១៤​កុម្ភៈ​ឆ្នាំ​នេះ​យុវជន​ហាក់​មិន​ជ្រួលជ្រើម​ដូច​ប៉ុន្មាន​ឆ្នាំមុនៗ​

14-02-2020 3:26 pm 162

​ថ្ងៃ​១៤ កុម្ភៈ ឆ្នាំ​២០២០នេះ ជា​ថ្ងៃ​ទិវា​នៃ​ក្តីស្រឡាញ់ ឬ​ហៅ​ថា Valentine Day ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន តែងតែ​ប្រារព្ធ​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ​។ មែនទែនទៅ ទិវា​បុណ្យ​នៃ​ក្តីស្រឡាញ់​នេះ មិនមែនជា​ពិធីបុណ្យ​ជាតិ​របស់​ខ្មែរ​នោះទេ ប៉ុន្តែ​ជា​ការចម្លង និង​ទទួលយក​ពី​វប្បធម៌​បរទេស​។​

​យ៉ាងណាក៏ដោយ សម្រាប់​ថ្ងៃ​Valentine Day នា​ឆ្នាំ​នេះ គេ​ហាក់​សង្កេតឃើញថា មិនសូវ​មាន​ភាព​អ៊ូរ​អរ​ដូច​បណ្តា​ឆ្នាំ​កន្លងៗ​ទៅ​ឡើយ​។ បើ​សង្កេត​នៅ​តាម​ដង​វិថី​នានា ក្នុង​រាជធានី​ភ្នំពេញ ហាក់​មាន​ភាពស្ងប់ស្ងាត់ ពុំ​សូវ​មាន​អ្នក​លក់​វត្ថុ​អនុស្សាវរីយ៍ កាដូ បាច់​ផ្កា ព្រោងព្រាត ដូច​កាលពី​ប៉ុន្មាន​ឆ្នាំមុនៗ ដែល​មាន​ទាំង​អ្នកលក់​ផ្កា អ្នកជិះ​ម៉ូតូ​ឌុប​គូរ​សង្សារ ដៃ​កាន់​បាច់​ផ្កា ជិះ​ចុះឡើងៗ ដូចជា​ហែរ​បុណ្យ​កឋិន​។​
​សម្រាប់​មូលហេតុ មិន​មាន​ការបកស្រាយ​ណាមួយ​ច្បាស់​នោះទេ ប៉ុន្តែ​បើ​តាម​អ្នកវិភាគ​សង្គម បាន​មើលឃើញ​ថា ដោយសារតែ យុវជន​បច្ចុប្បន្ន ហាក់​មាន​ការស្វែងយល់​ច្រើន ទៅលើ​ថ្ងៃបុណ្យ​នៃ​សេចក្តីស្រឡាញ់​។

ម្យ៉ាងវិញទៀត សម្រាប់​ឆ្នាំ​នេះ គេក៏សង្កេតឃើញមាន កម្មវិធី​ធំៗ​ជាច្រើន ត្រូវបាន​ប្រារព្ធ​ធ្វើ ចំ​ថ្ងៃ​១៤​កុម្ភៈ​ ដែល​ធ្វើឲ្យ​យុវជន​ភាគច្រើន ហាក់​ទៅ​ចាប់អារម្មណ៍​នឹង​ព្រឹត្តិការណ៍​ធំៗ​ទាំងនោះ​ជំនួស​វិញ​។ កន្លងមក ឲ្យតែ​ដល់​ថ្ងៃ Valentine Day ដឹង​តែ​លឺ​ពាក្យ​ថា ជា​ថ្ងៃ​ដែល​នារីៗ ព្រម​ប្រគល់​ខ្លួនប្រាណ​ទៅឲ្យ​សង្សារ ដោយ​គ្រាន់តែ​លឺ​នូវ​ពាក្យ​សារភាពថា​ស្រឡាញ់ ហើយ​ទទួល​ផ្កាកូលាប​តែ​១​ទង ឬ​ជា​ភាសា​និយាយ​លេង​របស់​យុវវ័យ​ថា “​ទិញ​កាដូ ដូរ​យក​....”​។​

​យ៉ាងណាមិញ បើ​យើង​ក្រឡេកមើល នៅលើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក យុវជន​ភាគច្រើន គឺ​បាន​បង្ហោះ​សារ​ជូនពរ និង​បង្ហាញ​ក្តីស្រឡាញ់ ចំពោះ​ឪពុក​ម្តាយ ជា​អ្នកមានគុណ ច្រើន​ជាង​ការ​បង្ហោះ​សារ​ស្នេហា ទៅកាន់​ដៃគូរ​សង្សារ​។ ទង្វើ​ទាំងនេះ ហាក់​បាន​បង្ហាញថា យុវជន​កាន់តែ​យល់ដឹង​ពី​ខ្លឹមសារ​អត្ថន័យ នៃ​ថ្ងៃ​បុណ្យ​នៃ​សេចក្តីស្រឡាញ់ គឺ​មាន​ចំពោះ​អ្នក​គ្រប់គ្នា នៅ​ជុំវិញ​ខ្លួន​យើង មិនមែន​ចាំបាច់​តែ​គូរ​សង្សារ​នឹង​គ្នា​នោះទេ​៕ ដោយៈ​សៅ វិសាល​


 ពាក្យគន្លឹះ  ថ្ងៃ១៤កុម្ភៈValentine Day

ព័ត៌មានផ្សេងទៀត