យោងតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេសDailymail ដោយយកប្រភពពីសារព័ត៌មានកូរ៉េខាងត្បូងបានឲ្យដឹងថា មន្ដ្រីកូរ៉េខាងជើងម្នាក់ត្រូវបានប្រហារជីវិតដោយបាញ់សម្លាប់ បន្ទាប់ពីល្មើសនឹងបទបញ្ជារបស់លោកគីម ជុងអ៊ុន ដែលហាមមិនឲ្យលោកចេញដើរតាមទីសាធារណៈ ការពារការឆ្លងវីរុសកូរ៉ូណា ព្រោះលោកទើបត្រឡប់មកពីប្រទេសចិន។ លោកជាមន្ដ្រីផ្នែកពាណិជ្ជកម្មប៉ុន្ដែមិនត្រូវបានបង្ហាញឈ្មោះទេ ត្រូវចាប់ខ្លួននិងយកទៅបាញ់សម្លាប់ភ្លាមៗ ក្រោយបានធ្វើដំណើរទៅកាន់អាងទឹកសាធារណៈ។
លោកត្រូវដាក់នៅដាច់ដោយឡែកបន្ទាប់ពីបានធ្វើដំណើរទៅប្រទេសចិន គឺលោកគីម ជុងអ៊ុនបានចេញនូវច្បាប់យោធាឲ្យអនុវត្ដដោយផ្ទាល់។ មន្ដ្រីរូបនោះស្ថិតនៅក្រោមគោលការណ៍ដាក់ឲ្យនៅដាច់ឆ្ងាយពីគេ ចំពោះអ្នកដែលបានធ្វើដំណើរទៅប្រទេសចិនឬបានទាក់ទងជាមួយជនជាតិចិន។ ប៉ុន្ដែលោកបែរជាធ្វើខុសនឹងបញ្ជារបស់លោកគីម ដើរចេញពីកន្លែងហាមឃាត់ដោយគ្មានការអនុញ្ញាត ដូច្នេះទើបត្រូវចាប់ខ្លួននិងបាញ់សម្លាប់តែម្ដង។ ចំពោះមន្ដ្រីម្នាក់ទៀតត្រូវបានបញ្ជូនទៅដាក់នៅកសិដ្ឋានមួយក្នុងប្រទេសកូរ៉េខាងជើង ក្រោយព្យាយាមបិទបាំងការធ្វើដំណើរទៅប្រទេសចិន។
កូរ៉េខាងជើងនៅមិនបានបញ្ជាក់ពីករណីណាមួយនៃវីរុសកូរ៉ូណាទេ ហើយមន្ដ្រីអង្គការសុខភាពពិភពលោកមានមូលដ្ឋាននៅទីក្រុងព្យុងយ៉ាងបាននិយាយថា ពួកគេក៏មិនបានដឹងពីករណីណាមួយដែរ។ ប៉ុន្ដែប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានរាយការណ៍ថា មានការឆ្លងវីរុសកូរ៉េណាជាច្រើនករណី ហើយអាចនឹងមានអ្នកស្លាប់ទៀតនៅក្នុងប្រទេសកូរ៉េខាងជើង។
ទោះមិនបានបញ្ជាក់ថាមានឆ្លងឬមិនឆ្លង កូរ៉េខាងជើងបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតដើម្បីបញ្ឈប់ការរីករាលដាលនៃវីរុសនេះ ដោយសារតែខ្លួនមានព្រំដែនជាប់ប្រទេសចិន។ កាលពីថ្ងៃទី១២កុម្ភៈទីក្រុងព្យុងយ៉ាងបានប្រកាសថាអ្នកដែលបានធ្វើដំណើរទៅប្រទេសចិន ឬទាក់ទងជាមួយជនជាតិចិន នឹងត្រូវដាក់នៅដាច់ដោយឡែកក្នុងរយៈពេល៣០ថ្ងៃ គឺលើសថ្ងៃកំណត់ដោយអង្គការសុខភាពពិភពលោក ដែលឲ្យនៅដាច់ដោយឡែកតែរយៈពេល១៤ថ្ងៃ។
កូរ៉េខាងជើងក៏ប្រកាសបិទព្រំដែនស្ទើរតែទាំងស្រុងជាមួយចិន គឺទុកសម្រាប់តែការចេញចូលទាក់ទងនឹងកិច្ចការការទូតប៉ុណ្ណោះ។ ជើងហោះហើរត្រូវបានកាត់បន្ថយ ហើយការធ្វើដំណើរតាមផ្លូវថ្នល់និងផ្លូវដែកត្រូវបិទ និងរឹតបន្ដឹងខ្លាំងបំផុតផ្លូវដែលនៅដំណើរការ។ ចំពោះអ្នកទេសចរបរទេសត្រូវហាមឃាត់មិនឲ្យចូលមកកូរ៉េខាងជើងឡើយ។ កូរ៉េខាងជើងក៏ផ្អាកប្រតិបត្ដិការនៅការិយាល័យទំនាក់ទំនងជាមួយយកូរ៉េខាងត្បូងបណ្ដោះអាសន្ន ហើយសមាគមកាកបាទក្រហមកូរ៉េខាងជើងបានដាក់ពង្រាយទៅកាន់តំបន់ពាក់ព័ន្ធទូទាំងប្រទេស ដើម្បីតាមដានមនុស្សដែលមានរោគសញ្ញា។
គួរបញ្ជាក់ថា បើតាមរបាយការណ៍មានពលរដ្ឋកូរ៉េខាងជើងរាប់ពាន់នាក់បាននិងកំពុងធ្វើការនៅក្នុងប្រទេសចិន មុនដល់ពេលកំណត់ដែលអង្គការសហប្រជាជាតិ ចេញបញ្ជាឲ្យចិនបញ្ជូនពលករកូរ៉េខាងជើងទាំងនោះត្រឡប់ទៅផ្ទះវិញត្រឹមខែធ្នូឆ្នាំ២០២០។ ពុំមានព័ត៌មានឡើយថាមានពលករកូរ៉េខាងជើងប៉ុន្មាននាក់ហើយបានត្រឡប់ទៅវិញ៕