ពិតទេ គ្រាន់តែស្តាប់តន្រ្តីក៏អាចជួយដល់សុខភាព?

19-02-2020 4:43 pm 402
  ស្តាប់
ស្តាប់ជាសំឡេង

ពិតមែនតែតន្ត្រីត្រូវបានប្រគុំឡើងសម្រាប់កំដរអាម្មណ៍របស់មនុស្ស ប៉ុន្តែតន្រ្តីក៏ជាសិល្បៈមួយបែបដែលមិនត្រឹមតែផ្តល់ឱ្យយើងនូវអារម្មណ៍រីករាយប៉ុណ្ណោះទេ តែវាពិតជាបានផ្តល់អត្ថប្រយោជន៍ជាច្រើនយ៉ាងទៀតទៅលើផ្នែកសុខភាព ដែលមនុស្សជាច្រើនអាចមិនធ្លាប់ដឹងឬមិនធ្លាប់នឹកស្មានដល់។ តើអត្ថប្រយោជន៍ទាំងអស់នោះមានអ្វីខ្លះ? 

បើយើងសាកសួរទៅលើមនុស្សជាពិសេសយុវវ័យ ចំនួន១០០នាក់ ក្នុងនោះយ៉ាងហោចណាស់ក៏មាន៨០នាក់ដែរ ដែលពួកគេចូលចិត្តស្តាប់តន្រ្តី ជាពិសេសរាល់ពេលដែលមានបញ្ហាស្រ្តេសតានតឹង សម្ពាធការងារ បញ្ហាស្នេហា ការសិក្សា ឬបញ្ហាអ្វីផ្សេងៗទៀតជាដើម។ តន្រ្តីអាចជួយឲ្យអ្នកស្ដាប់មានអារម្មណ៍ធូរស្រាលនិងស្រស់ថ្លាឡើងវិញ។ បើតាមអ្នកជំនាញជាច្រើនក៏បានឲ្យដឹងថា ក្រៅពីជួយឲ្យអ្នកស្ដាប់មានអារម្មណ៍ល្អហើយនោះ តន្រ្តីក៏ផ្ដល់ប្រយោជន៍មិននឹកស្មានដល់ជាច្រើនយ៉ាងទៀតដល់សុខភាព។អត្ថប្រយោជន៍ទាំងនោះមានដូចជា៖

១ ជួយឲ្យការហាត់ប្រាណកាន់តែមានប្រសិទ្ធភាព

បើតាមអ្នកវិទ្យាសាស្រ្តជាច្រើនបានឲ្យដឹងថា បើសិនជាស្តាប់តន្រ្តីពេលកំពុងហាត់ប្រាណ នឹងធ្វើឲ្យអ្នកហាត់មិនសូវឆាប់ហត់អស់កម្លាំង ថែមទាំងបានធ្វើឲ្យការហាត់ប្រាណដើម្បីសុខភាពរបស់អ្នកកាន់តែបានរយៈពេលយូរជាងមុន។

២ ជួយបំបាត់ភាពតានតឹង និងអារម្មណ៍ទុក្ខសោក

តាមការស្រាវជ្រាវពីសាកលវិទ្យាល័យមួយនៅសហរដ្ឋអាមេរិកបានឲ្យដឹងថា ការស្ដាប់តន្ត្រីជាពិសេសបទចម្រៀងបែបសប្បាយៗ ពិតជាអាចជួយបំបាត់ភាពតានតឹង កាត់បន្ថយស្ត្រេស និងអាចជួយសម្រាលក្ដីទុក្ខសោកកង្វល់នៅក្នុងចិត្តមនុស្សបានយ៉ាងល្អប្រសើរ។

៣ ជួយដល់ស្រ្តីមានផ្ទៃពោះ

អំឡុងពេលពពោះ ស្រ្តីតែងតែគិតច្រើនពីនេះពីនោះ ដែលអាចបង្កទៅជាផលប៉ះពាល់ដល់សុខភាពផ្លូវកាយនិងផ្លូវចិត្តរបស់ស្រ្តីនិងទារកក្នុងផ្ទៃផងដែរ។ ដូចច្នេះអ្នកជំនាញជាច្រើនបានអះអាងថា ក្រៅពីរបបអាហារសុខភាព ស្រ្តីមានផ្ទៃពោះក៏អាចទទួលយកភាពរីករាយផ្នែកផ្លូវអារម្មណ៍ពីការស្ដាប់តន្ត្រី ដែលវាអាចជួយឲ្យអារម្មណ៍រីករាយភ្លេចអស់ទុក្ខកង្វល់ ថែមទាំងផ្ដល់ផលល្អដល់ទារកនៅក្នុងផ្ទៃផងដែរ។

៤ ជួយបញ្ចុះទម្ងន់

ពិតដែរទេថា គ្រាន់តែស្ដាប់តន្រ្តីអាចធ្វើឲ្យចុះទម្ងន់? ពិតណាស់ បើតាមការស្រាវជ្រាវមួយចំនួនបានបង្ហាញថាព្រោះតែភាពពិរោះ លន្លង់លន្លោចរបស់តន្ត្រី បានធ្វើឲ្យមនុស្សមិនសូវមានចំណង់អាហារនិង ទំពារអាហារយឺតៗនិងញុំាអាហារបានតិច។ មនុស្សដែលស្តាប់តន្រ្តីនៅពេលទទួលទានអាហារ ពួកគេអាចទទួលទានបានតិចជាងមុនដល់ទៅជិត២០ភាគរយឯណោះ បើធៀបនិងពេលធម្មតា។ ដូច្នេះវាពិតជាល្អខ្លាំងណាស់ បើអ្នកជ្រើសរើសយកវិធីបញ្ចុះទម្ថន់ដោយការស្ដាប់តន្រ្តីបណ្ដើរ ទទួលទានអារហារបណ្ដើរជំនួសឲ្យការប្រើប្រាស់ថ្នាំផ្សេងៗដើម្បីសម្រក ជៀសវាងមានផលប៉ះពាល់ដល់សុខភាព។

៥ ជួយកាត់បន្ថយសម្ពាធឈាម 

ការស្រាវជា្រវរបស់អាមេរិចបានបង្ហាញថា បើសិនជាអ្នកជ្រើសរើសយកការស្តាប់តន្រ្តីបានជារៀងរាល់ព្រឹកនិងរាល់ល្ងាច នោះវានឹងជួយអ្នកកាត់បន្ថយសម្ពាធឈាមថែមទាំងជួយទប់ស្កាត់វាឲ្យនៅកម្រិតទាបដដែល។

៦ បង្កើនសន្ទុះនៃប្រព័ន្ធភាពស៊ាំ 

អ្នកជំនាញបានឲ្យដឹងថា តន្រ្តីបែបជាប្រភេទបទចម្រៀងមួយចំនួន អាចបង្កើតឲ្យមានផលវិជ្ជមានទៅលើផ្លូវអារម្មណ៍ ដែលអាចជួយបង្កើនសន្ទុះនៃអរម៉ូនក្នុងប្រព័ន្ធភាពស៊ាំ ហើយវានឹងជួយកាត់បន្ថយកត្តាផ្សេងៗដែលបណ្តាលឲ្យអ្នកកើតជំងឺផងដែរ។ 

៧ ធ្វើឲ្យមានភាពសាមគ្គី

គេបានធ្វើតេស្តទៅលើមនុស្សជាង៣០០នាក់ ដោយចែកចេញជា២ក្រុម គឺអ្នកចម្រៀងនិងអ្នកភ្លេង។ ជាលទ្ធផល ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា សកម្មភាពនៃការច្រៀងឬការច្រៀងផងលេងភ្លេងផងរួមគ្នា ពិតជាបានផ្តល់នូវភាពរីករាយ ការយល់ចិត្តគ្នាបានយ៉ាងល្អពីមនុស្សទាំងនោះ។ អ្នកស្រាវជ្រាវបានពន្យល់ទៀតថា ការធ្វើអ្វីមួយរួមគ្នា វាបានសាងសាមគ្គីភាព ឯកភាពគ្នា ធ្វើឱ្យយើងមានអារម្មណ៍ល្អនិងបានលើកទឹកចិត្តឱ្យមនុស្សគ្រប់រូប មានភាពសប្បាយរីករាយធូរស្រាលអារម្មណ៍ទ្វេដង។

៨ ជួយបង្កើនការចងចាំ 

ពិតជាត្រឹមត្រូវណាស់ ការស្តាប់តន្រ្តីបណ្តើរ សិក្សាបណ្ដើរ ឬធ្វើការបណ្ដើរ ក៏បានចូលរួមចំណែកជួយបង្កើនសមត្ថភាពចងចាំរបស់អ្នកបានផងដែរ។ តែយ៉ាងណា អ្នកត្រូវរើសយកបទណាដែលមានអត្ថន័យល្អ បែបលើកទឹកចិត្តឬបទណាដែលពិរោះ ឬមានតែសាច់ភ្លេង។ មិនដូច្នេះទេ រឿងដែលអ្នកចងចាំប្រាកដជាអត្ថន័យក្នុងចម្រៀង ពុំមែនជាមេរៀននោះឡើយ។

៩ ជួយបង្កើនស្មារតីក្នុងពេលបើកបរ

ការសិក្សាមួយនៅប្រទេសហូឡង់បានបង្ហាញថា ការស្ដាប់តន្ត្រីធ្វើឱ្យអ្នកបើកបរកាន់តែមានអារម្មណ៍រឹងប៉ឹងឡើង។ សូមកុំគិតថាអ្នកបើកបរទាំងអស់មិនអាចស្តាប់តន្ត្រីបាន ព្រោះបើពួកគេបានស្តាប់ភ្លេងដែលគេចូលចិត្ត នោះអារម្មណ៍នឹងស្រស់ថ្លា នឹងនរ ថែមទាំងបំបាត់អាការៈងងុយគេងបានយ៉ាងមានប្រសិទ្ធភាពទៀតផង៕

ព័ត៌មានផ្សេងទៀត