មនុស្ស​៥០០​នាក់​ត្រូវ​បាន​អនុញ្ញាតឲ្យ​ចេញពី​នាវា​កម្សាន្ត​ផ្ទុក​វីរុស​កូរ៉ូ​ណានៅ​ជប៉ុន​

19-02-2020 11:08 am 200
អ្នកដំណើរកំពុងចាកចេញពីនាវា

​ក្រសួងសុខាភិបាល​ជប៉ុន​ឲ្យដឹងថា អ្នកដំណើរ​ប្រហែល​៥០០​នាក់ ត្រូវបាន​អនុញ្ញាតឲ្យ​ចាកចេញ ពី​នាវា​កម្សាន្ត​Diamond Princess​នៅ​ថ្ងៃ​ពុធ​ទី​១៩​ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ បន្ទាប់ពី​ដាក់ឲ្យ​នៅ​ដាច់ដោយឡែក​នៅ​ទីក្រុង​Yokohama ក្បែរ​ទីក្រុង​តូ​ក្យូប្រទេស​ជប៉ុន​តាំងពី​ដើមខែកុ​ម្ភៈ​មក​។ ដាក់​នៅ​ដាច់ដោយឡែក ដោយសារតែ​កប៉ាល់​ទេសចរណ៍​ខ្នាត​យក្ស​មួយ​នេះ ត្រូវបាន​គេ​ធ្វើតេស្ត​រកឃើញ​មនុស្ស​ផ្ទុក​វីរុស​កូរ៉ូណា​។​

​ក្រសួងសុខាភិបាល​ជប៉ុន​ឲ្យដឹងថា អ្នកដំណើរ​ដែល​ធ្វើតេស្ត​ចេញ​លទ្ធផល​អវិជ្ជមាន ពោលគឺ​មិនមាន​ផ្ទុក​វីរុស​កូរ៉ូណា ហើយ​មិនមាន​ចេញ​រោគសញ្ញា​អ្វី បន្ទាប់ពី​ដាក់​នៅ​ដាច់ដោយឡែក​អស់​រយៈពេល​១៤​ថ្ងៃ ត្រូវបាន​អនុញ្ញាតឲ្យ​ចាកចេញ​ពី​នាវា​កម្សាន្ត​Diamond Princess​នៅ​ថ្ងៃ​ពុធ​នេះ​។ ក្រសួង​ថា កំពុង​ធ្វើតេស្ត​លើ​មនុស្ស ៣,១០០​នាក់​ដែល​នៅលើ​នាវា​។ សរុប​អ្នកដំណើរ​និង​នាវិក​ចំនួន ៥៤២ នាក់​រកឃើញថា​បាន​ឆ្លង​វីរុស​នេះ​។ រីឯ​អ្នក​ដែល​ធ្វើតេស្ត​ចេញ​លទ្ធផល​អវិជ្ជមាន ប៉ុន្តែ​មាន​ប្រវត្ត​អង្គុយក្បែ​រអ្នក​ដែល​ធ្វើតេស្ត​ចេញ​លទ្ធផល​វិជ្ជមាន នឹង​ត្រូវគេ​ដាក់​នៅ​ដាច់ដោយឡែក​១៤​ថ្ងៃបន្ថែមទៀត ក្រោយ​បំបែក​ចេញពី​មនុស្ស​ដែល​រង​ផលប៉ះពាល់​។ ពួកគេ​នឹងត្រូវ​អនុញ្ញាតឲ្យ​ចាកចេញ​ពី​កប៉ាល់ ប្រសិនបើ​មិន​បង្ហាញ​បញ្ហា​សុខភាព អំឡុងពេល​ដាក់​នៅ​ដោយឡែក​នេះ​។​

​សូម​រម្លឹកថា នាវា​ទេសចរណ៍​Diamond Princess​បាន​ធ្វើដំណើរ​មកដល់​ឆ្នេរសមុទ្រ​ជប៉ុន​កាលពីដើម​ខែកុម្ភៈ​ជាមួយ​មនុស្ស​នៅលើ​នោះ​ចំនួន​ជាង​៣,៧០០​នាក់ គិត​ទាំង​អ្នក​បម្រើការ​លើ​នាវា​និង​ភ្ញៀវទេសចរ​មកពី​ជាង​៥០​ប្រទេស​និង​តំបន់​ផ្សេងៗ​គ្នា​៕

ព័ត៌មានផ្សេងទៀត