ក្រសួង​ស្នើ​ចាត់វិធានការ​លើ​ជន​បង្ហោះ​ព័ត៌មាន​ថា​លោក​ហ៊ុន សែន ឆ្លង​វី​រ៉ុស​កូរ៉ូណា​

17-02-2020 11:46 am 1171

​ក្រសួង​សុខាភិបាល​កម្ពុ​ជា នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ បានប្រកាស​បដិសេធ​ព័ត៌មាន ក្លែងក្លាយ​មួយ​នៅលើ Facebook ដែល​បង្ហោះ​ថា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ឆ្លង​ជំងឺ​ផ្លូវដង្ហើម​កូរ៉ូណា​ថ្មី (Covid-19)​។ ក្រសួង​ក៏​បាន​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ចាត់វិធានកា​រ​តាម​ច្បាប់​ចំពោះ​អ្នក​បង្ហោះ​ព័ត៌មាន​ក្លែងក្លាយ​នេះ​ផងដែរ​។​

​ការ​បង្ហោះ​ព័ត៌មាន​ក្លែងក្លាយ​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី ក្រសួង​សុខាភិបាល​ម៉ាឡេស៊ី​ប្រកាសថា ខ្លួន​បាន​រកឃើញ​នូវ​ករណី​ជំងឺ​ផ្លូវដង្ហើម​កូរ៉ូណា​ថ្មី នៅ​លើ​ស្ត្រី​ជនជាតិ​អាមេរិកាំង​ម្នាក់ អាយុ​៨៣​ឆ្នាំ ដែល​បាន​ធ្វើដំណើរ​តាម​នាវា​ទេសចរណ៍ Westerdam ចូលមក​ប្រទេស​កម្ពុជា ហើយ​បាន​ហោះហើរ​ចូល​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ​។​

​គណនី​ហ្វេ​សប៊ុក ដែល​បង្ហោះ​ព័ត៌មាន​ក្លែងក្លាយ ដែល​មានឈ្មោះ​ថា News Fast បាន​បង្ហោះ​ថា ព័ត៌មាន​ក្តៅៗ​!!! បើ​តាម​ប្រភព​ច្បាស់ការ​ពី​គ​៨៥ ដែល​ស្និត​នឹង​គណបក្ស​ប្រជាជន​កម្ពុជា បាន​បង្ហើប​ថា ហ៊ុន សែន បាន​ឆ្លង​ជំងឺ​កូរ៉ូណា ពី​ស្ត្រី​ជនជាតិ​អាមេរិក​ម្នាក់ បន្ទាប់​ពី​ទួល​ស្វាគមន៍​អោប​យ៉ាង​កក់ក្តៅ​។​ ​ក្រោយ​ពី​ស្ត្រី​ជនជាតិ​អាមេរិក​វ័យ​៨៣​ឆ្នាំ ទៅ​ដល់​ប្រទេស​ម៉ាឡេស៊ី បាន​ពិនិត្យ​រកឃើញ​ជំងឺឆ្លង​មេរោគ​កូរ៉ូណា លើ​ស្ត្រី​ជនជាតិ​អាមេរិក​ម្នាក់​នេះ​។​ពេល​នេះ​រស់នៅ​ពិបាក​ជាង​ស្លាប់​ទៅ​ទៀត ក្រោយ​ពី​ឆ្លង​ជំងឺ​កូរ៉ូណា ហើយ​ខណៈ​នេះ ត្រូវបាន​បញ្ជូន​ទៅ​ប្រទេស​សឹង្ហ​បុរី​ហើយ ដើម្បី​ពិនិត្យព្យ​បាលជា​បន្ទាន់​!!

​យ៉ាងណាមិញ លោកស្រី ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល បានបញ្ជាក់​ថា ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២០ របស់ «​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី​» ដែល​ធ្វើឡើង​នៅ​វិមាន​សន្តិភាព​។ លោកស្រី ក៏​បាន​ស្នើឲ្យ​អាជ្ញាធរ ចាត់វិធានការ​ជាបន្ទាន់ ចំពោះ​ជន​បំពុលសង្គម​នេះ​ផងដែរ​៕

 

ព័ត៌មានផ្សេងទៀត