ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​​ប្រគល់​ពាន​”​ភាពជា​អ្នកដឹកនាំ​និង​អភិបាលកិច្ច​ល្អ​”​ជូន​លោក​ហ៊ុនសែន​​

17-02-2020 3:39 pm 145

​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី បានប្រគល់​ពានរង្វាន់ ភាពជា​អ្នកដឹកនាំ និង​អភិបាលកិច្ច​ល្អ រួមជាមួយ​នឹង​ថវិកា​ចំនួន​១០០,០០០USD(​ដប់​ម៉ឺន​ដុល្លា​អាមេរិក​)​ជូន​ចំពោះ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ចំពោះ​ស្នាដៃ​ដឹកនាំ​ប្រទេស​ប្រកបដោយ​សន្តិភាព និង​ការអភិវឌ្ឍ ពី​អង្ក​ការ​សម្ព័ន្ធ​សន្តិភាព​សកល កាលពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្នុងឱកាស​ដែល​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​នៅ​ថ្ងៃទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២០​។ 

​នៅក្នុង​លិខិត​ដដែល​នោះ បាន​ឲ្យដឹងទៀតថា គុណ​តម្លៃ​ភាពជា​អ្នកដឹកនាំ​របស់ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ត្រូវបាន​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល និង​ភ្ញៀវកិត្តិយស​ជាតិ និង​អន្តរជាតិ​សំខាន់ៗ ដែល​បានមក​ចូលរួម​ក្នុងឱកាស​នោះ បានលើកឡើង និង​សរសើរ​សិល្បៈ នៃ​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត ទស្សនវិស័យ និង​បញ្ញាញាណ​ដ៏​ឈ្លាសវៃ ក្នុង​ការបង្រួបបង្រួម​ជាតិ ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ គួរ​ជាទី​មោទន​បំផុត ហើយ​ពិតជា​សក្តិសម​បំផុត​ចំពោះ​គំរូ​វីរៈភាព ដែល​តែងតែ​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការកសាង​ទំនាក់ទំនង​រួមចំណែក​រក្សា​សន្តិភាព​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក ជាពិសេស​ក្នុង​កិច្ចការ​មនុស្សធម៌​។​

​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​បាន​បញ្ជាក់ថា «​ក្នុងនាម​ជា​ប្រធាន​ស្ថាបនិក​កិត្តិយស​នៃ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​បង្វិល​ថវិកា​ដែល​បានមកពី​ពានរង្វាន់​«​ភាពជា​អ្នកដឹកនាំ និង​អភិបាលកិច្ច​ល្អ​» ជូន​មូលនិធិ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី ដើម្បី​ប្រើប្រាស់​ស្របទៅតាម​កម្មវត្ថុ​របស់ខ្លួន​។ 

​ជាមួយគ្នានេះ ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី បាន​សម្តែង​នូវ​សេចក្តី​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ​ទឹកចិត្ត​មនុស្សធម៌​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ដែលជា​សក្ខីភាព នៃ​តំណ​ភាព​យូរអង្វែង​គាំទ្រ​ដល់​សកម្មភាព​វប្បធម៌​មនុស្សជាតិ និង​បេតិកភណ្ឌ​របស់​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី និង​តែងតែ​ផ្តល់​ការគាំទ្រ​ដល់​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី ដើម្បី​រួមគ្នា​កសាង​សង្គម​វប្បធម៌​មនុស្សជាតិ​មួយ ដោយ​ឈរលើ​គោលការណ៍ នៃ​ការគោរព​គ្នា​ទៅវិញទៅមក និង​វិបុលភាព​រួម​៕


ព័ត៌មានផ្សេងទៀត