ​ក៏​បាន​បញ្ជូន​មក​មន្ទីរ​ពេទ្យ​កុមារ​ជាតិ មុន​ការ​ណាត់ជួប​ជា​លើក​ទី​២​។ នៅ​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០២០​ទារិកា​បាន​បញ្ជូន​មក​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ហើយ​បាន​ស្លាប់​នៅ​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០២០ វេលា​ម៉ោង ០៨៖៣០​នាទី​ព្រឹក ដោយ​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ​។​

២៖ ខាង​ពន្ធនាគារ​បាន​តាមដាន និង​បញ្ជូន​ទារិកា​ទៅ​ព្យាបាល​ដោយ​យកចិត្តទុកដាក់ គ្មាន​ការ​ធ្វេសប្រហែស​ម្តងណា​ឡើយ ប៉ុន្តែ​ដោយ​អាការៈ​របស់​ទារិកា​រូបនេះ មាន​សភាព​ធ្ងន់ធ្ងរ​ពេក ទើប​មិន​អាច​ជួយសង្គ្រោះ​បាន ហើយ​ខាង​ពន្ធនាគារ​ពិតជា​មាន​ការសោកស្តាយ​ចំពោះ​ការស្លាប់​របស់​ទារិកា​រូបនេះ​។​

៣៖ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​រកឃើញ​ថា​ស្ត្រី​ជាប់​ឃុំ​រូបនេះ មិន​បាន​ទទួល​ព័ត៌មាន​គ្រប់គ្រាន់​ពាក់ព័ន្ធ​នឹង សិទ្ធិ​ការពារ​ខ្លួន​តាម​ផ្លូវ​ច្បាប់​ឡើយ ដោយ​មិន​មាន​មេធាវី​ការពារ​ក្តី​ជូន​គាត់​។​

៤៖ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា សម្រេច​ផ្តល់​នូវ​មេធាវី​ការពារ​ក្តី តាម​ការស្នើសុំ​របស់​ស្ត្រី​ជាប់​ឃុំ​រូបនេះ ដោយ​ឥតគិតថ្លៃ និង​ចូលរួម​គ្រប់​ដំណើរការ​នីតិវិធី​របស់​តុលាការ ក្នុង​ការការពារ​សិទ្ធិ​របស់​ជន​ជាប់​ឃុំ​តាម​ផ្លូវច្បាប់ និង​ស្នើសុំ​ឱ្យ​ជន​ជាប់​ឃុំ​រូបនេះ​បាន​ស្ថិតនៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​ផងដែរ​៕

ព័ត៌មានផ្សេងទៀត