សហគមន៍កសិករ៖ ៤ចំណុចកាត់បន្ថយការនាំចូលបន្លែគីមីពីក្រៅប្រទេស

18-02-2020 5:20 pm 337

ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានលើកឡើង នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ២០១៨-២០១៩ នៅវិទ្យាស្ថានជាតិអប់រំ នៅថ្ងៃទី១៨ ខែកុម្ភៈថា អាជ្ញាធរ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ ត្រូវបំផុសដល់ពលរដ្ឋឲ្យដាំដុះដំណាំផ្សេងៗ ដែលមិនប្រើគីមី និងកាត់បន្ថយការនាំចូលពីក្រៅប្រទេសនូវរាល់បន្លែដែលប្រើគីមី ក៏ដូចជាជួយជម្រុញការដាំដុះក្នុងស្រុក និងពង្រឹងសមត្ថភាពដាំដុះរបស់កសិករបន្ថែមទៀត។

ពាក់ព័ន្ធទៅនឹងការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តីខាងលើនេះ ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោកថេង សាវឿន បានបញ្ជាក់ប្រាប់វិទ្យុវាយោតាមទូរស័ព្ទ នៅថ្ងៃទី១៨ ខែកុម្ភៈថា ការអំពាវនាវរបស់ប្រមុខដឹកនាំកម្ពុជា គឺជាសារមួយដែលលើកទឹកចិត្តដល់កសិករ តែលោកយល់ថា ការអំពាវនាវតែមួយមុខ ឬជម្រុញដល់អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធនោះ វាមិនទាន់អាចឆ្លើយតបបានទាំងស្រុងនោះទេ តែត្រូវមានចំណាត់ការនិងផែនការជាក់លាក់។

លោកបានបញ្ជាក់បន្ថែមថា ក្នុងនាមលោកជាប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោកសូមដាក់ចេញនូវគោលការណ៍បួនចំណុចដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយការនាំចូលបន្លែ ត្រី សាច់ ដែលមានជាតិគីមីពីក្រៅប្រទេស និងជម្រុញដល់ប្រជាកសិករខ្មែរ រួមគ្នាដាំដុះដំណាំដោយមិនប្រើគីមី ដែលរួមមាន៖

-អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធត្រូវចុះផ្សព្វផ្សាយ ដោយរៀបចំជាវេទិកាសាធារណៈ និងត្រូវសហការជាមួយអង្គការសង្គមស៊ីវិល ដៃគូរពាក់ព័ន្ធ និងក្រសួងកសិកម្មផងដែរ ដើម្បីឲ្យពលរដ្ឋបានយល់ដឹងពីផលប៉ះពាល់និងផលអវិជ្ជមាន នៅពេលពួកគាត់ប្រើប្រាស់គីមីលើដំណាំ

-ចំពោះរាជរដ្ឋាភិបាលវិញ ត្រូវតែមានចំណាត់ការតឹងរ៉ឹងលើអ្នកនាំចូលបន្លែពីប្រទេសជិតខាងតាមច្រកព្រំដែន

-រាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវលើកទឹកចិត្តដល់កសិករ និងផ្តល់ធនធានដល់អាជ្ញាធរ ក្នុងការជួយពិនិត្យលើគ្រាប់ពូជ និងវិធីសាស្រ្តបណ្តុះបណ្តាលបច្ចេកទេសដល់កសិករអោយដាំដុះបែបធម្មជាតិ

-ចំពោះពលរដ្ឋដែលជាកសិករ បើស្រឡាញ់ខ្លួនឯង ស្រឡាញ់គ្រួសារ និងស្រឡាញ់អ្នកដទៃ សូមបញ្ឈប់ការប្រើគីមី។

ជាមួយគ្នានេះដែរលោកថេង សាវឿន ក៏បានឲ្យដឹងបន្ថែមថា ដើម្បីចៀសវាងកុំអោយឈ្មួញកណ្តាលបញ្ចុះតម្លៃដំណាំរបស់កសិករបាន រដ្ឋាភិបាលគួរបិទការនាំចូល ហើយត្រូវមានក្រុមបច្ចេកទេស បង្រៀនកសិករពីការវេចខ្ចប់ និងកែច្នៃ និងចៀសវាងការដាំដំណាំដូចគ្នាៗ រឿងដែលសំខាន់មួយទៀតនោះគឺ ត្រូវមានបណ្តាញកសិករ និងសហគមន៍ ហើយមានទំនាក់ទំនងផ្ទាល់ទៅកាន់ទីផ្សារតែម្តង៕

 

 

ព័ត៌មានផ្សេងទៀត