រដ្ឋបាលរាជធានីភ្នំពេញបានទទួលរថយន្តបំពាក់ម៉ាស៊ីនបូមទឹកចំនួន០២ពីJICA

14-02-2020 3:01 pm 319
  ស្តាប់
ស្តាប់ជាសំឡេង

 រថយន្តបំពាក់ដោយម៉ាស៊ីនបូមទឹកចំនួន២គ្រឿងដែលជាជំនួយរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនហៅJICAបានប្រគល់មករដ្ឋបាលរាជធានីភ្នំពេញដើម្បីបូមទឹកជន់លិចនៅក្នុងតំបន់នានានៅក្នុងភ្នំពេញ។រថយន្តទាំង២គ្រឿងនេះ គឺជាជំនួយក្នុងគម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញជំហានទី៤ដែលជាហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន។

ពិធីប្រគល់និងទទួលនេះត្រូវបានធ្វើឡើងនៅថ្ងៃទី១៣កុម្ភៈឆ្នាំ២០២០ វត្តមានលោកឃួងស្រេងអភិបាលរាជធានីភ្នំពេញនិងលោកយូអ៊ីជីស៊ូហ្កាណូប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា។

ក្នុងឱកាសនោះលោកឃួងស្រេងអភិបាលរាជធានីភ្នំពេញមានប្រសាសន៍លើកឡើងថា រថយន្តដែលបំពាក់ម៉ាស៊ីនបូមទឹកដែលទទួលពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុននៅពេលនេះ ក្នុងមួយគ្រឿងមានសមត្ថភាពបូមទឹកបាន៣០ម៉ែត្រគុបក្នុង១នាទីនិងទុយោបង្ហៀរប្រវែង៣០០ម៉ែត្រសម្រាប់ចល័តបូមទឹកភ្លៀងដែលជន់លិចហើយបង្ហូរចូលប្រឡាយបឹងដែលនៅជិតដើម្បីបង្ការកុំឲ្យមានការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ។

លោកអភិបាលរាជធានីភ្នំពេញបន្តថា ក្នុងរថយន្តមួយគ្រឿងបំពាក់ម៉ាស៊ីនភ្លើងនិងគ្រឿងម៉ាស៊ីនបូមទឹកចំនួន៦គ្រឿងនិងទុយោបង្ហៀរ៥០ម៉ែត្រសម្រាប់ម៉ាស៊ីនបូមទឹកនីមួយៗ។សម្រាប់ប្រតិបត្តិការម៉ាស៊ីនបូមទឹកគឺអាចបូមស្របគ្នាឬដោយឡែកពីគ្នាទាំង៦គ្រឿងដែលមានទុយោបង្ហៀរចំនួន៦ខ្សែឬក៏អាចបូមបន្តគ្នាចំនួនពីគ្រឿងដែលមានទុយោបបង្ហៀរចំនួន៣គ្រឿងសម្រាប់ទីតាំងបង្ហូរចេញឆ្ងាយឬកន្លែងបូមមានជម្រៅជ្រៅ។

គួរបញ្ជាក់ថា ការផ្គត់ផ្គង់គ្រឿងចក្រជាលើកទី២នេះធ្វើឡើងបន្ទាប់ពីបានផ្គត់ផ្គង់រថយន្តបូមទឹកសម្អាតបណ្ដាញលូចំនួន៤គ្រឿងនិងរថយន្តបាញ់លាងសម្អាតចំនួន៤គ្រឿងស្ថិតក្នុងគម្រោងការពារទឹកជំនន់ក្នុងរាជធានីភ្នំពេញជំហានទី៣ក្រោមហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុនកាលពីខែកញ្ញា ឆ្នាំ២០១៥កន្លងទៅ៕ 

ព័ត៌មានផ្សេងទៀត