អ្នក​ផ្ទុក​វីរុស​​កូរ៉ូ​ណា​ក្នុង​នាវា​​Diamond Princess​​នៅ​ជប៉ុន​​កើន​ដល់​៣៥៥​នាក់​

16-02-2020 3:56 pm 684
រូបភាពនាវាDiamond Princessដែលចតនៅជប៉ុន

​តាម​ការបញ្ជាក់​ពី​រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល​ជប៉ុន​នៅ​ថ្ងៃទី​១៦​កុម្ភៈ​នេះ​បានឲ្យដឹងថា ចំនួន​មនុស្ស​ដែល​ផ្ទុក​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩( COVID-19) នៅលើ​នាវា​ទេសចរណ៍​Diamond Princess​ដែល​ចត​ក្នុងប្រទេស​ជប៉ុន កើនឡើង​ដល់​៣៥៥​នាក់​ហើយ​។ លោក​រដ្ឋមន្ដ្រី​បាន​ប្រាប់​ក្នុង​កិច្ចពិភាក្សា​រៀបចំ​ដោយ​បណ្ដាញសារព័ត៌មាន​NHK​របស់​ជប៉ុន​ថា កន្លងមក​ក្រុមគ្រូពេទ្យ​បាន​ធ្វើតេស្ដ​រក​វីរុស​នេះ​ទៅលើ​មនុស្ស​ចំនួន​១,២១៩​នាក់​នៅលើ​នាវា ហើយ​លទ្ធផល​មាន​មនុស្ស​៣៥៥​នាក់​រកឃើញថា​មាន​ផ្ទុក​វីរុស​កូរ៉ូណា​។ ក្នុងនោះ​មាន​មនុស្ស​៧៣​នាក់​មិនបាន​បញ្ចេញ​រោគសញ្ញា​អ្វី​ឡើយ ហើយ​ចំនួន​អ្នក​ផ្ទុក​កើនឡើង​៧០​នាក់​ពីលើ​តួលេខ​រកឃើញ​កាល​មុន​។ តួលេខ​ថ្មី​រកឃើញ​ស្របពេល​អាមេរិក​កំពុង​ត្រៀម​ជម្លៀស​ពលរដ្ឋ​ខ្លួន​ចេញពី​នាវា​ទេសចរណ៍​Diamond Princess ដែល​ត្រូវ​បានដាក់ឲ្យ​នៅ​ដាច់ដោយ​ឡែក​តាំងពី​ថ្ងៃទី​០៥​កុម្ភៈ​។​

​សូម​រម្លឹកថា នាវា​ទេសចរណ៍​Diamond Princess​បាន​ធ្វើដំណើរ​មកដល់​ឆ្នេរសមុទ្រ​ជប៉ុន​កាលពីដើម​ខែកុម្ភៈ​ជាមួយ​មនុស្ស​នៅលើ​នោះ​ចំនួន​ជាង​៣,៧០០​នាក់ គិត​ទាំង​អ្នក​បម្រើការ​លើ​នាវា​និង​ភ្ញៀវទេសចរ​មកពី​ជាង​៥០​ប្រទេស​និង​តំបន់​ផ្សេងៗ​គ្នា​។ អាជ្ញាធរ​ជប៉ុន​កំពុង​បន្ដ​ស្វែងរក​អ្នក​ផ្ទុក​វីរុស​នេះ​នៅលើ​នាវា ហើយ​បញ្ជូន​ពួកគេ​ទៅ​មន្ទីរពេទ្យ​។ ចំពោះ​អ្នក​ផ្សេងទៀត​ត្រូវ​ប្រាប់​ឲ្យ​ស្នាក់នៅ​ក្នុង​នាវា​រយៈពេល​១៤​ថ្ងៃ​សិន គឺ​នឹង​បន្ដ​ស្នាក់នៅ​លើ​នាវា​រហូតដល់​ថ្ងៃទី​១៩​កុម្ភៈ​៕

ព័ត៌មានផ្សេងទៀត