រដ្ឋមន្ត្រី​សុខាភិបាល​ចេញ​ការព្រមាន ដើម្បី​ការពា​រការ​រាតត្បាត​វីរុស​កូរ៉ូ​ណានៅ​ជប៉ុន​

17-02-2020 3:46 pm 320

​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ជប៉ុន​លោក Katsunobu Kato​នៅ​ថ្ងៃអាទិត្យ បាន​ជំរុញ​ឲ្យ​សាធារណៈជន​ជៀសវាង​ពី​ហ្វូងមនុស្ស​និង ការប្រមូលផ្តុំ​ដែល​មិនចាំបាច់ រួមទាំង​រថភ្លើង​ដឹក​អ្នកដំណើរ ដែលមាន​លក្ខណៈ​អ៊ូអរ​ផងដែរ ដើម្បី​ប​ងា្ករ​ការរីក​រាលដាល ​វីរុស​កូរ៉ូ​ណាឬកូវី​ដ​១៩( COVID-19) ក្នុងប្រទេស​ជប៉ុន​។ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ជប៉ុន បាន​ថ្លែងប្រាប់​អ្នកកាសែត​នៅក្នុង​សន្និសីទ​សារព័ត៌មាន ដោយ​បង្ហាញ​ពី​ភាពចាំបាច់​នៅក្នុង​ការ​សាមគ្គី​គ្នា​ថា វីរុស​កូរ៉ូណា​ត្រូវការ​ការចូលរួម​ជា​ធ្លុង​មួយ ទាំង​រដ្ឋាភិបាល​និង​ប្រជាជន​ជប៉ុន​ទាំងមូល ដើម្បី​ដោះស្រាយ​ជំងឺឆ្លង​នេះ​កុំឲ្យ​រីករា​លដាល​។​

​លោក Katsunobu Kato បាន​ព្រមាន​ថា ប្រទេស​នេះ​កំពុង​ឈានចូល​ដំណាក់កាល​ថ្មី​មួយ នៅក្នុង​ការផ្ទុះ​ឡើង​នៃ​វីរុស​នេះ ដែល​បាន​ឆ្លង​ដល់​មនុស្ស​ជិត ៦០ នាក់ នៅក្នុង​ប្រទេស​ជប៉ុនរ​ហូត​មកដល់ពេលនេះ​។ រដ្ឋាភិបាល​ជប៉ុន​នឹងធ្វើ​សេចក្តីព្រាង​គោលការណ៍​ណែនាំ​ថ្មីៗ សម្រាប់​វេជ្ជបណ្ឌិត​និង​ប្រជាជន​សាមញ្ញ​អនុវត្ត ដើម្បី​បង្ការ​ការរីក​រាលដាល​។​

​មកទល់ពេលនេះ ករណី​ឆ្លង​នៃ​វីរុស​កូរ៉ូណា​នៅក្នុង​ប្រទេសជ​ប៉ុនបា​ន​កើន​ដល់ ៥៩ ករណី​។ តួលេខ​នេះ​មិន​រាប់បញ្ចូល​ករណី​ឆ្លង ដែល​រកឃើញ​លើ​មនុស្ស​នៅក្នុង​នាវា Diamond Princess ដែល​បានដាក់​នៅ​ដាច់ដោយឡែក នៅ​ប្រទេស​ជប៉ុន​នោះទេ​។ មនុស្ស​ជាង​៣៥០​នាក់ ក្នុងចំណោម​មនុស្ស​ចំនួន ១,២១៩ នាក់ នៅក្នុង​នាវា​ដឹកនាំ​អ្នកដំណើរ​ខ្នាត​យក្ស​មួយ​នេះ ត្រូវបាន​គេ​ធ្វើតេស្ត​រកឃើញ​ផ្ទុក​វីរុស​កូរ៉ូណា ហើយ​ក្នុងចំណោម​នោះ​មាន​បុគ្គល ៧៣ នាក់​មិន​បង្ហាញ​រោគសញ្ញា​ទេ​។ សរុប​ទាំង​មនុស្ស​ក្នុង​នាវា​និង​ខាងក្រៅ​នាវា មាន​ជាង​៤០០​នាក់ កំពុង​ផ្ទុក​វីរុស​កូរ៉ូណា​នៅក្នុង​ប្រទេស​ជប៉ុន និង​ករណី​ស្លាប់មាន​១​ករណី​។ លោក Takaji Wakita ប្រធាន​វិទ្យាស្ថាន​ជាតិ​ជំងឺឆ្លង​និយាយថា អ្នក​ដែល​ឆ្លង​វីរុស​នេះ ភាគច្រើន​ហាក់ដូចជា​ជួបប្រទះ​នឹង​ស្ថានភាព​ស្រាលៗ​ស្រដៀង​នឹង​ជំងឺ​ផ្តាសាយ​ធម្មតា ហើយ​ប្រហែលជា​មិនដឹងថា​ពួកគេ​មាន​ផ្ទុក​ជំងឺ​គ្រោះថ្នាក់ ដែល​អាច​បណ្តាលឲ្យ​រាលដាល​ដល់​អ្នកដទៃ​នោះឡើយ​។​

​គួរ​ជម្រាបជូន​ថា ក្រៅពី​ចិន​ដែលមាន​អ្នក​ឆ្លង​ចំនួន​៧០,៥៤៨​នាក់ និង​ស្លាប់​ចំនួន​១,៧៧០​នាក់​គិត​ត្រឹម​ថ្ងៃទី​១៦​កុម្ភៈ គឺ​ជប៉ុន​មាន​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ច្រើនជាងគេ ក្នុងចំណោម​ប្រទេស​ចំនួន​២៧​ផ្សេងទៀត នៅក្នុង​ពិភពលោក​៕​

 ពាក្យគន្លឹះ  ជប៉ុនវីរុសកូរ៉ូណា

ព័ត៌មានផ្សេងទៀត