លោក​សម រង្ស៊ី ​ប្រាប់​ឲ្យ​លោក​ហ៊ុន សែន​ គិតពី​សុខភាព​ និង​អាយុជីវិត​ខ្មែរ​​ជាមុនសិន ​

16-02-2020 4:39 pm 2310
  ស្តាប់
ស្តាប់ជាសំឡេង

​កាលពី​ថ្ងៃទី​១៣ កុម្ភៈ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា លោក​ហ៊ុន សែន បាន​អនុញ្ញាតឲ្យ​នាវា​ទេសចរណ៍ MS Westerdam ចូល​ចត​នៅ​កំពង់ផែ​ព្រះ​សីហ ខណៈ​ប្រទេស និង កោះ​ចំនួន​៦ ផ្សេងទៀត​មិន​អនុញ្ញាត​។ 
​ការណ៍​នេះ ក៏​ត្រូវបាន​មេដឹកនាំ​ពិភពលោក រួមទាំង​អង្គការ​សុខភាព​ពិភពលោក​ផង សម្តែង​ការ​សាទរ និង​ចាត់ទុក​ប្រទេស​កម្ពុជា ថា​មាន​សមានចិត្ត​មនុស្សធម៌​យ៉ាង​ជ្រាលជ្រៅ​បំផុត​។​

​ប៉ុន្តែ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើងថា ប្រទេស​កម្ពុជា​កំពុង​ធ្វើ​ផ្ទុយ​ពី​ប្រទេស​នានា​ក្នុង​ពិភពលោក លើ​វិធានការ​ការពារ​វីរុស​កូរ៉ូណា ដោយ​បាន​អនុញ្ញាតឲ្យ​នាវា​ទេសចរណ៍ MS Westerdam ចូល​ចត​នៅ​កំពង់ផែ​ព្រះសីហនុ​។ 

​បន្ថែម​លើ​សេចក្តីថ្លែងការណ៍​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក​សម រង្ស៊ី ដែល​ចាត់ទុក​ខ្លួនឯង​ជា​ប្រធានស្តីទី​គណបក្ស​នេះ ចេញ​សារ​ផ្ទាល់ខ្លួន​នៅលើ​បណ្តាញ​សង្គម​ថា​«​យើង​មិន​ជំទាស់​ការ​ជួយសង្គ្រោះ​អ្នកដទៃ​ទេ តែ ហ៊ុន សែន ត្រូវតែ​គិតគូរ​ពី​សុខភាព និង​អាយុជីវិត​ប្រជាពលរដ្ឋ​ខ្មែរ នៅលើ​ទឹកដី​ប្រទេស​កម្ពុជា ជាមុនសិន គឺ​មិន​ត្រូវឲ្យ​ជន​ជាតិចិន មកពី​ប្រទេស​ចិន រាប់រយ​រាប់ពាន់នាក់ ដែល​អាច​ផ្ទុកមេរោគ វីរុស​កូរ៉ូណា ចូលមក​ប្រទេស​កម្ពុជា​តាមចិត្ត ដូច​សព្វថ្ងៃនេះ​ទេ​»​។ 

​លោក​សមរង្ស៊ី និយាយថា ដោយសារតែ​ការបើកចំហ​ឲ្យ​ជន​ជាតិចិន ដែល​អាច​នាំមក​ជំងឺ បណ្តាលមកពី​មេរោគ​វីរុស​កូរ៉ូ​ណានេះ ចូលមក​ប្រទេស​កម្ពុជា​តាមចិត្ត ទើប​លោក​ហ៊ុន សែន ទទួល​សម្ពាធ​ពី​អន្តរជាតិ ឲ្យ​កប៉ាល់ Westerdam ដែល​ដឹក​អ្នកដំណើរ​អន្តរជាតិ​ជាង ២ ពាន់​នាក់ ចូលមក​សំចត នៅ​ទី​ក្រុងព្រះសីហនុ កាលពី​ថ្ងៃ ១៣ កុម្ភៈ​កន្លងទៅនេះ​។ លោក​បន្តថា «​គេ​បាន​ប្រាប់​ទៅ ហ៊ុន សែន ថា បើ​គាត់​ឲ្យ​ជន​ជាតិចិន មកពី​ប្រទេស​ចិន ចូលមក​ប្រទេស​កម្ពុជា តាម​យន្តហោះ តាមចិត្ត យ៉ាង​គគ្រឹកគគ្រេង ហេតុអ្វី​បានជា​គាត់​មិនឲ្យ​កប៉ាល់​ឈ្មោះ Westerdam ដែល​ដឹក​អ្នកធ្វើដំណើរ​តាម​សមុទ្រ ដែល​មិនបាន​ជាន់ដី​ប្រទេស​ចិន​ផង ហើយ​ដែលមាន​ហានិភ័យ​ផ្ទុកមេរោគ​វីរុស​កូរ៉ូណា តិចជាង​ជន​ជាតិចិន​មកពី​ប្រទេស​ចិន ឆ្ងាយ​ណាស់ ចូលមក​ឆ្លងកាត់​ប្រទេស​កម្ពុជា​ផងដែរ​? 

​លោក​ថា ត្រង់ចំណុច​នេះ ហើយ​ដែល​លោក​ហ៊ុន សែន ទ័ល ឆ្លើយ​មិន​រួច ក៏​យល់ព្រម​ឲ្យ​កប៉ាល់ Westerdam ចូលមក​សំចត នៅ​ទី​ក្រុងព្រះសីហនុ ពីព្រោះ​បើ​គាត់​មិនឲ្យ​កប៉ាល់​នេះ ចូលមក​សំចត​ទេ គេ​នឹង​ថា​គាត់​មិន​បង្ហាញ​ពី​ភាពរលូន និង​ឡូ​ហ្សិក ក្នុង​ខួរក្បាល​គាត់ ទាល់តែសោះ​។​

​វិទ្យុ​វាយោ ក៏បាន​ព្យាយាម​ទាក់ទង​ទៅ​លោក​ផៃ ស៊ី​ផាន អ្នកនាំពាក្យរដ្ឋាភិបាល ឲ្យ​ឆ្លើយបំភ្លឺ​នឹង​ការលើកឡើង​របស់លោក​សម រង្ស៊ី​នេះដែរ ប៉ុន្តែ​លោក​បាន​បដិសេធ​ដាច់អហង្ការ ថា លោក​មិន​ជ្រលក់​មាត់​ឆ្លើយតប​នឹង​ការលើកឡើង​របស់លោក​សម រង្ស៊ី នេះឡើយ​។​

​ប៉ុន្តែ ហាក់​ផ្ទុយ​ពី​លោក​សម រង្ស៊ី គឺ​លោក​កឹម សុខា ដែលជា​ដៃគូ​នយោបាយ​របស់លោក កាលពី​ថ្ងៃទី ១៣​កុម្ភ​: បាន​ឆ្លើយ​ទៅនឹង​សំណួរ​របស់​អ្នកកាសែត​បរទេស​ម្នាក់ ស្ដីពី ការអនុញ្ញាតឱ្យ​នាវា​ទេ​សចណ៍​ដ៏​ធំ MS Westerdam ចូល​សំចត​នៅ​កំពង់ផែ​ព្រះសីហនុ ដោយ​ហៅ "​ការអនុញ្ញាត​នេះ គឺជា​កាយវិការ​មនុស្ស​ធម៌ និង​ការចូលរួម​រក​ដំណោះស្រាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​អ្នកទេសចរ​ដែល​មកពី​បណ្តា​ប្រទេស​ផ្សេងៗ​៕

ព័ត៌មានផ្សេងទៀត