លោកហេង សួរ៖ ទោះដកEBA ក៏កម្ពុជានៅតែលើកកម្ពស់លក្ខខណ្ឌការងារនិងគោរពសិទ្ធិកម្មករ

17-02-2020 3:41 pm 204

 ទោះបីមាន ឬគ្មាន EBAពីសហភាពអឺរ៉ុប ក៏កម្ពុជាបានតាំងចិត្តរួចហើយថា ការលើកកម្ពស់លក្ខខណ្ឌការងារ ការគោរពសិទ្ធិសេរីភាពរបស់កម្មករនិយោជិត ជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាជានិច្ច រយៈ ពេល២០ឆ្នាំមកនេះកម្ពុជាមិនដែលងាកចេញពីគោលនយោបាយនេះនោះទេ។នេះបើតាមការលើកឡើងរបស់ លោកហេង សួររដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងកិច្ច ប្រជុំ ពិគ្រោះ យោបល់លើផែនការរួមរបស់គម្រោងរោងចក្រកាន់តែល្អប្រសើរនៅកម្ពុជា នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២០។

ការលើកឡើងនេះ បន្ទាប់ពីមានការរិះគន់ចំពោះការសម្រេចដកផ្នែកខ្លះនៃ EBA នាពេលថ្មីៗនេះ។លោក ហេង សួរ បានបញ្ជាក់ថា កម្ពុជាមិនមែនជាប្រទេសដែលអាក្រក់ដូចដែលគេបានចោទនោះទេ កម្ពុជា តែងតែប្រៀបធៀបខ្លួនឯងជាមួយប្រទេសដទៃផ្សេងទៀត ហើយមានអង្គការអន្តរជាតិខាងការងារ គម្រោង BFC និងម្ចាស់ពាណិជ្ជសញ្ញាទាំងអស់ជាសាក្សីថា កម្ពុជាអនុវត្តបាន ល្អយ៉ាងណាខ្លះ ក្នុង រយៈពេល២០ឆ្នាំមកនេះ ពាក់ព័ន្ធនឹងលក្ខខណ្ឌការងារ និងសេរីភាពរបស់ អង្គការវិជ្ជាជីវៈ។

បើតាមលោក ហេង សួរនៅពេលអឺរ៉ុបសម្រេចដកផ្នែកខ្លះនៃ EBA វាមិនមែនដោយ សារកម្ពុជា មិន បានផ្ដល់លក្ខខណ្ឌដល់ការងារកម្មករនិយោជិត រឺសិទ្ធសេរីភាពទៅឱ្យ អង្គការវិជ្ជាជីវៈ នោះទេ ប៉ុន្តែ ដោយសារបញ្ហានយោបាយ ដែលប្រទេសមួយចំនួនតម្រូវឱ្យកម្ពុជាធ្វើតាម គោលនយោបាយ ការ បរទេសរបស់ពួកគេ ដែលជាការអនុវត្តស្ដង់ដាពីរ។ តែទោះ ជាយ៉ាងណា ពួកគេមិនគួរ ភ្ជាប់ លក្ខខណ្ឌ ការងារទៅនឹងនយោបាយនោះឡើយ។

លោក បានអះអាងថា កម្ពុជាបានត្រៀមនូវអ្វីដែលជាកញ្ចប់ឆ្លើយតបទៅនឹងផលប៉ះពាល់ណាមួយ ដែលប៉ះពាល់ទៅលើវិស័យពាណិជ្ជកម្មកម្ពុជា ដោយសារតែការសម្រេចចិត្តដោយអយុត្តិធម៌។ ទោះបីជាមាន ឬគ្មានEBA រាជរដ្ឋាភិបាលកម្ពុជាបានតាំងចិត្តរួចហើយថា ការលើកកម្ពស់លក្ខខណ្ឌ ការ ងារ ការគោរពនូវសេរីភាពរបស់កម្មករនិយោជិត វាគឺជាអាទិភាព ដូច្នេះបានជាកម្ពុជា ភ្ជាប់ពាណិជ្ជ កម្ម ទៅនឹងលក្ខខណ្ឌការងារ៕

 

ព័ត៌មានផ្សេងទៀត