ប្រភព​កំណើត​នៃ​«​របាំ​អប្សរា​»

14-02-2020 4:18 pm 129

+.​និយមន័យ​នៃ​ពាក្យ​«​អប្សរា​»

​តាម​វចនានុក្រម​ខ្មែរ រៀបរៀង​ដោយ​សម្តេច​សង្ឃរាជ​ជួន ណាត ដែល​បោះពុម្ពផ្សាយ​ដោយ​វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត​បាន្យដឹងថា «​អប្សរា​»​ដូចគ្នា​នឹង​«​អច្ឆរា​» «​ស្រី​អប្សរា​»​។​ពាក្យ​ដើម​គឺ​«​អ​ប្សរ​» មកពី​ពាក្យ​សំស្ក្រឹត​អប្សរ​ស៊ ឬ​អប្សរា ឯ​បាលី​ថា អច្ឆរា ដែល​មានន័យថា​៖​ស្រី​មាន​សម្បុរ​ថ្លា​ស្រស់​ផូរផង់ ឬ​ស្រី​មានមុខ​ថ្លា​ស្រស់បំព្រង​។​ក្នុងការ​និយម​របស់​ខ្មែរ​«​អប្សរា​» គឺ​ស្រី​សួគ៌ ស្រី​អប្សរ ស្រី​ទេពអប្សរ នាង​អប្សរ​។​
​ជាមួយគ្នានេះ​ដែរ​សម្តេច​សង្ឃ​រាជ ជួន ណាត បាន​លើកឡើង​ថា តាម​សេចក្តី​តំណាល​ក្នុង​គម្ពីរ​ព្រាហ្មណ៍​ថា ស្ត្រី​សួគ៌​មួយ​ពួក​ដែល​ផុស​ឡើង​អំពី​ទឹក ក្នុង​កាល​ដែល​កូរ​ទឹកអម្រឹត ។​ប៉ុន្តែ​ការ​តំណាល​ក្នុង​គម្ពីរ​ព្រាហ្មណ៍​នេះ ត្រូវបាន​សម្តេច​សង្ឃ​ជួន ណាត បដិសេធ​។​

+.​ប្រវត្តិ​អប្សរា​ក្នុង​ទេវ​កថា​ឥណ្ឌា​

«​អប្សរា​» មាន​ដំណាល​ក្នុង​រឿង អណ្តើក​កូម៌ៈ ឬ​រឿង កូរ​សមុទ្រ​ទឹកដោះ​។​

​កាលដើមឡើយ មាន​មហាសមុទ្រ​ទឹកដោះ​នៅលើ​ចក្រវាល​ទាំងមូល​។​ពួក​ទេវតា និង​អសុរា​ដែល​ចង់បាន​ទឹកអម្រឹត គឺ​ទឹកមន្ត​ជីវិត​អមតៈ បាន​ច្បាំង​គ្នា​ដើម្បី​ទឹកអម្រឹត​។​ដោយហេតុ​ចម្បាំង​អស់​ពេល​ដ៏​យូរ ក៏​មិន​ចាញ់ មិន​ឈ្នះ ព្រះ​វិស្ណុ ក៏​ចេញ​មក​ពន្យល់​ពួក​ទេវតា និង​អសុរា ឲ្យ​រួម​គ្នា​កូរ​សមុទ្រ​ទឹកដោះ​នេះ​។​

​នៅក្នុង​សមុទ្រ​ទឹកដោះ​មាន​ទឹកអម្រឹត និង​វត្ថុ​ទិព្វ​ជាច្រើន​ឥត​គណនា ដោយ​ចង់​ឃើញ​នូវ​វត្ថុ​ទិព្វ​ទាំងនោះ និង​ចង់បាន​នូវ​ជីវិត​អមតៈ ទាំង​ពពួក​ទេវតា និង​អសុរា បាន​យល់ព្រម​តាម​ព្រះ​វិស្ណុ រួម​គ្នា​កូរ​សមុទ្រ​ទឹក​ដោះ ដោយ​សន្យា​គ្នា​ថា បើ​ទឹកអម្រឹត​លេចឡើង​ចំ​មុខ​ពពួក​ទេវតា នោះ​ទឹកអម្រឹត​បាន​ទៅ​ពពួក​ទេវ តា តែបើ​ទឹកអម្រឹត​លេចឡើង​ចំ​មុខ​ពពួក​អ​សុរា នោះ​ទឹកអម្រឹត​បាន​ទៅ​ពពួក​អ​សុរា​។​

​គ្រា​នោះ​ព្រះ​វិស្ណុ​បាន​ដក​ភ្នំ​មន្ទរៈ យកមក​ធ្វើ​ជា​ឧបករណ៍​សម្រាប់​កូរ ហើយ​បែង​ខ្លួន​ជា​អវតា​មានឈ្មោះ​ថា​«​អណ្តើក​កូម៌ៈ​» ដើម្បី​ទ្រ​ភ្នំ​មន្ទរៈ​កុំឲ្យ​លិច​។​កាល​នោះ​ស្តេច​នាគ​ឈ្មោះ​«​វា​សុ​ភី​» បាន​យក​ខ្លួន​ធ្វើ​ជា​ព្រ័ត្រ​សម្រាប់ឲ្យ​គេ​ទាញ​។​​ពេល​ទាញ​នោះ​ពពួក​ទេវតា​ទាញ​ខាង​កន្ទុយ ឯ​ពួក​អសុរា​ទាញ​ខាង​ក្បាល​។​ការ​កូរ​សមុទ្រ​ទឹកដោះ​ប្រព្រឹត្ត​ទៅ​រយៈពេល​ជាង​មួយ​ពាន់​ឆ្នាំ​នៅ​ស្ថាន​ទេវលោក​។​

​ចំពោះ​វត្ថុ​ទិព្វ​ដែល​ទទួលបាន​ពី​ការ​កូរ​សមុទ្រ​ទឹកដោះ​នោះ​រួមមាន​៖

១.​ផ្កា​បណ្ណ​ជាតិ ថ្វាយ​ទៅ​ព្រះព្រហ្ម​យក​ទៅ​ដាំ​នៅ​ព្រហ្មលោក​ទាំង​ដប់​ប្រាំមួយ​ជាន់​

២.​ដំរី​ក្បាល​បី ឈ្មោះ «​ព្ធ​រាប័ណ​» ថ្វាយ​ទៅ​ព្រះឥន្ទ្រ​ធ្វើ​ជា​យានជំនិះ​

៣.​ព្រះ​នាង​ស្រី​ល​ក្ម្សី ថ្វាយ​ទៅ​ព្រះ​វិស្ណុ ធ្វើ​ជា​អគ្គមហេសី​

៤.​សេះស ឈ្មោះ ឧច្ច័យ​ស្វរៈ ទេពនិម្មិត​នេះ​មិន​ថ្វាយ​ឲ្យ​អាទិទេព​អង្គ​ណា​ទេ តែ​រក្សា​ទុក​ជា​និមិត្តរូប​គោរព​ប្រតិបត្តិ​សីលប្រាំ​សម្រាប់​ឋាន​ទាំងបី គឺ​ឋាន​ទេវតា ឋាន​មនុស្ស​លោក និង​ឋាន​បាតាល​

៥.​ទឹកអម្រឹត ជា​វត្ថុ​ស័ក្តិសិទ្ធិ ធ្វើឲ្យ​មាន​អាយុវែង​ឥត​ដែន​កំណត់​

៦.​អប្សរា ទេព​អប្សរា​រាប់សិប​អង្គ​លេចចេញ​ឡើង​អណ្តែត​ពាសពេញ​លំហរ​អាកាស រេ​រាំ​របាំ​សួគ៌ បន្ទាប់​ពី​វត្ថុ​ស័ក្តិសិទ្ធិ​ទី​៥ គឺ​ទឹកអម្រឹត​បាន​ធ្លាក់​ទៅក្នុង​ដៃ​ពួក​អ​សុរា​។​ប្រមុខ​អប្សរា​ធ្វើ​សញ្ញា​ឲ្យ​បរិវារ​រាំ​របាំ​ពង្វក់​ចិត្ត​ពួក​អសុរា​ឲ្យ​ភ្លឹកភ្លេច​ផឹក​ទឹកអម្រឹ​ត​។​របាំ​បាន​ទាក់ទាញ​ពួក​អសុរា​ឲ្យ​ស្រើបស្រាល​ស្លុត​ស្លុង​អារម្មណ៍​ទៅតាម​ក្បាច់​រាំ​។​ឃើញ​ឱកាសល្អ ព្រះ​វិស្ណុ​ក៏​កាឡាខ្លួន​ជា​ព្រះពាយ ឆក់​យក​ទឹកអម្រឹត​ឲ្យ​ពួក​ទេវតា​សោយ​ទាំងអស់​ដើម្បី​ឲ្យមាន​ជីវិត​អម​តៈ​។​

​ពេល​ដែល​បេសកកម្ម​កូរ​សមុទ្រ​ទឹកដោះ​បាន​ចប់សព្វគ្រប់​ហើយ ពួក​ស្រី​ទេពអប្សរ​ទាំងអស់​បាន​ក្លាយទៅជា​ស្រី​សួគ៌​រាំ​ថ្វាយ​ព្រះឥន្ទ្រ​តាំងតែ​ពី​កាល​នោះ​មក​។​

​របាំ​របស់​ពពួក​ស្រី​ទេពអប្សរ​នោះ​ក៏​បាន​ស​ន្ម​ត់​ហៅ​ថា​«​របាំ​អប្សរា​» ។​របាំ​អប្សរា​រាំ​លើក​ទី​១ នៅ​ឋាន​សមុទ្រ​ទឹកដោះ​ហៅថា​«​របាំ​ទឹកអម្រឹត​»​។​ពេល​រេ​រាំ​ពពួក​ទេពអប្សរ​តែង​កាន់​ផ្កា​បណ្ណ​ជាតិ​ជានិច្ច ដែល​តំណាង​ឲ្យ​ទេវលោក សុភមង្គល និង​ភាពរុងរឿង​របស់​សត្ត​និករ​គ្រប់​ឋាន​។​

+.«​អប្សរា​» ក្នុង​សិល្បៈ​ចម្លាក់​ខ្មែរ​
​ទាក់ទង​នឹង​ស្ថាបត្យកម្ម​សំណង់ ដែល​ជា​អត្តសញ្ញាណ​វប្បធម៌​ជាតិ ប្រទេស​អេ​ហ្ស៊ី​បមាន​ប្រាសាទ​ពីរ៉ាមីត ប្រទេស​ចិន​មាន​មហាកំពែង ប្រទេស​កម្ពុជា​មាន​ប្រាសាទបុរាណ​រាប់រយ​ពាន់ ជាពិសេស​ប្រាសាទ​អង្គរវត្ត​ដ៏​ល្បីល្បាញ​ទូ​ទាំង​សកលលោក​។​ជាទូទៅ ការអធិប្បាយ​ក្នុង​បរិបទ​ស្ថាបត្យកម្ម ឬ​សំណង់ គេ​ប្រើ​ត្រឹម​ពាក្យ​ថា​«​ស្ថាបត្យកម្ម​» ។​ដោយឡែក​ក្នុង​ស្ថាបត្យកម្ម​សំណង់​ប្រាសាទ​បុរាណ​ខ្មែរ កាលណា​គេ​និយាយ អំពី​ស្ថាបត្យកម្ម គឺ​គេ​និយាយ​ដោយ​ភ្ជាប់​ជាមួយ​ពាក្យ​«​សិល្បៈ​» គឺ​«​សិល្បៈ​ស្ថាបត្យកម្ម​»​។​

​ការ​ដែល​ប្រើ​ពាក្យ​«​សិល្បៈ​» ភ្ជាប់​ជាមួយ​«​ស្ថាបត្យកម្ម​» ក្នុង​សំណង់​ប្រាសាទ​បុរាណ​ខ្មែរ ពីព្រោះ​ប្រាសាទ​ទាំងឡាយ​ដែល​បុព្វបុរស​ខ្មែរ​ដែល​លោក​បាន​កសាង​មក មិន​ត្រឹមតែ​មាន​ភាព​ស្កឹមស្កៃ ជា​សក្ខីកម្ម​នៃ​ស្ថាបត្យកម្ម និង​វិស្វកម្ម​ដ៏​អស្ចារ្យ​លើ​លោក​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​មាន​ភាព​ប្រណីត ដោយ​សិល្បៈ​វិចិត្រ​កម្ម ជា​ក្បូរ​ក្បាច់រចនា​រស់​រវើក ជាពិសេស​គឺ​មាន​រូបចម្លាក់​រាប់រយ​ជា​ទេព​អប្សរ ឬ​អប្សរា​សំដែង​កាយវិការ​នាដកម្ម​ស័ក្តសម​គ្មាន​ពីរ ដែល​ជា​សមទ្ធិ​ផល​នៃ​បញ្ញាញាណ​របស់​បុព្វ​បុរស​ខ្មែរ​។​
​ចំពោះ​ទេវ​កថា​រឿង អណ្តើក​កូម៌ៈ របាំ​អប្សរា និង​ទេព​អប្សរា ក៏​មាន​ឆ្លាក់​នៅលើ​ផ្តែរ និង​លើ​ថែវ​ប្រាសាទ​មួយចំនួន​ផង​ដែរ​។​

+.​នរណា​ជា​អ្នកបង្កើត​របាំ​អប្សរា​នៅ​កម្ពុជា​
​របាំ​អប្សរា ត្រូវបាន​បង្កើតឡើង​តាម​ព្រះរាជតម្រិះ​របស់​ព្រះ​នាយិកា​សាលា​សុធា​រស ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៥០ ព្រះនាម​«​សម្តេច​ព្រះរាជ​កនិដ្ឋា នរោត្តម រស្មី​សោភ័ណ្ឌ​»​ជា​ព្រះអនុជ​នៃ​ព្រះបាទ នរោត្តម សុរា​ម្រឹត​។​ព្រះ​នាយិកា​មាន​គំនិត​បង្កើត​របាំ​នេះ​ឡើង គឺ​ដើម្បី​ប្រគល់​រង្វាន់​លើកទឹកចិត្ត​ដល់​អ្នក​ចូលរួម​សម្តែង​ជា​សិស្ស​ពូកែ ក្នុង​កម្មវិធី ដែល​តែងតែ​ប្រព្រឹត្តទៅ នៅ​រាល់​ដំណាច់​ឆ្នាំ​សិក្សា​។​
​ព្រះអង្គ​បាន​បង្ហាត់​របាំ​នេះ​ដំបូង​អំឡុង​ឆ្នាំ​១៩៥៨ ដោយ​មាន​ព្រះអង្គម្ចាស់ក្សត្រី នរោត្តម​វិជ្ជរា ព្រះ​រាជបុត្រី ព្រះ​បាន​នរោត្តម សុរា​ម្រឹត រាំ​ជា​តួឯក​។​
​ឆ្នាំ​បន្ទាប់​សម្តែង​ដោយ​ព្រះអង្គម្ចាស់ក្សត្រី នរោត្តម​សុជាតិ​វត្តី​យា ព្រះ​រាជបុត្រី ព្រះបាទ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ និង​ជា​សិស្ស​អ្នកគ្រូ ជា សាមី ដែល​ជា​គ្រូរបាំ​នៅ​ព្រះបរមរាជវាំង និង​នៅ​សាលា​សុធារស ក្នុង​សម័យ​នោះ​។​

​ការ​រាំ​នៅ​សម័យ​នោះ​មាន​លំនាំ​ប្រហាក់ប្រហែល​របាំ ភួង​នារី ដោយ ម៉ម ឆាវ​រី បាន​ដក​ពាក្យ​ខ្លះ​នៅក្នុង​រឿង អ៊ី​ណាវ បុស្បា ដោយ​អន្លើ សា​កា និង រ៉ា​ត ។ ការដាក់​ក្បាច់ និង ការ​រើស​ភ្លេង​មក​បំពេញ អ្នកគ្រូ ជា សាមី ជា​អ្នករៀបចំ ។​ច្រៀង​កំដរ​ដោយ អ្នកគ្រូ​ជា ខាន់ និង អ្នកគ្រូ​ឯម ធា​យ ដែល​យក​តាម​លំនាំ​បទ ដើម​ឈឹង ។​
​របាំ​អប្សរា​បាន​ឈាន​ទៅដល់​ចំណុច​កំពូល ល្អឥតខ្ចោះ និង​បាន​ចេញ​រាំ ជា​លើកដំបូង​នៅ​ខេត្ត​សៀមរាប (​អង្គរ​) ដើម្បី​ថត​ជា​ខ្សែភាពយន្ត​ដោយ​លោក ម៉ា​កសែ​ល កា​មីស៍ ក្នុង​កំឡុង​ឆ្នាំ ១៩៦១ ឬ ១៩៦២ ។​នៅ​ឆ្នាំ ១៩៦៣ ចេញ​ទៅ​សម្ដែង​នៅ​ប្រទេស​បារាំង ។ នៅ​ឆ្នាំ​១៩៦៤ ចេញ​ទៅ​សម្ដែង​នៅ សិង្ហ​បុរី ក្នុង​ពិធី​សម្ពោធ​មហោស្រព​សិល្បៈ ទូ​ទាំង​សាកល ដែល​បាន​ទទួល​ជោគជ័យ និង​មាន​ការគាំទ្រ និង កោតសរសើរ​ពី​សំណាក់​ទស្សនិកជន​យ៉ាងខ្លាំង ។​

​ចំពោះ​នាដកា​រី​របាំ​ឯក នៃ​របាំ​អប្សរា​ដែល​បង្កើត​កិត្យានុភាព​របាំ​នេះ​លើ​ឆាក​អន្តរជាតិ គឺ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម​បុប្ផា​ទេវី ព្រះ​រាជបុត្រី ព្រះ​បរម​រតន​កោដ្ឋ ព្រះករុណា ព្រះបាទ​នរោត្តម សីហនុ​។​

+.​គ្រឿង​តុបតែង​សម្រាប់​អប្សរា​

​គ្រប់​ការតុបតែង​កាយ មកុដ​អប្សរា និង​ក្បាច់​រាំ គឺ​សុទ្ធតែ​ចម្លង​តាម​គំរូ​អប្សរា នៅ​តាម​ជញ្ជាំង​ប្រាសាទអង្គរវត្ត​ទាំងអស់​។​

-​មកុដ : មកុដ​ពាក់​ខាង​លើ​ក្បាល​ត្រូវមាន​កំពូល​ប្រាំពីរ ដែល​កំពូល​នីមួយៗ មាន​ក្បាច់​ថ្នាំង​អំពៅ សមាមាត្រ​សម​ឥតខ្ចោះ និង​សក់​វែង​ប្រះ​ស្មា​

-​ត្រចៀក : ត្រចៀក​ទាំងសងខាង​គេ​រចនា​ជា​សក់ក្រង​ម្ខាងៗ​បី​សរសៃ ឯ​ត្រចៀក​វិញ​ពាក់​រំយោល​ដល់​ស្មា​

-​ក : កមាន​សុ​រង ព្រមទាំង​រំលេច​ដោយ​រំយោល​ក្បាច់រចនា តាម​ម៉ូត​ផ្សេងៗ​

-​ដើមដៃ : ដើមដៃ​ទាំងសងខាង​ពាក់​ស្នប់​ដៃ និង​កដៃ​ពាក់កង​

-​ទ្រូង : ទ្រូង​គេ​ឃើញ​មាន​សង្វារ​ខ្វែង​ពីលើ​អាវ 

-​ស្នាប់​ចង្កេះ : ស្នាប់​ចង្កេះ រឹត​យ៉ាង​តឹង​ដែលមាន​រំយោល​ភ្ជាប់​ទៅ​នឹង​សំពត់​ផង​

-​សំពត់ : សំពត់​មាន​រចនា​ជា​រាង​កន្ទុយ​ត្រី ឯ​សំពត់​មួយ​ផ្ទាំង​ទៀត ឃើញ​មាន​សៀត​ត្រងើ​ចង្កេះ​ខាងស្តាំ​ទម្លាក់ជាយ​ចុះក្រោម 

-​ជើង : ជើង​មាន​ពាក់កង​

-​ជាយ​សំពត់ : ជាយសំពត់​ត្រង់​ចង្កេះ​ឆ្វេង រចនា​ជា​ផ្នត់​អង្កាញ់ៗ ទំលាក់​ពី​ចង្កេះ​ដល់​ដី​។​

+​ពេលវេលា​សម្តែង​
​គេ​និយម សម្តែង​របាំ​នេះ នៅ​មុនពេល​បើក​កម្មវិធី ដើម្បី​ឲ្យមាន​ភាពទាក់ទាញ និង​ជា​កិច្ច​ស្វាគមន៍​នៅពេល​សំដែង គឺ​ត្រូវមាន​ភ្លេង​អម​ជាមួយ​ផង​ដែរ ទើប​ធ្វើឲ្យ​មាន​ភាពរស់រវើ​ក​។​
​រាងកាយ​មាន​ភាព​ល្វត់ល្វន់ យឺតៗ ចង្វា​ក់មួយៗ ថ្ន​មៗ ផ្សំ​និង​ចង្កេះ​អមដោយ​គូ​ទង​បន្តិច ព្រមទាំង​ម្រាមដៃ​ង ធ្វើឲ្យ​អ្នកទស្សនា​មាន​ការជ​ក់​ចិត្តដិត​អារម្មណ៍ ជាទីបំផុត ដែល​ធ្វើឲ្យ​ពិភពលោក​ទទួលស្គាល់​ខ្មែរ​កាន់តែ​ច្បាស់​ថែម​មួយកម្រិត​ទៀត​។

+.​ការសម្តែង​

របាំ​អប្សរា ត្រូវបាន​សំដែងឡើង​ដោយ​មាន​ការប្រគំ​អម​ជាមួយ​ភ្លេង​មហោរី​

+​អត្ថន័យ​

របាំ​អប្សរា បាន​បង្ហាញ​នូវ​ស្ថានភាព​សម្បូរ​សប្បាយ និង​បង្ហាញ​ពី​ភាព​ផ្អែម​ល្ហែម ចិត្តស្ងប់​សុខ​ខាង​អារម្មណ៍ ភាព​រួសរាយ​រាក់ទាក់ បញ្ជាក់​ពី​ភាព​គ្មាន​កង្វល់​៕

-​ឯកសា​រយោង​៖​ឯកសារ​«​អប្សរា​»​ពី​ទេវ​កថា​ឥណ្ឌា មក​ចម្លាក់​ខ្មែរ និង​របាំ​តន្តី​ខ្មែរ រៀបរៀង​ដោយ​បណ្ឌិត​សភាចារ្យ​សោម សុ​មុនី សមាជិក​ពេញសិទ្ធិ​នៃ​រាជ្យ​បណ្ឌិត្យសភា​កម្ពុជា​
-WWW.km.ikipedia.org

 


 ពាក្យគន្លឹះ  របាំអប្សរា

ព័ត៌មានផ្សេងទៀត