អ្នកដំណើរ​អាមេរិក​១៤​នាក់​បាន​ឆ្លង​វីរុស​កូរ៉ូ​ណាក្រោយពី​ជម្លៀសខ្លួន​ចេ​ញ​ពី​កប៉ាល់​Diamond Princess

17-02-2020 4:28 pm 596

​ក្រសួងការបរទេស​អា​មេរិក នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២០​នេះ ប្រកាសថា​ខ្លួន​បាន​រកឃើញ​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ចំនួន ១៤​ករណី​ថ្មី​ទៀត​ហើយ​លើ​ជនជាតិ​អាមេរិក​។ ជនជាតិ​អាមេរិក​ទាំង​១៤​នាក់​ដែល​ផ្ទុក​វីរុស​កូរ៉ូណា ឬ​COVID-19 នេះ ជា​អ្នកដំណើរ​ក្នុងចំណោម​អ្នកដំណើ​រទាំង​៣០០​នាក់ ដែល​ត្រូវបាន​ជម្លៀស​ខ្លួន​ចេញពី​កប៉ាល់​ទេសចរណ៍ Diamond Princess ផ្ទុក​អ្នកដំណើរ​សរុប ៣,៦០០​នាក់ នៅ​កំពង់ផែ​ប្រទេស​ជប៉ុន​កាលពី​ពេល​ថ្មីៗ​កន្លងទៅ​។​

​បើ​តាម​ការបញ្ជាក់​របស់​នាយកដ្ឋាន​សុខភាព និង​មនុស្ស​របស់​អាមេរិក​បាន​បញ្ជាក់ថា អ្នកដំណើរ​អាមេរិក​ទាំ​ង​១៤​នាក់​នេះ ត្រូវបាន​រកឃើញ​ថា​វិជ្ជមាន​ដោយ​មាន​ផ្ទុក​នូវ​វីរុស​កូរ៉ូណា បន្ទាប់ពី​ពួកគេ​ទទួល​ការត្រួតពិនិត្យ​លើ​សុខភាព​ជា​ច្រើន​ថ្ងៃ ហើយ​ត្រៀម​នឹង​បញ្ជូន​តាម​ជើងហោះហើរ​ដាច់ដោយឡែក​មួយ ដើម្បី​ធ្វើ​ដំណើរ​ទៅកាន់​ទឹកដី​អាមេរិក​វិញ​។​

​គួរបញ្ជាក់​ថា ការដឹក​បញ្ជូន​ជនជាតិ​អាមេរិក​ពី​ប្រទេស​នានា​ដែល​មាន​ការ​រាលដាល​នូវ​ជំងឺ​រលាក​សួត​ថ្មី​ទៅ​កាន់​ទឹកដី​កំណើត​វិញ ត្រូវបាន​បែងចែក​ជា​២​ជើងហោះហើរ​។ ជាក់ស្ដែង​ជើងហោះហើរ​ទី​១ នឹង​ត្រូវ​ចុះចត​នៅ​មូលដ្ឋាន​កងទ័ព​អាមេរិក ក្នុង​រដ្ឋ​កាលីហ្វ័​រញ៉ា ដែល​អ្នកដំណើរ​ទាំងអស់​ត្រូវបាន​ដាក់​ស្ថិត​ក្រោម​ការត្រួតពិនិត្យ​សុខភាព​ចំនួន ១៤​ថ្ងៃ​។ ចំណែកឯ​ជើងហោះហើរ​ទី​២ ត្រូវបាន​ដឹក​បញ្ជូន​ទៅ​តំបន់ San Antonio ក្នុង​រដ្ឋ​តិច​សាស់​។​

សូម​ជម្រាប​ផងដែរ​ថា គិត​មក​ទល់​នឹង​ពេលនេះ​អាមេរិក​បាន​ធ្វើ​ការជម្លៀស​ប្រជាជន​របស់​ខ្លួន​ប្រមាណ ៦០០​នាក់​ហើយ​ចេញពី​ទីក្រុង​វូ​ហាន ដែល​ជា​ដើម​កំណើត​នៃ​ជំងឺ​រលាក​សួត​ថ្មី​បង្ក​ពី​វីរុស​កូរ៉ូណា​។ ក្រៅ​ពី​អាមេរិក​កំពុង​ព្យាយាម​បញ្ចូន​ប្រជាជន​របស់​ខ្លួនចេ​ញ​ពី​ប្រទេស​មួយចំនួន​ទៀត ដែល​អះអាង​ថា​មាន​ការឆ្លង​នូវ​ជំងឺ​រលាក​សួត​ថ្មី​នេះ​។​

​គួររម្លឹកថា គិត​តាំងពី​ថ្ងៃ​ផ្ទុះ​ឡើង​មក​ទល់​នឹង​ពេលនេះ ជំងឺ​រលាក​សួត​ថ្មី​បង្ក​ពី​វីរុស​កូរ៉ូណា បាន​សម្លាប់​មនុស្ស​ប្រមាណ​ជាង ១,៧០០​នាក់​ហើយ ព្រមទាំង​បាន​ចម្លង​ទៅ​មនុស្ស​ប្រមាណ​ជាង ៧០,០០០​នាក់​នៅក្នុង​ប្រទេស​ចិន​៕

ព័ត៌មានផ្សេងទៀត