សង្គម​ស៊ីវិល​ស្នើ​តុលាកា​រ​ពន្លឿន​ការកាត់ក្តី​និង​ដាក់ឲ្យ​នៅ​ក្រៅ​ឃុំ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​និង​មាន​កូនតូច​

19-02-2020 4:24 pm 172

​បន្ទាប់ពី​មាន​ករណី​ទារិកា​អាយុ​៥​ខែ​ម្នាក់​បាន​ស្លាប់ កាលពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០២០​រួចមក អង្គការ​លីកាដូ បាន​ចេញ​របាយការណ៍​មួយ​កាលពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ជុំវិញ​ការស្លាប់​របស់​ទារិកា​ខាងលើ ដែល​ត្រូវបាន​គេ​ដាក់​ឈ្មោះ​ឲ្យ​ក្រៅ​ថា​« ទេវី »​ដែល​នាង​បាន​រស់នៅ​ជាមួយ​ម្តាយ ក្នុង​ពន្ធនាគារ​ព្រៃ​ស​មុនពេល​ស្លាប់​។​

​ក្នុង​របាយការណ៍​របស់​អង្គការ​លីកាដូ បានឲ្យដឹងថា ស្ត្រី​ជា​ម្ដាយ​ក្មេងរងគ្រោះ ត្រូវបាន​បញ្ជូន​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​បណ្ដោះអាសន្ន​រង់ចាំ​សវ​នា​ការ កាលពី​ពាក់កណ្ដាល​ឆ្នាំ​២០១៩ បន្ទាប់​ពី​រង​ការចោទប្រកាន់​ពី​អាជ្ញាធរ​ថា​បាន​កាន់កាប់​កញ្ចប់​ថ្នាំញៀន​ប្រភេទ​មេ​តា​ហ្វេ​តា​មីន​ដែល​មាន​តម្លៃ​ត្រឹមតែ​មួយ​ម៉ឺន​រៀល ឬ​២.៥​ដុល្លារ​។ អ្នកស្រី​មិន​ត្រូវបាន​ផ្ដល់​មេធាវី​ការពារ​ក្ដី​ទេ ហើយក៏​មិន​បានដឹង​ពី​សិទ្ធិ​ក្នុង​ការស្នើ​សុំ​នៅក្រៅ​ឃុំ​ផង​ដែរ​។ ពេល​នោះ​អ្នកស្រី​មាន​ផ្ទៃពោះ​៨​ខែ នៅពេល​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​។​

​ពាក់ព័ន្ធ​ទៅនឹង​ការស្លាប់​របស់​កូន និង​ការឃុំខ្លួន​ស្ត្រី​ជា​ម្តាយ​អំឡុង​ពេល​ដែល​នាង​មាន​ផ្ទៃពោះ​នោះ ត្រូវបាន​អង្គការ​សង្គម​ស៊ីវិល​យល់​ឃើញ​ដូចគ្នា​ថា ជា​ទង្វើ​ដែល​មិន​សាក​សម ហើយក៏​បាន​ស្នើ​ដល់​ស្ថាប័ន​តុលាការ ក៏ដូចជា​ក្រសួង​ពាក់ព័ន្ធ ជួយ​ពន្លឿន​ដល់​ការកាត់ក្តី និង​ផ្តល់​លទ្ធភាពដល់ស្រ្តីដែលមានផ្ទៃពោះ និងមានកូនតូច ​អោយ​នៅក្រៅ​ឃុំ​ផង​ដែរ​។​

​បើ​តាម​លោក​អំ សំអាត នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ បាន​ប្រាប់​ដល់​វិទ្យុ​វាយោ​នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ​ថា ចំពោះ​ស្ត្រី​ដែល​មាន​ផ្ទៃពោះ រឺ​កូន​តូច​គួរតែ​មាន​បន្ទប់​សមរម្យ​មួយ​សម្រាប់​ពួកគាត់​។​

​ចំពោះ​ជន​ដែល​ងាយ​រងគ្រោះ​ដូច​ជា​ស្ត្រី​មាន​ផ្ទៃពោះ ស្ត្រី​ដែល​មាន​កូនតូច​នៅ​ជាមួយ និង​អនីតិជន លោក​អំ សំអាត បាន​ស្នើ​ឲ្យ​តុលាការ​គិតពិចារណា​ក្នុង​ការចោទប្រកាន់ ឬ​ការឃុំខ្លួន​ជា​បណ្តោះអាសន្ន ដោយ​សូម​អោយ​ការឃុំ​ខ្លួន​ជា​បណ្តោះអាសន្ន​នេះ​ជា​ជម្រើស​ចុង​ក្រោយ​សម្រាប់​ពួកគាត់​...

សំឡេង​លោក​អំ សំអាត​៖

​នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ ក៏​បាន​បញ្ជាក់បន្ថែម​ថា នៅពេលដែល​កើតមាន​ករណី​នៃ​ការស្លាប់​ទារិកា ដែល​មាន​អាយុ​ទើបតែ​៥​ខែ​នេះ លោក​ក៏​ស្នើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវមាន​វិធានការ​ទប់ស្កាត់​កុំឲ្យ​មាន​ករណី​នេះ​កើតឡើង​ជា​បន្ត​ទៀត​...

​សំឡេង​លោក​អំ សំអាត​៖

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ​លោក​ស៊ឹង សែន​ករុណា មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​របស់​សមាគម​សិទ្ធិមនុស្ស​អាដហុក ក៏​បាន​ឲ្យ​វិទ្យុ​វា​យោ​ដឹង​នៅ​ថ្ងៃទី​១៩ ខែ​កុម្ភៈ​ដែរ​ថា  ចំពោះ​ការឃុំខ្លួន​ស្ត្រី​ដែល​មាន​ផ្ទៃពោះ ឬក៏​មាន​កូន​តូច​នៅ​ជាមួយ លោក​ស្នើ​ឲ្យ​ស្ថាប័ន​តុលាកា​រ​ពន្លឿន​ការកាត់ទោស​ឲ្យបាន​ឆាប់រហ័ស និង​ឲ្យ​ពួកគេ​មាន​ឱកាស​នៅ​ក្រៅ​ឃុំ ដើម្បី​បាន​មើលថែទាំ​កូនតូចៗ​...

​សំឡេង​លោក​ស៊ឹង សែន​ករុណា​៖

​ចំពោះ​ការស្លាប់​ទារិកា​ខាងលើនេះ លោក​ករុណា ក៏​បាន​ទទូច​អោយ​អាជ្ញាធរ​ស្រាវជ្រាវ​លើ​បញ្ហា​នេះ ហើយ​បើ​រកឃើញ​ភាព​មិន​ប្រក្រតី​នោះ​អ្នក​ដែល​ពាក់ព័ន្ធ​ត្រូវតែ​ផ្តនា្ទទោស​តាមច្បាប់ ឬ​តាម​វិន័យ​រដ្ឋបាល ដើម្បី​កុំឲ្យ​រឿងនេះ​កើតមាន​ជា​ថ្មី​ទៀត​...​

​សំឡេង​លោក​ស៊ឹង សែន​ករុណា​៖

​ពាក់ព័ន្ធ​នឹង​ការស្លាប់​របស់​ទារិកា​នេះដែរ លោក​ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ក៏​បាន​បញ្ជា​ឲ្យ​ស៊ើបអង្កេត​ទៅលើ​ករណីនេះ​ផងដែរ​។​ចំណែក​លោក​នុត ស​វនា អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក្រសួងមហាផ្ទៃ បានបញ្ជាក់​ថា អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​កំពុង​ស៊ើបអង្កេត​លើ​ករណី​នេះ ហើយ​បើ​រកឃើញថា​មន្ត្រី​ពន្ធនាគារ​ណាមួយ​ធ្វេសប្រហែស គឺអាច​ប្រឈម​ការ​ដាក់​ពិន័យ​រដ្ឋបាល​។​

​សូម​ជម្រាប​ជូន​ដែរ​ថា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន កាលពី​ខែ​កុម្ភៈ​ឆ្នាំ​២០១៥​បាន​អំពាវនាវ​ឲ្យ​បង្កើត​គណៈកម្មាធិការ ដើម្បី​ផ្ដល់​ការលើកលែងទោស​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​ជាប់​ពន្ធនាគារ​ដែលមាន​កូនតូច​នៅ​ជាមួយ​។ ប្រមុខ​រដ្ឋាភិបាល ប្រកាសថា ករណី​នេះ​គួរ​ត្រូវបាន​ចាត់ទុក​ថា ជា​ជំហាន​ដំបូង​មួយ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា មិន​មាន​កុមារ​ផ្សេង​ទៀត​លូតលាស់​ធំធាត់​នៅក្នុង​ពន្ធនាគារ​កម្ពុជា​។​
​កាលពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩ លោកនាយក​រដ្ឋមន្ត្រី មានប្រសាសន៍​ម្ដងទៀត​ក្នុង​ការជំរុញឲ្យ​ក្រសួង​យុត្តិធម៌ និង​ក្រសួង​កិច្ចការនារី ពិនិត្យ​ឡើងវិញ​ពី​ស្ថានភាព​នៃ​ស្ត្រី​ជាប់​ឃុំ​ក្នុង​ដំណាក់កាល​ឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​។ 

ដោយឡែក នៅ​សប្ដាហ៍​នេះ លោកនាយក​រដ្ឋមន្ត្រី ក៏​បាន​អំពាវនាវ​ម្ដងទៀត ឲ្យ​ចាត់វិធានការ​ជាបន្ទាន់ ដើម្បី​ពន្លឿន​សវនាកា​ររបស់​ស្ត្រី​ដែល​កំពុង​ត្រូវបាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​បណ្ដោះអាសន្ន​រង់ចាំ​សវ​នា​ការ ក៏ដូចជា​ស្នើ​ឲ្យ​ជួល​សណ្ឋាគារ​ដើម្បី​បើក​សវនាការ​ជំនុំជម្រះ​ក្ដី​ប្រសិនបើ​សាល​សវនាការ​មិន​គ្រប់​។​

​សូម​បញ្ជាក់​ដែរ​ថា នៅ​ថ្ងៃ​ទី​២៥ ខែ​មករា ទេវី កាន់តែ​មាន​អាការៈ​ធ្ងន់ធ្ងរ​ខ្លាំង ដោយ​មាន​ការពិបាក​ដ​ក​ដង្ហើម នាង​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ​-​សូ​វៀត ជា​កន្លែង​ដែល​អ្នក​ទាំងនោះ​សម្អាត​ស្លេស និង​ថតកាំរស្មីអ៊ិច សួត​របស់​នាង​។ លុះដល់​ព្រឹក​ថ្ងៃ​២៦ ខែ​មករា ទេវី ពិបាក​ដកដង្ហើម​ជាខ្លាំង​។ នាង​ត្រូវបាន​បញ្ជូន​ទៅ​កាន់​បន្ទប់​សង្គ្រោះ​បន្ទាន់ ជា​កន្លែង​ដែល​វេជ្ជបណ្ឌិត​បាន​ព្យាយាម​យក​ស្លេស​ចេញពី​សួត​របស់​នាង និង​បាន​ធ្វើ​ចលនា​បេះដូង ប៉ុន្តែ​នាង​នៅតែ​មិន​ដឹង​ខ្លួន​។ បន្ទាប់មក ទេវី ត្រូវបាន​ដាក់​នៅក្នុង​ទូកញ្ចក់​បំពាក់​ជាមួយនឹង​អុកស៊ីសែន​។​៣​នាទី​ក្រោយមក នាង​ក៏​បាន​ស្លាប់​បាត់បង់​ជីវិត​។​ក្រោយ​ការស្លាប់ បុគ្គលិក​ពេទ្យ​បាន​ធ្វើ​កោសល្យវិច័យ​សាកសព​បាន​បង្ហាញថា ទារិកា​ទេវី​បាន​ស្លាប់​ដោយសារ​ជំងឺ​រលាក​សួត និង​កង្វះ​អាហារ​រូបត្ថ​ម្ភ​៕

 

 

 

 

 

ព័ត៌មានផ្សេងទៀត