លីកាដូ ស្នើ​ចាត់វិធានការ​មិនឲ្យ​កើត​ម្តងទៀត ជុំវិញ​ការស្លាប់​ទារក​៥​ខែ​ក្នុង​ពន្ធនាគារ​

18-02-2020 5:36 pm 185
រូបតំណាង

​អង្គការ​លីកាដូ នៅ​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ​នេះ បានចេញ​សេចក្តីថ្លែងការណ៍​មួយ ជុំវិញ​ការស្លាប់ របស់​ទារក​អាយុ​៥​ខែ​ម្នាក់ ដែល​រស់នៅ​ជាមួយ​ម្ដាយ ក្នុង​ពន្ធនាគារ​ព្រៃ​សរ​។ ទារក​អាយុ​៥​ខែ ដែល​ត្រូវបាន​អង្គការ​មួយ​នេះ ឲ្យឈ្មោះ​ថា ទេវី ដើម្បី​រក្សា​ឯកជន​ភាព បាន​ស្លាប់​កាលពី​ថ្ងៃ​ទី​២៦ ខែ​មករា នៅ​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ​-​សូ​វៀត ក្នុង​រាជធានី​ភ្នំពេញ​។ ការស្លាប់​ដ៏​ខ្លោចផ្សារ​នេះ បង្ហាញ​ពី តម្រូវការ​ចាំបាច់​សម្រាប់​អាជ្ញាធរ ក្នុង​ការ​ផ្ដល់​អាទិភាព​សិទ្ធិ នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន សម្រាប់​ស្ត្រី​ដែល​មាន​កូន​តូច​នៅ​ជាមួយ​។ 

​របាយការណ៍ បានបញ្ជាក់​ថា ស្ត្រី​ជា​ម្ដាយ​ក្មេងរងគ្រោះ ត្រូវបាន​បញ្ជូន​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​បណ្ដោះអាសន្ន​រង់ចាំ​សវ​នា​ការ កាលពី​ពាក់កណ្ដាល​ឆ្នាំ​២០១៩ បន្ទាប់​ពី​រង​ការចោទប្រកាន់​ពី​អាជ្ញាធរ​ថា​បាន​កាន់កាប់​កញ្ចប់​ថ្នាំញៀន ប្រភេទ​មេ​តា​ហ្វេ​តា​មីន ដែល​មាន​តម្លៃ​ត្រឹមតែ​មួយ​ម៉ឺន​រៀល ឬ​២.៥​ដុល្លារ​។ អ្នកស្រី​មិន​ត្រូវបាន​ផ្ដល់​មេធាវី​ការពារ​ក្ដី​ទេ ហើយក៏​មិន​បានដឹង​ពី​សិទ្ធិ​ក្នុង​ការស្នើ​សុំ​នៅក្រៅ​ឃុំ​ផង​ដែរ​។ អ្នកស្រី​មាន​ផ្ទៃពោះ​៨​ខែ នៅពេល​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​។​

​ទារក ទេវី កាលពី​ថ្ងៃ​ទី​១៨ ខែ​មករា បាន​រងរបួស​ជា​ទម្ងន់​ដោយ​បាក់​ឆ្អឹងភ្លៅ បន្ទាប់​បុគ្គលិក​ពេទ្យ​បាន​ថត​កាំរស្មីអ៊ិច នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។ តែ​មិន​ទាន់​ដឹង​ច្បាស់​ពី​រឿងហេតុ​នាំ​ឲ្យ​នាង​បាក់​ភ្លៅ​នោះទេ​។​
​ទេវី និង​ម្ដាយ ត្រូវបាន​បញ្ជូន ទៅកាន់​មន្ទីរពេទ្យ​កុមារ​ជាតិ ដោយសារ​ខាង​មន្ទីរពេទ្យ​លើកឡើងថា មិន​មាន​អ្នកជំនាញ​ដើម្បី​ព្យាបាល​អ្នកជំងឺ​ក្មេង​បែបនេះ​ទេ​។ 

​អំឡុង​ពេល​មួយ​សប្ដាហ៍​ក្រោយមក ស្ត្រី​ជា​ម្ដាយ​បាន​កត់សម្គាល់​ឃើញថា ទេវី​មាន​អាការៈ​ក្ដៅខ្លួន និង​ក្អក​ជាប្រចាំ ដោយ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​វិញ​។ វេជ្ជបណ្ឌិត​នៅ​ទីនោះ បាន​ជួប​ជាមួយ ទេវី និង​ម្ដាយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ មុន​ពេល​កំណត់​ការ​ណាត់ជួប​តាមដាន​ជំងឺ​នៅ​៣​សប្ដាហ៍​ក្រោយ​។ ស្ត្រី​ជា​ម្ដាយ​បាន​ប្រាប់​វេជ្ជបណ្ឌិត​ថា នាង​អស់​ថ្នាំ​ដែល​បាន​ផ្ដល់ឱ្យ ទេវី លេប​កាលពី​លើក​មុន​ហើយ ប៉ុន្តែ​វេជ្ជបណ្ឌិត​មិន​បាន​ឲ្យ​ថ្នាំ​លេប​បន្ថែម​សម្រាប់ ទេវី ទេ​។ មិន​មាន​ភាព​ច្បាស់លាស់​ពី​វេជ្ជបញ្ជារ​ដែល​ត្រូវបាន​ណែនាំ​ដោយ​គ្រូពេទ្យ​ទេ​។​

​នៅ​ថ្ងៃ​ទី​២៥ ខែ​មករា ទេវី មាន​ការពិបាក​ដកដង្ហើម នាង​ត្រូវបាន​បញ្ជូន ទៅកាន់​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ​-​សូ​វៀត ជា​កន្លែង​ដែល​អ្នក​ទាំងនោះ​សម្អាត​ស្លេស និង​ថតកាំរស្មីអ៊ិច សួត​របស់​នាង​។ 

​លុះដល់​ព្រឹក​ថ្ងៃ​២៦ ខែ​មករា ទេវី ពិបាក​ដកដង្ហើម​ជាខ្លាំង​។ នាង​ត្រូវបាន​បញ្ជូន​ទៅ​កាន់​បន្ទប់​សង្គ្រោះ​បន្ទាន់ ជា​កន្លែង​ដែល​វេជ្ជបណ្ឌិត​បាន​ព្យាយាម​យក​ស្លេស​ចេញពី​សួត​របស់​នាង និង​បាន​ធ្វើ​ចលនា​បេះដូង ប៉ុន្តែ​នាង​នៅតែ​មិន​ដឹង​ខ្លួន​។ បន្ទាប់មក ទេវី ត្រូវបាន​ដាក់​នៅក្នុង​ទូកញ្ចក់​បំពាក់​ជាមួយនឹង​អុកស៊ីសែន​។ ៣​នាទី​ក្រោយមក នាង​ក៏​បាន​ស្លាប់​បាត់បង់​ជីវិត​។​

​ក្រោយ​ការស្លាប់ បុគ្គលិក​ពេទ្យ​បាន​ធ្វើ​កោសល្យវិច័យ​សាកសព​បាន​បង្ហាញថា ទេវី បាន​ស្លាប់​ដោយសារ​ជំងឺ​រលាក​សួត និង​កង្វះ​អាហារ​រូបត្ថ​ម្ភ​។ ពាក់ព័ន្ធ​នឹង​ការស្លាប់​នេះ អង្គការ​លីកាដូ បាន​ស្នើសុំ​ដោយ​ទទូច ឲ្យ​អាជ្ញាធរ​ចាត់វិធានការ​ឲ្យបាន​ឆាប់រហ័ស ដើម្បី​ធានា​ថា ករណី​បែប​នេះ​មិន​កើតមានឡើង​ម្ដងទៀត​។​

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន កាលពី​ខែ​កុម្ភៈ​ឆ្នាំ​២០១៥ បាន​អំពាវនាវ​ឲ្យ​បង្កើត​គណៈកម្មាធិការ ដើម្បី​ផ្ដល់​ការលើកលែងទោស ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​ជាប់ពន្ធនាគារ ដែល​មាន​កូន​តូច​នៅ​ជាមួយ​។ ប្រមុខ​រដ្ឋាភិបាល ប្រកាសថា ករណី​នេះ​គួរ​ត្រូវបាន​ចាត់ទុក​ថា ជា​ជំហាន​ដំបូង​មួយ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា មិន​មាន​កុមារ​ផ្សេង​ទៀត​លូតលាស់​ធំធាត់ នៅក្នុង​ពន្ធនាគារ​កម្ពុជា​។​

​កាលពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩ លោកនាយក​រដ្ឋមន្ត្រី មានប្រសាសន៍​ម្ដងទៀត​ក្នុង​ការជំរុញឲ្យ​ក្រសួង​យុត្តិធម៌ និង​ក្រសួង​កិច្ចការនារី ពិនិត្យ​ឡើងវិញ​ពី​ស្ថានភាព នៃ​ស្ត្រី​ជាប់​ឃុំ​ក្នុង​ដំណាក់កាល​ឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​។ 

​ដោយឡែក នៅ​សប្ដាហ៍​នេះ លោកនាយក​រដ្ឋមន្ត្រី ក៏​បាន​អំពាវនាវ​ម្ដងទៀត ឲ្យ​ចាត់វិធានការ​ជាបន្ទាន់ ដើម្បី​ពន្លឿន​សវនាកា​ររបស់​ស្ត្រី​ដែល​កំពុង​ត្រូវបាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​បណ្ដោះអាសន្ន​រង់ចាំ​សវ​នា​ការ ក៏ដូចជា​ស្នើ​ឲ្យ​ជួល​សណ្ឋាគារ ដើម្បី​បើក​សវនាការ​ជំនុំជម្រះ​ក្ដី​ប្រសិនបើ​សាល​សវនាការ​មិន​គ្រប់​៕

ព័ត៌មានផ្សេងទៀត