ក្រសួងកសិកម្ម​ស្នើ​អង្គការ AFD​​ ជួយ​ដល់​វិស័យ​កសិកម្ម​នៅ​កម្ពុជា​បន្ថែមទៀត​​​

14-02-2020 3:32 pm 113

​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក​វេង សាខុន​បានស្នើ​ដល់​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ ជួយ​គាំទ្រ​លើ​ការពិសោធន៍​និង​ផលិត​ពូជ​បច្ចេកទេស​ដាំ​ដុះ និង​ប្រមូល​ផល ឃ្លាំង​ស្តុក ឡ​សម្ងួត និង​ដំណាំ​មួយចំនួនទៀត​ដូចជា​ដំណាំ​ពោត​ចំណី ដំឡូង​មី ស្វាយ​និង​ស្វាយចន្ទី ដែល​កំពុងមាន​សក្តានុពល​នៅលើ​ទីផ្សារ​ក្នុង និង​ក្រៅ​ស្រុក​សំដៅ​ផ្តល់​ចំណូល​កាន់តែ​ប្រសើរ​ដល់​ប្រជាកសិករ​។ ការស្នើ​បែបនេះ ធ្វើឡើង​នៅ​ក្នុងជំនួប​ពិភាក្សា​ការងារ​រវាង​លោកស្រី​អូ​ហ្វឺលី​យ៉េ ប៊ូ​រី​ស​(Ophelie BOURHIS)​នាយិកា​AFD ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ​ឆ្នាំ​២០២០​។​

​លោក​វេង សាខុន​បាន​បញ្ជាក់ថា​ក្រសួង​កំពុង​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍ​វិស័យនេះ ដោយ​ផ្តោតជាសំខាន់​ក្នុង​ការជំរុញ​ទំនើបកម្ម​កសិកម្ម និង​យន្តុ​ប​នីកម្ម​កសិកម្ម តាមរយៈ​ការបំពេញ​ខ្សែសង្វាក់​តម្លៃ​ផលិតកម្ម​ដោយ​ចាប់ផ្តើម​ពី A ដល់ Z ដើម្បី​បង្កើន​តម្លៃបន្ថែម​ដល់​ផលិតផល​កសិកម្ម ពង្រីក​និង​ពង្រឹង​វិស័យ​កែច្នៃ វេច​ខ្ចប់ ឃ្លាំង​ស្តុក ឃ្លាំង​ត្រជាក់ និង​ការដឹកជញ្ជូន​ប្រកបដោយ​ជំនាញ​បច្ចេកទេស និង​ការធានា​គុណភាព សុ​វត្តិភាព អនាម័យ និង​ភូតគាម​អនាម័យ ដើម្បី​កាត់បន្ថយ​ការនាំចេញ​វត្ថុធាតុដើម​ក្នុងនោះ​មាន​វត្ថុធាតុដើម​ដូចជា ដំឡូង​មី ស្រូវ ស្វាយ និង​ស្វាយចន្ទី ដែល​កំពុងមាន​សក្តានុពល​នៅលើ​ទីផ្សារ​ក្នុង​និង​ក្រៅ​ស្រុក ហើយ​បានផ្តល់​ចំណូល​យ៉ាង​ល្អ​ជូន​ប្រជាកសិករ​។​

​លោក​បន្ថែមថា វិស័យ​កសិកម្ម បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការធានា​សន្តិសុខ​ស្បៀង ជម្រុញ​កំណើនសេដ្ឋកិច្ច​តាមរយៈ​ការនាំចេញ លើកកម្ពស់​ផលិតកម្ម​ក្នុងស្រុក បង្កើត​ការងារ បង្កើន​ប្រាក់ចំណូល និង​កាត់បន្ថយ​ភាពក្រីក្រ​នៅ​ក្នុងប្រទេស​។ លោក​ថា ដើម្បី​ដើរ​ឱ្យទាន់​បរិបទ​នៃ​កំណើនសេដ្ឋកិច្ច និង​ឈាន​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​នា​ឆ្នាំ​២០៣០ ការអភិវឌ្ឍ​វិស័យ​កសិកម្ម​ត្រូវ​ផ្តោតទៅលើ​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និងរន្តរភាព និង​បរិយា​ប័ន្ន​តាមរយ​:​ការអនុវត្ត​បច្ចេកវិទ្យា​កសិកម្ម​ទំនើប​ទាន់សម័យ​សមស្រប អនុវត្ត​និង​បំពេញ​ខ្សែសង្វាក់​ផលិតកម្ម និង​តម្លៃបន្ថែម អនុវត្ត​ផែនការ​ផលិតកម្ម​ច្បាស់លាស់ និង​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា ធានា​និរន្តរភាព​ក្នុង​ការផ្គត់ផ្គង់ គុណភាព អនាម័យ ភូតគាម​អនាម័យ និង​ការប្រកួតប្រជែង​។ 

​ជា​ការឆ្លើយ​តម លោកស្រី​អូ​ហ្វឺលី​យ៉េ ប៊ូ​រី​ស បានបង្ហាញ​នៅ​ឆ​ន្ទ​:​យ៉ាង​មុតមាំ​ថា អង្គការ AFD​មាន​ឆន្ទ​:​យ៉ាង​មុតមាំ​ក្នុង​ការឧបត្ថម្ភ​គាំទ្រ​ទាំង​បច្ចេកទេស និង​ថវិកា​ដើម្បី​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​កម្ពុជា​ដោយ​សង្កត់ធ្ងន់​ទៅលើ​ការកសាង​ផែនការ និង​គោ​នយោបាយ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ពាក់ព័ន្ធ​នឹង​ខ្សែសង្វាក់​តម្លៃ​ផលិតកម្ម និង​តម្លៃបន្ថែម​លើ​ផលិតកម្ម​ស្រូវ បន្លែ ការកែប្រែ​គុណភាព​ដី និង​កៅស៊ូ​គ្រួសារ​។​

​ក្នុងឱកាស​នោះ លោកស្រី​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​មន្ត្រី​ជំនាញ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ដែល​តែងតែ​ផ្តល់​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ដល់​ក្រុមការងារ​របស់​អង្គការ​AFD ដែល​កិច្ចសហការ​នេះហើយ​បានផ្តល់​ជា​ជំនឿ​ទុកចិត្ត​មក​អង្គការ AFD ដើម្បី​បន្ត​ការគាំទ្រ និង​រៀបចំ​គម្រោង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ថ្មី​ដែល​ផ្តោតទៅលើ​ដំណាំ​រំពឹង​ទឹកភ្លៀង​៕


ព័ត៌មានផ្សេងទៀត