ចន្លោះពេល​១០​ថ្ងៃ​ ​ថៃផ្ទុះ​ការបាញ់ប្រហារ​២​ករណី​ស្លាប់​មនុស្ស​៣០​នាក់​

19-02-2020 2:51 pm 152

​ករណី​បាញ់ប្រហារ​ចុងក្រោយ​កើតឡើង​នៅ​ថ្ងៃទី​១៨​ខែ​កុម្ភៈ នៅពេលដែល​បុរស​ម្នាក់​ចូលទៅក្នុង​គ្លីនិក​កែ​សម្ផស្ស​មួយ​នៅ​ផ្សារ​ទំនើប The Movie Plaza នៅ​ទីក្រុង​បាងកក ដែលជា​កន្លែង​អតីត​ភរិយា​របស់លោក​ធ្វើការ ហើយ​បាន​បើក​ការបាញ់ប្រហារ​សម្លាប់​អតីត​ប្រពន្ធ​របស់ខ្លួន​។ ក្រៅពី​បណ្តាលឲ្យ​មនុស្ស​ស្លាប់ ការបាញ់ប្រហារ​នេះ​ក៏​បណ្តាលឲ្យ​អ្នក​ដែល​នៅក្បែរ​ជនរងគ្រោះ​មួយចំនួ​ន​រងរបួស​ផងដែរ​។ ខ្មាន់កាំភ្លើង​ម្នាក់នេះ ត្រូវ​ប៉ូលិស​តាម​ប្រមាញ់​និង​ចាប់ខ្លួនបាន​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​១៩​ខែកុម្ភៈ​នេះ​។ ខ្មាន់កាំភ្លើង​ត្រូវបាន​ចោទប្រកាន់​ពីបទ​ឃាតកម្ម​គិត​ទុកជាមុន និង​ការកាន់កាប់​កាំភ្លើង​ខុសច្បាប់ និង​ការចោទប្រកាន់​បី​ករណី​ផ្សេងទៀត​។ ចំពោះ​មូលហេតុ​នៅ​ពីក្រោយ​ការបាញ់ប្រហារ​នេះ​មិនទាន់​ដឹង​នៅឡើយ​ទេ​។​

​ជា​ការកត់សំគាល់​អំឡុងពេល​១០​ថ្ងៃ ថៃ​បាន​រង​នូវ​ការបាញ់ប្រហារ​២​ករណី ដែល​ករណី​មុន​កើតឡើង​នៅ​ថ្ងៃទី​៨​ខែ​កុម្ភៈ ដោយ​ខ្មាន់កាំភ្លើង​ជា​យោធា​ឈ្មោះ​ច​ក្រា​ផាន់ ថូ​ម៉ា បាន​បើក​ការបាញ់ប្រហារ​យ៉ាង​កក្រើក នៅ​តំបន់​ភាគ​ឦសាន​នៃ​ប្រទេស​។ ការបាញ់ប្រហារ​ដែលប​ន្ត​អស់ពេល​២​ថ្ងៃ គឺ​ថ្ងៃទី​៨​និង​៩​កុម្ភៈ​នោះ បណ្តាលឲ្យ​យោធានិង​ជន​ស៊ីវិ​លស្លាប់​២៩​នាក់​និង​របួស​៥២​នាក់ នៅ​ជំរុំ​យោធា និង​នៅក្នុង​ផ្សារ​ទំនើប​Terminal 21 នៃ​ទីក្រុង​Nakhon Ratchasima​។ ខ្មាន់កាំភ្លើង​វ័យ​៣២​ឆ្នាំ​រូបនោះ ត្រូវបាន​ប៉ូលិស​បាញ់សម្លាប់​។ នាយករដ្ឋមន្ដ្រី​ថៃ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា​ជឿជាក់ថា ខ្មាន់កាំភ្លើង​មាន​ជាប់ទាក់ទង​នឹង​ជម្លោះ​ផ្ទាល់ខ្លួន​រឿង​បំណុល ហើយ​លោក​នឹងមិន​ឲ្យមាន​ការបា​ញ់​ប្រហារ​កើតឡើង​ទៀតឡើយ​។​

​ភាពជា​ម្ចាស់​កម្មសិទ្ធិ​កាំភ្លើង​បែប​ឯកជន ហាក់ដូចជា​រឿង​ធម្មតា​នៅ​ក្នុងប្រទេស​ថៃ​។ យោងទៅតាម​តួលេខ​ដែល​ផ្តល់​ដោយ Gunpolicy.org ឲ្យដឹងថា នៅក្នុង​ឆ្នាំ​២០១៦​ប្រជាជន​ថៃ​ប្រហែល​១០​លាន​នាក់ សុទ្ធតែ​មាន​កាំភ្លើង​កាន់កាប់នៅក្នុង​ដៃ ឬ​ក្នុងចំណោម​ប្រជាជន​ថៃ​៧​នាក់ គឺ​ម្នា​ក់មានកាំភ្លើង​នៅក្នុង​ដៃ​។ នៅក្នុង​ឆ្នាំ​២០១៦​នោះ​ផងដែរ អំពើហិង្សា​កើតចេញពី​ការប្រើប្រាស់​កាំភ្លើង បានសម្លាប់​មនុស្ស​១,៧២៦​នាក់​។ អំពើហឹង្សា​ដែល​ពាក់ព័ន្ធ​នឹង​អាវុធ​ភាគច្រើន កើតចេញពី​ជម្លោះ​ផ្ទាល់ខ្លួន​ឬ​ការ​ប្លន់​។ យ៉ាងណាក៏ដោយ ករណី​បាញ់ប្រហារ​យ៉ាង​សាហាវៗ ឬ​ការបាញ់ប្រហារ​សម្លាប់​ម​នុស្ស​នៅ​ទីសាធារណៈ កម្រ​កើតមាន​ណាស់​នៅ​ក្នុងប្រទេស​ថៃ លើកលែងតែ​នៅ​តំបន់​ភាគខាងត្បូង​ប្រទេស ជា​កន្លែង​ដែលមាន​អំពើ​ភេរវកម្ម​បង្កឡើង ដោយ​ពួក​ឧទ្ទាម​ទាមទារ​ផ្តាច់​ទឹកដី​៕

 ពាក្យគន្លឹះ  ថៃបាញ់ប្រហារ

ព័ត៌មានផ្សេងទៀត