បញ្ហា​ធំៗ​បួន​​ដែល​ចិន​​កំពុង​ប្រឈម​​ក្រោយ​ផ្ទុះ​​វីរុស​កូរ៉ូណា​

18-02-2020 3:00 pm 2356

​មាន​បញ្ហា​ប្រឈម​ជាច្រើន​ដែល​ប្រទេស​ចិន​បាន​ជួបប្រទះ ក្រោយ​ផ្ទុះ​វីរុស​កូរ៉ូណា​ថ្មីឬ​កូវី​ដ​-១៩ ដែល​បានសម្លាប់​មនុស្ស​រាប់សិប​នាក់ និង​មាន​អ្នក​ឆ្លង​ជាង​៧​ម៉ឺន​នាក់​រួចទៅហើយ​។ ចិន​ត្រូវ​ប្រយុទ្ធ​តតាំង​នឹង​វីរុស​ដ៏​កាច​សាហាវ​ពុំទាន់​មាន​ថ្នាំ​ព្យាបាល ប៉ុន្ដែ​ចិន​កំពុង​ចាប់ដៃ​ជាមួយ​អ្នកជំនាញ​អន្ដរជាតិ ក៏ដូចជា​អង្គការ​សុខភាព​ពិភពលោក ដើម្បី​ទប់ស្កាត់​ការឆ្លង​និង​ស្វែងរក​ថ្នាំ​ព្យាបាល​ផង​។ យ៉ាងណាមិញ​ចន្លោះ​ពេលនេះ ចិន​ពិតជា​ត្រូវ​ខាតបង់​និង​ជួប​វិបត្ដិ​មិនអាច​ប្រកែក​បាន​។ តើ​ចិន​ជួប​បញ្ហា​ប្រឈម​អ្វីខ្លះ​?

​វីរុស​កូរ៉ូណា​ដែល​អង្គការ​សុខភាព​ពិភពលោក​(WHO)​ទើបបាន​ដាក់ឈ្មោះ​ថ្មី​ថាកូ​វីដ​-១៩(COVID-19) ចាប់ផ្ដើម​ផ្ទុះឡើង​ដំបូង​កាលពី​ចុងឆ្នាំ​២០១៩​នៅក្នុង​ទីក្រុង​វូ​ហាន​ខេត្ដ​ហ៊ូ​ប៉ី​ប្រទេស​ចិន​។ ការផ្ទុះ​ឡើង​ដំបូង​ជឿជាក់ថា​នៅក្នុង​ផ្សារ​លក់​សាច់សត្វ​និង​គ្រឿង​សមុទ្រ​មួយកន្លែង​ក្នុង​ទីក្រុង​វូ​ហាន​។ បន្ទាប់មក​វីរុស​នេះ​ក៏​ចាប់ផ្ដើម​រីក​រាលដាល​និង​សម្លាប់​មនុស្ស​ជា​បន្ដបន្ទាប់​។ បច្ចុប្បន្ន​ចិន​រងគ្រោះ​ធ្ងន់​ជាងគេ​ដោយមាន​មនុ​ស្លាប់​ចំនួន​១,៨៦៣​នាក់ និង​ឆ្លង​ចំនួន​៧២,៣៥៥​នាក់​គិត​ត្រឹម​ថ្ងៃទី​១៧​កុម្ភៈ​។ ដោយឡែក​ចំនួន​មនុស្ស​ស្លាប់​សរុប​ទូទាំង​ពិភពលោក​មាន​១,៨៦៨​នាក់ និង​ឆ្លង​ចំនួន​៧៣,៣៤៨​នាក់ គិត​ត្រឹម​ថ្ងៃទី​១៧​កុម្ភៈ​ដូចគ្នា​។ បច្ចុប្បន្ន​វីរុស​ដែលជា​សែស្រឡាយ​នៃ​ជំងឺ​SARS​ផ្ទុះ​ក្នុងអំឡុង​ឆ្នាំ​២០០២-២០០៣ បាន​រីក​រាលដាល​ដល់​ប្រទេស​និង​តំបន់​ចំនួន​២៨​ហើយ​ក្រៅពី​ចិន​។​

​ការផ្ទុះ​ឡើង​នូវ​វីរុស​កូរ៉ូណា​ថ្មីឬ​កូវី​ដ​-១៩ កំពុង​ក្លាយជា​ប្រធានបទ​ក្ដៅ​សម្រាប់​ពិភពលោក ពិសេស​គឺ​សម្រាប់​ប្រទេស​ចិន​ផ្ទាល់​តែម្ដង​។ និយាយ​ពី​បញ្ហា​ប្រឈម​ចិន​ពេលនេះ​កំពុង​ប្រឈម​នឹង​បញ្ហា​ធំៗ​ចំនួន​៤​រួមមាន​៖ ១.​បញ្ហា​សុខភាព​ប្រជាជន​ទូទាំងប្រទេស​, ២.​ប្រឈម​ការរើសអើង​ជាតិ​សាសន៍​ពី​សំណាក់​អន្ដរជាតិ​, ៣.​ទំនាក់ទំនង​ជាមួយ​ស​ហ​រដ្ឋ​អាមេរិក​កាន់តែ​ស្មុគស្មាញ​, ៤.​ប្រឈម​នឹង​វិបត្ដិ​សេដ្ឋកិច្ច​។​

១.​បញ្ហា​សុខភាព​ប្រជាជន​ទូទាំងប្រទេស​

​សព្វថ្ងៃ​ចិន​នៅ​មិនទាន់​រកឃើញ​វ៉ាក់សាំង​ឬ​ថ្នាំ​ព្យាបាល​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​នេះឡើយ ខណៈ​មនុស្ស​ស្លាប់​នឹង​ឆ្លង​រាលដាល​នៅតែ​បន្ដ​កើតមាន​រៀងរាល់ថ្ងៃ​។ ប្រជាជន​ចិន​ចាប់ផ្ដើម​បារម្ភ​ព្រួយបារម្ភ​កាន់តែខ្លាំង ទោះបី​រដ្ឋាភិបាល​លោក​ស៊ី ជីន​ពីង​ប្រកាស​ឲ្យ​អត់ធ្មត់ និង​បាន​ព្យាយាមរ​កវី​ធី​សាស្ដ្រ​ដោះស្រាយ ក្នុងនោះ​មាន​បង្កើន​កិច្ចសហការ​ជាមួយ​ក្រុមគ្រូពេទ្យ​និង​អ្នកជំនាញ​អន្ដរជាតិ រួមទាំង​អង្គការ​សុខភាព​ពិភពលោក ប្រកាស​ពង្រីក​វិធានការ​ត្រួតពិនិត្យ​រក​អ្នក​ឆ្លង​ជំងឺ​និង​ថែទាំ​អ្នក​កំពុង​ឆ្លង​យ៉ាង​យកចិត្ដទុកដាក់ ក៏ដូចជា​បាន​ផ្លាស់ប្ដូរ​តំណែង​មន្ដ្រី​ដែល​អសមត្ថភាព​ក្នុង​ការដោះស្រាយ​វិបត្ដិ​កូរ៉ូ​ណា​នេះក៏ដោយ​។ 

​ប្រជាជន​ចិន​នៅតែ​ដាក់​សំណួរ​ជារឿយៗ​ថា តើ​រដ្ឋាភិបាល​នឹង​ឆ្លើយតប​យ៉ាងណា​ទៀត​ទៅលើ​ការឆ្លង​និង​រីក​រាលដាល​នៃ​វីរុស​កូរ៉ូណា​? អាចមាន​សមត្ថភាព​ព្យាបាល​ជា​ទេ​? អាច​ទប់ស្កាត់​បានទេ​? ទាំង​ដឹង​ហើយ​ថា​រដ្ឋាភិបាល​កំពុង​ខ្នះខ្នែង​រក​គ្រប់​មធ្យោបាយ​ដើម្បី​បញ្ចប់​វា​។ ទោះបី​វីរុស​កូរ៉ូណា​បានសម្លាប់​មនុស្សភាគ​ច្រើន​អាយុ​៦០​ឆ្នាំ​ឡើង ប៉ុន្ដែ​មិន​ធានា​ឡើយ​ថា​អ្នក​អាយុ​ក្រោម​នេះ​ពិតជា​រស់​ក្រោយពេល​ឆ្លង និយាយ​ឲ្យ​ខ្លី​គឺ​នៅពេល​សុខភាព​របស់​ពួកគេ​មិនល្អ ឬ​មាន​ជំងឺ​ប្រចាំកាយ​ស្រាប់​ដូចជា លើ​ល​ឈាម ឬ​ទឹកនោមផ្អែម​ជាដើម មិន​ថា​វ័យក្មេង​ក៏​នៅតែ​ប្រឈម​គ្រោះថ្នាក់​ដល់​អាយុជីវិត​។ ជាក់ស្ដែង​ក្នុងចំណោម​អ្នកស្លាប់​ដោយសារ​វីរុស​កូរ៉ូ​ណានៅ​ចិនក៏​មាន​អាយុជាង​៣០​ឆ្នាំ​ដែរ​។​

​ដូច្នេះ​បញ្ហា​ប្រឈម​ធំ​បំផុត​ទីមួយ​របស់​ចិន គឺ​ត្រូវ​ធានាថា​ប្រជាជន​ចិន​ពិតជា​អាចមាន​សុខភាព​ល្អប្រសើរ អាច​ឆ្លង​ផុត​គ្រោះថ្នាក់​បង្កឡើង​ពី​វីរុស​កូរ៉ូណា​។ ដើម្បី​ទទួលបាន​លទ្ធផល​ដូច​បំណង ចិន​ត្រូវ​ឆ្លងកាត់​ការសិក្សា​ស្រាវជ្រាវ​បន្ថែម​ដែល​មិនអាច​កំណត់ពេល​បាន និង​ត្រៀម​សម្រាប់​ការបាត់បង់​បន្ថែម​លើ​អ្វីដែល​វីរុស​កូរ៉ូណា​បានធ្វើឲ្យ​បាត់បង់​រួចទៅហើយ​។​

២.​ប្រឈម​ការរើសអើង​ជាតិ​សាសន៍​ពី​សំណាក់​អន្ដរជាតិ​

​ជា​រឿង​មិនអាច​ប្រកែក​បាន ក្រោយ​ការ​ផ្ទុះឡើង​នូវ​វីរុស​កូរ៉ូ​ណាជនជាតិ​ចិនហា​ក់​ខ្សោះ​អ្នក​រាប់រក​ដូច​មុន​ពី​បណ្ដា​ពលរដ្ឋ​បរទេស មិន​ថា​ជន​ជាតិចិន​ទាំងនោះ​ធ្លាប់បាន​ធ្វើដំណើរ​ទៅ​ចិន​ក្នុងអំឡុងពេល​ផ្ទុះ​វីរុស​នេះ ឬ​មិន​ថា​ពួកគេ​ស្ថិតនៅ​ក្រៅប្រទេស​ចិន​ក៏ដោយ​។ មូលហេតុ​សំខាន់បំផុត​គឺ​ខ្លាច​ឆ្លង​វីរុស​កូរ៉ូណា​តែម្ដង ទោះ​ដឹងថា​វា​អាច​ឆ្លងតាម​របៀប​ណាខ្លះ​។ 

​ស្ដ្រី​ម្នាក់​ត្រូវគេ​ស្គាល់​ថា​ឈ្មោះ​Chen​អាយុ​២៥​ឆ្នាំ​មកពី​ទីក្រុង​ប៉េកាំង ជា​និស្សិត​បញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ឡូ​ស​អែន​ជឺ​ឡេស រដ្ឋ​កាលីហ្វ​ញ៉ា​(UCLA) សហរដ្ឋអាមេរិក នាង​និង​មិត្ដភក្ដិ​ម្នាក់​ត្រូវបាន​គេ​សុំឲ្យ​ចេញពី​ភោជនីយដ្ឋាន​ក្នុង​ទីក្រុង​ឡូ​ស​អែន​ជឺ​ឡេស ព្រោះតែ​មិត្ដ​របស់​នាង​ក្អក​។ នាង​និយាយថា​អ្វីដែល​មិនអាច​ទទួលយកបាន​នោះ​គឺថា មិត្ដ​របស់​នាង​មិនមែនជា​ជន​ជាតិចិន​ឡើយ នាង​ជា​ជនជាតិ​វៀតណាម​ទេ ហើយ​នាង​ក៏​មិនបាន​ធ្វើដំណើរ​ទៅ​ប្រទេស​ចិន​ដែរ ប៉ុន្ដែ​បែរជា​ធ្វើ​ដាក់​នាង​ដូច្នេះ​។​

​បុរស​ម្នាក់​មកពី​ទីក្រុង​សៀង​ហៃ​ដែល​ស្ថិតក្នុង​ដំណើរ​កម្សាន្ដ​ជិះ​ស្គីជា​មួយ​ភរិយា​ជនជាតិ​កូរ៉ូខាងត្បូង ក៏​ជួប​រឿង​មិន​នឹកស្មាន​ដល់​មួយ​ដែរ​។ លោក​និង​ភរិយា​បាន​កក់​សណ្ឋាគារ​មួយ​នៅ​កន្លែង​កម្សាន្ដ​ឯ​មាត់សមុទ្រ​នៅក្បែរ​ទីក្រុង​Yongpyong  ប៉ុន្ដែ​នៅពេល​ពួកគេ​ធ្វើដំណើរ​ទៅ​រមណីយដ្ឋាន​នោះ បុគ្គលិក​សណ្ឋាគារ​បាន​ហាមឃាត់​មិនឲ្យ​ពួកគេ​ចូល​ឡើយ​។ មូលហេតុ​គឺថា​ពួកគេ​ជា​ជន​ជាតិចិន ពួកគេ​អាច​បង្កបញ្ហា​ដល់​ភ្ញៀវ​ដទៃ​។ ទោះ​លោក​បាន​ព្យាយាម​បង្ហាញ​ភស្ដុតាង​ថា​បាន​ចាកចេញ​ពី​ប្រទេស​ចិន​១០​ថ្ងៃ​មកហើយ និង​បញ្ជាក់ថា​គ្មាន​ផ្ទុក​វីរុស​កូរ៉ូណា សណ្ឋាគារ​នៅតែ​បដិសេធ​មិនឲ្យ​ពួកគេ​ស្នាក់នៅ​ដដែល​។ លោក​បាន​បង្ហោះ​រឿងនេះ​លើ​បណ្ដាញ​សង្គម​Weibo ហើយ​មាន​អ្នក​ចូល​ឆ្លើយតប​ថា យ៉ាងហោចណាស់​ក៏មាន​ជនជាតិ​ចិន​បួន​នាក់​ផ្សេងទៀត ដែល​ជួប​ករណី​ដូចគ្នា​នៅ​កូរ៉េខាងត្បូង​។​

​នៅក្នុង​ប្រទេស​កាណាដា​ជា​ប្រទេស​ដែលមាន​ការស្វាគមន៍​ខ្លាំង​ចំពោះ​ជនអន្ដោប្រវេសន៍ ក៏​មិនអាច​ទប់​ទល់នឹង​ការរើសអើង​ព្រោះតែ​វីរុស​កូរ៉ូណា​បានដែរ​។ កាលពី​ចុងខែ​មករា​មាន​ញត្ដិ​នៅ​តាម​អ៊ីនធឺណេត​អំពាវនាវ​ឲ្យ​សាលារៀន​នៅតាម​ខណ្ឌ​ជាយក្រុង​តូ​រ៉ុន​តូ ជា​តំបន់​មាន​ប្រជាជន​ចិន​ភាគច្រើន ត្រូវ​ទុក​សិស្ស​ដែលមាន​ក្រុមគ្រួសារ​ទើបបាន​ទៅ​ប្រទេស​ចិន ដាច់ដោយឡែក​ពី​សាលា​ក្នុង​រយៈពេល​ពីរ​សប្ដាហ៍​។ ញត្ដិ​នោះមាន​អ្នកស្ម័គ្រចិត្ដ​ចុះ​ហត្ថលេខា​ប្រមាណ​១​ម៉ឺន​នាក់ ប៉ុន្ដែ​ត្រូវបាន​នាយក​សាលា​ច្រានចោល​។​

​ការរើសអើង​ជន​ជាតិចិន​ក៏មាន​នៅក្នុង​ប្រទេស​ជប៉ុន​។ ការ​សែត​The New York Times​បាន​ចុះផ្សាយ​ថា ជនជាតិ​ជប៉ុន​មួយចំនួន​បាន​សរសេរ​សារ​នៅលើ​បណ្ដាញ​ធ្វី​ត​ទ័​រ​ថា “​ជនជាតិ​ចិន​កុំ​ធ្វើដំណើរ​មក​ប្រទេស​ជប៉ុន​”​។ ស្របពេល​ជាមួយគ្នា​កាសែត​The Wall Street Journal​បាន​ចុះផ្សាយ​អត្ថបទ​មួយ​ដាក់​ចំណងជើង​ថា “​ចិន​គឺជា​អ្នកជំងឺ​អាស៊ី​ពិតប្រាកដ​មែន​” ធ្វើឲ្យ​សហគមន៍​ចិន​រស់នៅ​ទឹកដី​អាមេ​រិក​ប្រតិកម្ម​យ៉ាងខ្លាំង រហូត​ដាក់​ញត្ដិ​មួយ​ទៅសេត​វិមាន​ស្នើឲ្យ​ចេញ​អន្ដរាគមន៍​។ ក្រៅពីនេះ​បណ្ដា​ប្រទេស​មួយចំនួន​ក៏​បិទ​ជើងហោះហើរ មិនឲ្យ​ជន​ជាតិចិន​ធ្វើដំណើ​រចូល​ប្រទេស​របស់គេ​ឡើយ​។ អ្វីដែល​បាន​រៀបរាប់​ទាំងអស់នេះ សបញ្ជាក់​យ៉ាងច្បាស់​ថា​ពលរដ្ឋ​ចិន​ពិតជា​ត្រូវបាន​ពលរដ្ឋ​បរទេស​រើសអើង ពេល​ស្ថិតនៅ​ក្រៅប្រទេស​ចិន​។​

​មិនថាតែ​ជន​ជាតិចិន​ដែល​ជួបប្រទះ​ការរើសអើង​នេះ សូម្បីតែ​ប្រជាជន​ប្រទេស​នៅ​អាស៊ី​មួយចំនួន​ក៏​ជួបប្រទះ​ដូចគ្នា គឺ​ពួកគេ​ពិបាក​ក្នុង​ការទំនាក់ទំនង ការធ្វើដំណើរ​តាម​សេវា​ដឹកជញ្ជូន​សាធារណៈ រួម​នឹង​សកម្មភាព​រស់នៅ​ប្រចាំថ្ងៃ​ផ្សេងទៀត នៅពេល​ពួកគេ​រស់នៅ​ក្រៅប្រទេស​។ ការណ៍​នេះ​បានធ្វើឲ្យ​ពលរដ្ឋ​ដើមកំណើត​អាស៊ី​មួយចំនួន​ខឹងសម្បា ព្រោះ​មិន​បានធ្វើ​អ្វី​ខុស​ផង​បែរជា​ត្រូវ​ជួបប្រទះ​ការរើសអើង​និង​ការប្រមាថ​ទៅវិញ​។​

៣.​ទំនាក់ទំនង​ជាមួយ​ស​ហ​រដ្ឋ​អាមេរិក​កាន់តែ​ស្មុគស្មាញ​

​ស្របពេល​កំពុងមាន​វិវាទ​ដោះស្រាយ​មិនទាន់​ចប់​ទាក់ទង​នឹង​ជម្លោះ​ពាណិជ្ជកម្ម ការផ្ទុះ​ឡើង​នូវ​វីរុស​កូរ៉ូ​ណា​បានក្លាយជា​ដំបង​ទៅ​សំពង​លើ​ទំនាក់ទំនង​អាមេរិក​-​ចិន​បន្ថែម ឲ្យ​ធ្លាក់ក្នុង​ភាពស្មុគស្មាញ​កាន់តែខ្លាំង​។ រឿង​ដែល​ចិន​ខឹង​ខ្លាំង​បំផុត​គឺ​អាមេរិក​បានប្រកាស​បិទ​មិនឲ្យ​ជន​ជាតិ​ចិន​ធ្វើដំណើរ​ចូល​ទឹកដី​អាមេរិក បិទ​រាល់​អ្នកដំណើ​រប​រទេស​ដែល​ធ្លាប់បាន​ធ្វើដំណើរ​ទៅ​ប្រទេស​ចិន និង​បាន​ដឹកជញ្ជូន​ពលរដ្ឋ បុគ្គលិក​ចេញពី​ស្ថាន​កុងស៊ុល​ក្នុង​ទីក្រុង​វូ​ហាន និង​ស្នើសុំ​ដក​បុគ្គលិក​ចេញពី​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ចិន​ថែមទៀត​។ ចិន​ចាត់ទុក​ទង្វើ​អាមេរិក​ដូច្នេះ​មិនបាន​ជួយ​អ្វី​ឡើយ បានត្រឹមតែ​ជួយ​បង្កើត​និង​ពង្រីក​ភាពភ័យខ្លាច​ទៅកាន់​ពិភពលោក​។ 

​មន្ដ្រី​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​វាយប្រហារ​ធ្ងន់ៗ​ថា ការ​រឹតបន្ដឹង​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​មក​លើ​ប្រទេស​ចិន គឺជា​អ្វីដែល​អង្គការ​សុខភាព​ពិភពលោក​ច្រានចោល និង​ជា​ឥរិយាបថ​ភ័យ​ស្លន់ស្លោ​ហួសហេតុ ហើយ​ចោទថា​អាមេរិក​គ្មាន​ការជឿជាក់​លើ​ចិន​។ ចង់​ឬ​មិន​ចង់ការ​បោះពាក្យ​ដាក់គ្នា​ដូច្នេះ ពិតជា​បាន​បន្ថែម​ភាពស្មុគស្មាញ​ជាថ្មី ហើយ​វា​ពិតជា​ប៉ះពាល់​ដល់​ទំនាក់ទំនង​ដែល​កំពុងតែ​ផុយស្រួយ​ស្រាប់​រវាង​ប្រទេស​មហាអំណាច​ទាំងពីរ​។​

៤.​ប្រឈម​នឹង​វិបត្ដិ​សេដ្ឋកិច្ច​

​បញ្ហា​សេដ្ឋកិច្ច​គឺជា​រឿង​ធំ​មួយទៀត​ដែល​ចិន​កំពុង​ប្រឈម​ក្រោយ​ផ្ទុះ​វីរុស​កូរ៉ូណា​។ មជ្ឈមណ្ឌល​ស្រាវជ្រាវ​ខា​ស៊ី​ខន​(Kasikorn)​មាន​មូលដ្ឋាន​ក្នុងប្រទេស​ថៃ បានបញ្ជាក់​ពី​លទ្ធផល​ស្រាវជ្រាវ​របស់ខ្លួន ទៅលើ​ការខាតបង់​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ក្នុងអំឡុងពេល​ផ្ទុះ​វីរុស​កូរ៉ូណា​រយៈពេល​មួយ​ខែមករា​។ តាម​តួលេខ​បង្ហាញថា​ចិន​ខាតបង់​សេដ្ឋកិច្ច​ប្រមាណ​៣០០​ពាន់​លាន​យ័ន ស្មើនឹង​ប្រមាណ​៤៣​ពាន់​លាន​ដុល្លារ​អាមេរិក​។ ការណ៍​នេះ​បាន​កាត់បន្ថយ​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​របស់​ចិន​ចំនួន​០.៣​ភាគរយ​។ ក្នុងនោះ​ប៉ះពាល់​ដល់​វិស័យ​លក់រាយ ដឹកជញ្ជូន និង​វិស័យ​សេវាកម្ម​មួយចំនួនទៀត​។ 

​ក្រុម​ស្រាវជ្រាវ​និយាយថា​ការខាតបង់​នៅក្នុង​ពិធី​បុណ្យចូលឆ្នាំ​ចិន​គិត​ជា​ទឹកប្រាក់​ប្រហែល​២១៥​ពាន់​លាន​យ័ន​ឬ​៧០​ភាគរយ​នៃ​ការខាតបង់​សរុប​ក្នុង​ខែមករា​។ ចំពោះ​ការ​លក់រាយ​ត្រូវបាន​សន្និដ្ឋានថា​រង​ផលប៉ះពាល់​ធ្ងន់​ជាងគេ​បំផុត​ដោយសារតែ​ការផ្ទុះ​វីរុស​កូរ៉ូណា ព្រោះ​ពលរដ្ឋ​ចិន​ចៀសវាង​ការទិញ​ទំនិញ​តាម​អន​ឡា​ញ ហើយ​ការលក់ទំនិញ​ប្រណីតៗ​ផ្សេងទៀត​ក៏​ធ្លាក់ចុះ​យ៉ាងខ្លាំង​។ ការខាតបង់​ដែល​បាន​ប៉ាន់ស្មាន​លើ​វិស័យ​លក់រាយ​មាន​ចំនួន​១៣០​ពាន់​លាន​យ័ន​។ ដោយសារតែ​ការធ្វើដំណើរ​កំពុង​រឹត​បន្ដឹង​ហើយ​ផែនការ​ធ្វើដំណើរ​មួយចំនួន​ត្រូវ​លុបចោល ការខាតបង់​រួម​សម្រាប់​វិស័យ​ដឹកជញ្ជូន​និង​សេវាកម្ម​នានា​សរុប​ប្រមាណ​១៧០​ពាន់​លាន​យ័ន​។ 

​យោងតាម​ការស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​ខា​ស៊ី​ខន​ឬ​K-Research កំណើនសេដ្ឋកិច្ច​ចិន​នៅ​ឆ្នាំ​២០២០​អាច​ធ្លាក់​ចុះក្រោម​៥​ភាគរយ ប្រសិនបើ​វីរុស​កូរ៉ូ​ណាបន្ដ​រីករា​លដាល​ក្នុងរយៈពេល​ជាង​៣​ខែ​។ វា​ក៏​នឹង​ទំនងជា​ជះឥទ្ធិពល​ដល់​ប្រាក់ចំណូល​នៃ​វិស័យ​ជាច្រើន​ផ្សេងទៀត​។  ចំពោះ​អ្នកធ្វើ​គោលនយោបាយ​ចិន​បាន​សន្និដ្ឋានថា បើសិន​មិនអាច​ដោះស្រាយ​ការ​ផ្ទុះឡើង​នូវ​វីរុស​កូរ៉ូ​ណាបានទេ នោះ​នឹង​ជះឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ដល់​កំណើនសេដ្ឋកិច្ច​នៅ​ត្រីមាស​ទីមួយ​។​

​ប្រទេស​ចិន​មាន​ចំណែក​ខ្ពស់​នៃ​សេដ្ឋកិច្ចពិភពលោក និង​កាន់​តែមាន​ទំនាក់ទំនង​ល្អ​ជាមួយ​សេដ្ឋកិច្ច​ប្រទេស​ដទៃ​ចាប់តាំងពី​ឆ្នាំ​២០០២-២០០៣ ដែល​កាលនោះ​ក៏មាន​ផ្ទុះ​ជំងឺ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ​មួយ​ឈ្មោះ​ជំងឺ​SARS​។ សព្វថ្ងៃ​សេដ្ឋកិច្ច​ចិន​រួមចំណែក​ក្នុង​សេដ្ឋកិច្ចពិភពលោក​ជិត​១៧​ភាគរយ ដូច្នេះ​បើ​សេដ្ឋកិច្ច​ចិន​ធ្លាក់ចុះ​នោះ​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ចពិភពលោក​ដូចគ្នា​៕

ព័ត៌មានផ្សេងទៀត