មនុស្សចំនួន​២២​នាក់​ត្រូវ​បាញ់សម្លាប់​ក្នុង​ប្រទេស​កា​មេ​រូ​ន​

17-02-2020 2:28 pm 1403

អង្គការសហប្រជាជាតិ បានបញ្ជាក់​ថា យ៉ាងហោច​ណាស់​មនុស្ស​ចំនួន ២២​នាក់ បាន​ស្លាប់​បាត់បង់​ជីវិត ក្នុង​ការបាញ់សម្លាប់​មួយ ស្ថិត​នៅ​ភាគ​ពាយព្យ​ប្រទេស​កា​មេ​រូ​ន កាលពី​ថ្ងៃ​សុក្រ ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២០​។ នេះ​បើ​ដកស្រង់​ការផ្សាយ​ពី​បណ្ដាញ​សារព័ត៌មាន BBC នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២០ នេះ​។​

​បើ​តាម​លោក​James Nunan មន្ត្រី​ទទួលបន្ទុក​ផ្នែក​មនុស្សធម៌​នៃ​អង្គការសហប្រជាជាតិ​បានឲ្យដឹងថា “​ការវាយប្រហារ​នេះ​មិន​ត្រឹមតែ​បាន​សម្លាប់​កុមារ​តូចៗ​ឡើយ ពោល​គឺ​បាន​សម្លាប់​ទាំង​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​ថែមទៀត ដោយ​ពួកគេ​ត្រូវបាន​ក្រុម​កងកម្លាំង​យោធា​ចាប់ចង​បាញ់សម្លាប់​ដូច​សត្វ​ធាតុ​។​” លោក​Nunan បន្តទៀតថា “​ក្រុម​ប្រដាប់អាវុធ​ដៃ​ឆៅ​ទាំងអស់​នោះ​នឹង​បន្ត​គំរាមកំហែង​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​បន្តទៀត ដែល​វា​ជា​អំពើ​តែ​រំលោភ​លើ​សិទ្ធិ​មនុស្ស​ដ៏​ធ្ងន់ធ្ងរ និង​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​កា​មេ​រូ​ន​កាន់តែ​មាន​ការព្រួយបារម្ភ​។ ”

​សូមបញ្ជាក់​ថា ក្នុងចំណោម​ជនរងគ្រោះ​ទាំង ២២​នាក់​ដែល​ត្រូវបាន​បាញ់សម្លាប់ មាន​ពាក់កណ្ដាល​ជា​កុមារ​។ ម្យ៉ាង​ការបាញ់សម្លាប់​នេះ​ទៀតសោត ពុំទាន់​មាន​ភាគី​ណា​ចេញមុខ​ទទួលស្គាល់​នៅឡើយ​នោះ​ទេ​ ដោយ​គេ​គ្រាន់តែ​ដឹងថា​កាលពីពេល​កន្លង​ទៅ​រដ្ឋាភិបាល​ធ្លាប់​មាន​ការវាយប្រហា​រគ្នា​ទៅវិញទៅមក ជាមួយនឹង​ក្រុម​ឧទ្ទាម​ឈ្មោះថា Ambazonia ដែល​បាន​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​អស់​រយៈពេល​៣​ឆ្នាំ​មកហើយ​។ ជាមួយគ្នានេះដែរ​ក្រុម​គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស​កា​មេ​រូ​ន បាននាំគ្នា​ទម្លាក់កំហុស​ទៅលើ​គណបក្ស​កាន់អំណាច ថា​ជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​ណាស់ ដោយ​ក្រុម​គណបក្ស​ប្រឆាំង​លើកឡើងថា “​ការបាញ់​សម្លាប់​នេះ​សបញ្ជាក់​យ៉ាងច្បាស់​ថា រដ្ឋាភិបាល​ដឹកនាំ​ប្រទេស​ជា​រដ្ឋាភិបាល​ប្រើប្រាស់​តែ​អំណាច​ផ្ដាច់ការ និង​កម្លាំងយោធា​។​”

​ជា​ការឆ្លើយតប​ទៅនឹង​ចោទប្រកាន់​នេះ មន្ត្រី​យោធា​រដ្ឋាភិបាល​កា​មេ​រូ​ន​ម្នាក់ បាន​ច្រានចោល​រាល់​ការចោទប្រកាន់​ខាងលើ​នេះ ដោយ​អះអាង​ថា វីដេអូ​នៃ​ការបាញ់​សម្លាប់​ដែល​បាន​បែកធ្លាយ​ពុំមែន​ជា​សកម្មភាព​របស់​យោធា​រដ្ឋាភិបាល​ឡើយ​។ មិនតែប៉ុណ្ណោះ​រដ្ឋាភិបាល​កា​មេ​រូ​ន​បាន​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​ការវាយប្រហារ​ដ៏​អមនុស្សធម៌​នេះ​។​

​គួរ​ជម្រាបជូន​ថា ចាប់តាំងពី​ផ្ទុះឡើង​នូវ​ជម្លោះ​រវាង​ក្រុម​ឧទ្ទាម នឹង​រដ្ឋាភិបាល​រួចមក មាន​មនុស្ស​ប្រមាណ ៣,០០០​នាក់ បាន​ស្លាប់​បាត់បង់​ជីវិត និង​ប្រមាណ ៧០,០០០​នាក់​កំពុង​ភៀសខ្លួន​ពី​លំនៅឋាន​៕

ព័ត៌មានផ្សេងទៀត