ក្រសួង​កសិកម្ម​ដាក់ចេញ​វិធានការ​៨​ចំណុច​ដើម្បី​ទប់ស្កាត់​ជំងឺផ្តាសាយបក្សី​

18-02-2020 6:54 pm 541

​យោងតាម​សារព័ត៌មាន​របស់​ប្រទេស​វៀតណាម​កាលពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ នៅ​ខេត្ត​ត្រា​វិញ​ភាគ​ខាងត្បូង​ប្រទេស​វៀតណាម មានការ​ផ្ទុះឡើង​នូវ​ជំងឺផ្តាសាយបក្សី​ដែល​បង្កឡើង​ដោយ​វីរុស​ប្រភេទ​A/H5N1 ហើយ​បាន​កម្ទេច​សត្វ​មាន់​ប្រមាណ​៥៥,០០០​ក្បាល​។​ដូច្នេះ​ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​នេះ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ដាក់ចេញ​នូវ​គោលការណ៍ ៨​ចំណុច ដើម្បី​ណែនាំ​ដល់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ មន្ទីរ​កសិកម្ម ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​រាជធានី​-​ខេត្ត ជា​ពិសេស​ខេត្ត​ជាប់​ព្រំដែន​វៀតណាម ។​

​វិធានកា​រទាំង ៨​ចំណុច​ដែល​ក្រសួង​កសិកម្ម បាន​ដាក់ចេញ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺផ្តាសាយបក្សី​នោះ​រួមមាន​៖

១.​ត្រូវ​ពង្រឹង​ការទប់ស្កាត់​ការនាំ​ចូល​បក្សី និង​ផលិតផល​ពី​បក្សី​ខុសច្បាប់​ដែល​ឆ្លងកាត់​តាម​ច្រកព្រំដែន តាម​អាកាសយានដ្ឋាន​អន្តរជាតិ កំពង់ផែ និង​ពី​ខេត្ត​ទៅ​ខេត្ត​មួយ ឬ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​គ្រប់​លំដាប់ថ្នាក់ ពិសេស​សមត្ថកិច្ច​ច្រកចេញ​-​ចូល តាម​ព្រំដែន​។​ក្នុង​ករណី​មិន​អនុវត្ត​ត្រឹមត្រូវ ឬ​មាន​ការ​ថ្លោះធ្លោយ​ដោយ​ប្រការ​ណាមួយ មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក៏ដូចជា​ការិយាល័យ ផលិតកម្ម និង​បសុព្យាបាល​រាជធានី​-​ខេត្ត ត្រូវ​ទទួលខុសត្រូវ​ចំ​ពោះ​មុខ​ក្រសួង​កសិកម្ម និង​ចំពោះមុខ​ច្បាប់​

២.​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ត្រូវ​បង្កើន​ការត្រួតពិនិត្យ​ការ​ចរាចរ​សត្វ និង​ផលិតផល​សត្វ​បន្ថែមទៀត ដោយ​សហការ​ជាមួយ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក៏ដូចជា​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​រាជធានី​-​ខេត្ត អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​គ្រប់​ជាន់ថ្នាក់ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​

៣.​ពង្រឹង​ការអនុវត្ត​វិធានការ​ជីវ​សុវត្ថិភាព​ឲ្យបាន​ហ្មត់ចត់​នៅគ្រប់​កសិដ្ឋាន​ចិញ្ចឹម​បក្សី កន្លែង​ចិញ្ចឹម​បក្សី កន្លែង​ប្រមូលផ្តុំ​បក្សី កន្លែង​អាជីវកម្ម និង​សត្តឃាត​បក្សី ព្រមទាំង​បង្កើន​ការអង្កេត តាមដាន ឃ្លាំមើល ត្រួតពិនិត្យ​សុខភាព​បក្សី​នៅ​ទូទាំង​ប្រទេស និង​ចាត់វិធានការ​ឲ្យបាន​ទាន់ពេលវេលា ក្នុងករណី​សង្ស័យ​ផ្ទុះ​ជំងឺផ្តាសាយបក្សី​

៤.​រាល់​ការ​ចរាចរ​បក្សី និង​ផលិតផល​ពី​បក្សី​ត្រូវមាន​លិខិតអនុញ្ញាត វិញ្ញាបនបត្រ​អនាម័យ​សត្វ និង​ផលិតផល​សត្វ ស្របតាម​បទដ្ឋាន​បច្ចេកទេស និង​ត្រូវ​ស្ថិត​ក្រោម​ការត្រួតពិនិត្យ​សុខភាព​សត្វ និង​អនាម័យ​សត្វ​ពី​មន្ត្រី​ជំនាញ​បសុពេទ្យ នៅ​ចំណុច​ដើមទី និង​ចំណុច​ចុង​ទី​ឲ្យបាន​ត្រឹមត្រូវ​

៥.​មុន​ចេញ​វិញ្ញាបនបត្រ​អនាម័យ​សត្វ និង​ផលិតផល​សត្វ ជាពិសេស​បក្សី និង​ផលិតផល​បក្សី ត្រូវ​ពិនិត្យ​សុខភាព​សត្វ និង​អនាម័យ​សត្វ​ឲ្យបាន​ត្រឹមត្រូវ ព្រម​ទាំង​ស្គាល់​ប្រភព​បក្សី​ឲ្យបាន​ច្បាស់លាស់ ងាយស្រួល ក្នុង​ការតាមដាន និង​គ្រប់គ្រង​ជំងឺ​

៦.​ត្រូវ​អនុវត្ត​វិធានការ​ជីវ​សុវត្ថិភាព​ដោយ​លាង​សម្អាត និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​តាម​លក្ខណៈ​បច្ចេកទេស លើ​មធ្យោបាយ​ដឹកជញ្ជូន​សត្វ ជាពិសេស​មុន និង​ក្រោយ​ដឹក​ជញ្ចូន​បក្សី​

៧.​ត្រូវ​បង្កើន​ការអប់រំ​និង​ផ្សព្វផ្សាយ​ឲ្យបាន​ទូលំ​ទូលាយ​ដល់​កសិក​រ​ចិញ្ចឹម​បក្សី ម្ចាស់​កសិដ្ឋាន ម្ចាស់​សត្តឃាត អ្នក​ពិឃាត​បក្សី អ្នកធ្វើអាជីវកម្ម ទិញ លក់​បក្សី និង​ផលិតផល​ពី​បក្សី ត្រូវ​យកចិត្តទុកដាក់ ធ្វើ​អនាម័យ​បាញ់ថ្នាំ​សម្លាប់​មេរោគ និង​អនុវត្ត​វិធានការ​ជីវ​សុវត្ថិភាព​ក្នុង​ការចិញ្ចឹម​បក្សី ពេល​ចរាចរ​ដឹក​ជញ្ជូន​បក្សី និ​ផលិតផល​ពី​បក្សី សកម្មភាព​ផលិត​បក្សី និង​កន្លែង​តាំង​លក់​នៅ​ទីផ្សារ ពិសេស​ផលប៉ះពាល់​នៃ​ជំងឺផ្តាសាយបក្សី និង​វិធានការ​ទប់ស្កាត់​

៨.​ត្រូវ​សហការ​ជាមួយ​ភាគី​នៃ​ប្រទេស​វៀតណាម ក្នុង​ការផ្លាស់ប្តូរ​ព័ត៌មាន ទាក់ទង​នឹង​ជំងឺ​ផ្តាសាយ​បក្សី ចរាចរ​បក្សី ផលិតផល​ពី​បក្សី ដើម្បី​ទប់ស្កាត់ ឲ្យបាន​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធិភាព​។​

​បន្ថែម​លើ​នេះ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក៏​បាន​បង្ហាញ​នូវ​ប្រព័ន្ធ​ទូរស័ព្ទ​មួយ​ខ្សែ​ផងដែរ ក្នុងករណី​មាន​ការសង្ស័យ​ជំងឺផ្តាសាយបក្សី​គឺ ០១២ ២១៤ ៩៧០៕

ព័ត៌មានផ្សេងទៀត