GMAC​ខកចិត្ត​រឿង​ព្យួរ​EBA​ខណៈ​ក្រសួង​ការងារ​ថា​មិន​ជា​បញ្ហា​ឡើយ​

17-02-2020 5:46 pm 234
  ស្តាប់
ស្តាប់ជាសំឡេង

​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា (GMAC) បាន​សម្តែង​នូវ​ការខកចិត្ត ចំពោះ​គណៈកម្មការ​អឺរ៉ុប ចំពោះ​ការសម្រេច​ព្យួរ ដោយ​ផ្នែក​នៃ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA ពី​ប្រទេស​កម្ពុជា ដោយ​ជំរុញ​គណៈកម្មការ​អឺរ៉ុប និង​សមាជិក​សភា​អឺរ៉ុប ពិចារណា​ឡើងវិញ ចំពោះ​សេចក្តីសម្រេច​នេះ​។ យ៉ាងណាមិញ ក្រសួង​ការងារ បានបញ្ជាក់​ថា ការសម្រេច​ដក​នេះ មិនមែន​ជា​បញ្ហា​សម្រាប់​កម្ពុជា​នោះទេ ព្រោះ​កម្ពុជា​បាន​ត្រៀម​ខ្លួន​រួចជាស្រេច​ហើយ​។ ដោយៈ​សៅ វិសាល​

​លោ​ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បញ្ជាក់​ជា​ថ្មី​ថា ទោះបី​មាន ឬ​គ្មាន EBA ពី​សហភាព​អឺរ៉ុប ក៏​កម្ពុជា​បាន​តាំងចិត្ត​រួចហើយ​ថា ការលើកកម្ពស់​លក្ខខណ្ឌ​ការងារ និង​សិទ្ធិ​សេរីភាព របស់​កម្មករ​និយោជិត ជា​អាទិភាព​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ជានិច្ច​។​

​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើ​ផែនការ​រួម របស់​គម្រោង​រោងចក្រ​កាន់តែ​ល្អប្រសើរ នៅ​កម្ពុជា​នា​ថ្ងៃទី​១៧ ខែ​កុម្ភៈ​នេះ លោក​ហេង សួរ បានបញ្ជាក់​ថា កម្ពុជា​មិនមែន​ជា​ប្រទេស ដែល​អាក្រក់​ដូចដែល​គេ​បាន​ចោទ​នោះទេ​។ កម្ពុជា មាន​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) គម្រោង BFC និង​ម្ចាស់​ពាណិជ្ជ​សញ្ញា (Brand) ទាំងអស់​ជា​សាក្សី​ថា កម្ពុជា​អនុវត្ត​បាន​ល្អ​យ៉ាងណាខ្លះ ក្នុង​រយៈពេល​២០​ឆ្នាំ​មកនេះ ពាក់ព័ន្ធ​នឹង​លក្ខខណ្ឌ​ការងារ និង​សេរីភាព​របស់​អង្គការ​វិជ្ជាជីវៈ​។​

​អ្នកនាំពាក្យ​រូប​នេះ បន្ថែមថា ការសម្រេច​ដក​ផ្នែក​ខ្លះ នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA ពី​កម្ពុជា មិនមែន ដោយសារ​តែ​កម្ពុជា មិន​បាន​ផ្ដល់​លក្ខខណ្ឌ ដល់​ការងារ​កម្មករ​និយោជិត រឺ​សិទ្ធសេរីភាព​ទៅឲ្យ​អង្គការ​វិជ្ជាជីវៈ​នោះទេ ប៉ុន្តែ​វា​ជា​បញ្ហា​នយោបាយ ដែល​ប្រទេស​មួយចំនួន ចង់ឲ្យ​កម្ពុជា ធ្វើ​តាម​គោលនយោបាយ ការបរទេស​របស់​ពួកគេ​។ ដូច្នេះ មិនគួរណា ភ្ជាប់​លក្ខខណ្ឌ​ការងារ ទៅ​នឹង​នយោបាយ​នោះ​ឡើយ​។​

​ដោយឡែក សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា (GMAC) នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ​នេះ បាន​សម្តែង​នូវ​ការខកចិត្ត ចំពោះ​គណៈកម្មការ​អឺរ៉ុប បន្ទាប់​ពី​សម្រេច​ព្យួរ​ដោយ​ផ្នែក​នៃ​កម្មវិធី «​អនុគ្រោះ​ពន្ធ​លើ​គ្រប់​មុខ​ទំនិញ​លើកលែង​តែ​សព្វាវុធ ឬ EBA» ពី​ប្រទេស​កម្ពុជា​។​

​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន GMAC បាន​សង្កត់ធ្ងន់ថា «​សូម​ជំរុញ​គណៈកម្មការ​អឺរ៉ុប និង​សមាជិក​សភា​អឺរ៉ុប ពិចារណា​ឡើងវិញ ចំពោះ​សេចក្តីសម្រេច​នេះ ដោយ​ពិចារណា​ទៅលើ​គុណ​តម្លៃ​នៃ​កម្មវិធី​នេះ ដែល​ត្រូវបាន​ដាក់​អនុវត្ត​ជិត​២០​ឆ្នាំ​កន្លង​ទៅ ជំនួស​ការអភិវឌ្ឍន៍ កាត់បន្ថយ​ភាពក្រីក្រ និង​សេចក្តីថ្លៃថ្នូរ​នៃ​ការងារ​។ កម្មវិធី EBA គឺជា​ជោគជ័យ​ច្បាស់​មួយ នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​ការសម្រេចបាន​នូវ​គោលដៅ​ទាំងនេះ ការដក​ដោយ​ផ្នែក​នៃ​កម្មវិធី​នេះ នឹង​បាន​ត្រឹមតែ​ធ្វើឱ្យ​បាត់បង់​ការងារ និង​នាំឱ្យ​មាន​ភាពក្រីក្រ​»​។​

GMAC បានបញ្ជាក់​ថា «​សេចក្តីសម្រេច​របស់​ស​ហ​ភាព​អឺរ៉ុប នឹង​ទំនងជា​ធ្វើឱ្យ​មាន​ការភ័ន្តច្រឡំ​ពាក់ព័ន្ធ នឹង​ស្ថានភាព​ពាណិជ្ជកម្ម ដែល​កំពុង​ឆ្ពោះទៅមុខ ហើយ​នឹង​លើក​ទឹកចិត្ត ឲ្យ​អ្នក​បញ្ជា​ទិញ​ទៅ​ទិញ​ពី​បណ្តា​ប្រទេស​ដទៃៗ ដែល​មាន​ការគោរព​សិទ្ធិ សហជីព​អន់​ឆ្ងាយ​ពី​កម្ពុជា ហើយ​ទំនង​ជា​បណ្តាល​ឱ្យ​មានកា​រ​បាត់បង់ ការងារ​ដល់​កម្មករ​រាប់​ម៉ឺន​នាក់ ហើយ​ដែល​ភាគច្រើន​បំផុត​នៃ​ពួក​គេ គឺជា​សមាជិក​សហជីព ហើយ​ធ្វើឱ្យ​មាន​ភាពក្រីក្រ​កាន់តែ​ខ្លាំង​ឡើង នៅក្នុង​ប្រទេស ហើយ​ធ្វើឱ្យ​វា​កាន់តែ​លំបាក ក្នុងការ​ដំឡើង​ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​សម្រាប់​កម្ម​ក​រ ដោយសារ​ផលប៉ះពាល់​អវិជ្ជមាន នៃ​ការប្រកួតប្រជែង​មកលើ​វិស័យ​កាត់ដេរ ដោយសារ​ពន្ធ​ដែល​ដាក់​ដោយ​សហភាព​អឺរ៉ុប​»​។​

​ជា​ការកត់សម្គាល់ លោក​សម រង្ស៊ី អតីត​មេដឹកនាំ​គណបក្សប្រឆាំង ដែល​អន្ទះសា​ជាងគេ ក្នុងការ​រង់ចាំ​មើល​ចំណាត់ការ​អឺរ៉ុប ហាក់ដូចជា​បន្ទន់ឥរិយាបថ ចំពោះ​ការសម្រេច​របស់​អឺរ៉ុប​នេះ ដោយ​លោក​និយាយថា ការសម្រេច​នេះ គឺជា​សំណាងល្អ​ទៅវិញ​ទេ (Blessing in disguise) សម្រាប់​ឲ្យ​ប្រទេស​កម្ពុជា​មាន​ឱកាស​ធ្វើការ​កែទម្រង់​ចាំបាច់​ខ្លះៗ ដើម្បី​ឲ្យ​ឧស្សាហកម្ម​កម្ពុ​ជា ដំណើរការ​បាន​ដោយ​មិនចាំបាច់​រំពឹង​លើ​ប្រព័ន្ធ EBA​។ ប៉ុន្តែ​លោក​ថា កម្ពុជា​ត្រូវតែ​ដោះស្រាយ​បញ្ហា​ពីរ​យ៉ាង ទី​១- លើកកម្ពស់ លទ្ធភាព​ប្រកួតប្រជែង លើ​ទីផ្សារ​អន្តរជាតិ និង​២- លើកកម្ពស់ ផលិតភាព នៃ​ឧស្សាហកម្ម ដែល​ត្រូវ​ផលិត​ទំនិញ មាន​គុណភាព​ល្អ ក្នុងតម្លៃ​ទាប​សមរម្យ ដើម្បី​អាច​ប្រកួតប្រជែង ជាមួយ​ទំនិញ​មកពី​ប្រទេស​ដទៃ​ទៀត ដែល លក់​ដូច​គ្នា​លើ​ទីផ្សារ​អន្តរជាតិ​។​

​ចំណែក​លោក​យ៉ង សាំង​កុមារ អ្នកជំនាញ​ខាង​សេដ្ឋកិច្ច កសិកម្ម និង​ជា​សហ​ស្ថាបនិក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​បាន​តាមដាន និង​បារម្ភ​ពី​បញ្ហា​EBA​នេះ មិន​យល់​ទាស់​អ្វី​នឹង​ការលើកឡើង​របស់​លោក​សម រង្ស៊ី​នេះ​ដែរ​។ លោក​ថា នេះ​ក៏​ជា​តេស្ត​មួយ​សម្រាប់​កម្ពុជា​។ ប៉ុន្តែ​លោក​ថា កន្លងមក​រដ្ឋាភិបាល​នៅ​មិនទាន់​មាន​កំណែទម្រង់​ច្បាស់លាស់​ដើម្បី​លើកកម្ពស់ លទ្ធភាព​ប្រកួតប្រជែង លើ​ទីផ្សារ​អន្តរជាតិ​នៅ​ឡើយ​ទេ 

​ទោះបីយ៉ាងណា ក៏ដោយ លោក​ហេង សួរ បញ្ជាក់ថា កម្ពុជា​បាន​ត្រៀម​នូវ​អ្វី ដែល​ជា​កញ្ចប់​ឆ្លើយតប​ទៅ​នឹង​ផលប៉ះពាល់​ណាមួយ ដែល​ប៉ះពាល់​ទៅលើ​វិស័យ​ពាណិជ្ជកម្ម​កម្ពុជា ដោយសារ​តែ​ការសម្រេចចិត្ត ដោយ​អយុត្តិធម៌​។ ទោះបីជា​មាន ឬ​គ្មាន​EBA រាជរដ្ឋាភិបាល​កម្ពុជា​បាន​តាំងចិត្ត​រួចហើយ​ថា ការលើកកម្ពស់​លក្ខខណ្ឌ​ការងារ ការគោរព​នូវ​សេរីភាព​របស់​កម្មករ​និយោជិត វា​គឺជា​អាទិភាព ដូច្នេះ​បាន​ជា​កម្ពុជា​ភ្ជាប់​ពាណិជ្ជកម្ម​ទៅនឹង​លក្ខខណ្ឌ​ការងារ​។​

​សូមជម្រាបថា កាលពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២០ គណៈកម្មការ​អឺរ៉ុប (EU) បាន​ចេញ​សេចក្តីសម្រេច​កាត់​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA​។ តាម​ការវាយតម្លៃ​របស់​ផ្នែក​ឯកជន ការ​កាត់​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ មាន​ទឹកប្រាក់​ប្រមាណ​១៤០​លាន​ដុល្លារ​អាមេរិក លើក​ផលិតផល​៤០​មុខ​របស់​កម្ពុជា​៕

 ពាក្យគន្លឹះ  GMACEBAក្រសួងការងារ

ព័ត៌មានផ្សេងទៀត