ព្រឹទ្ធសភា​អាមេរិក​បោះឆ្នោត​រារាំង​លោក​ត្រាំ​ប្រើ​កម្លាំងយោធា​ប្រឆាំង​អ៊ីរ៉ង់​

14-02-2020 1:06 pm 435

​ព្រឹទ្ធសភា​អាមេរិក បានអនុម័ត​លើ​វិធានការ​មួយ ដែល​ចូលរួម​ដោយ​សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​ទាំងពីរ កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ ជា​វិធានការ​ដែល​ចែង​ពី​ការកំណត់​អំណាច​របស់​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ ដើម្បី​កុំឲ្យ​បើក​ប្រតិបត្តិការ​យោធា​ប្រឆាំងនឹង​អ៊ីរ៉ង់​ស្រេច​តែ​ចិត្ត​។ សមាជិក​គណបក្ស​សាធារណរដ្ឋ​របស់លោក​ដូណាល់ ត្រាំ​ចំនួន ៨ រូប បាន​ចូលរួម​ជាមួយ​គណបក្ស​ប្រជាធិបតេយ្យ ដើម្បី​អនុម័ត​សេចក្តីព្រាងច្បាប់​នេះ ដោយ​ទទួលបាន​សំឡេងគាំទ្រ ៥៥​ទល់​៤៥​។ 

​វិធានការ​ដែល​តាក់តែង​ដោយ​សមាជិក​ព្រឹទ្ធសភា មកពី​គណបក្ស​ប្រជាធិបតេយ្យ​លោក​Tim Kaine នៃ​រដ្ឋ Virginia ឲ្យដឹងថា លោក​ត្រាំ​ត្រូវតែ​ទទួលបាន​ការយល់ព្រម​ពី​សភា មុនពេល​ចូលរួម​ក្នុង​សកម្មភាព​យោធា​ប្រឆាំងនឹង​អ៊ីរ៉ង់​នៅ​ពេលខាងមុខ​។ លោក​Kaine និង​អ្នកគាំទ្រ​ដទៃទៀត និយាយថា​ដំណោះស្រាយ​នេះ ក៏​ជា​ការបញ្ជាក់​ឡើងវិញ​ដ៏​សំខាន់ នៃ​អំណាចសភា ដើម្បី​ប្រកាសសង្គ្រាម​។ ត្បិត​លោក​ត្រាំ​ឬ​ប្រធានាធិបតី​ដទៃទៀត មាន​សមត្ថភាព​ការពារ​អាមេរិក ពី​ការវាយប្រហារ​ដែល​នឹង​កើតមាន​ភ្លាមៗ ប៉ុន្តែ​ត្រូវ​ឆ្លងកាត់​ការជជែក​ដេញដោល និង​បោះឆ្នោត​សម្រេច​ពី​សមាជិកសភា​សិន​ដែរ មុន​ផ្តើម​ការវាយលុក​។​

​កាលពីពេល​ថ្មីៗ​នេះ​លោក​ត្រាំ បាន​បង្ហោះ​សារ​ជំទាស់​នឹង​សំណើ​របស់លោក​Kaine​។ លោក​ថា​ក្រុម​អ្នកប្រជាធិបតេយ្យ​កំពុង​ធ្វើបែបនេះ គ្រាន់តែ​ជា​ការប៉ុនប៉ង​ធ្វើឲ្យ​គណបក្ស​សាធារណរដ្ឋ​របស់លោ​ក​អាម៉ាស់មុខ​ប៉ុណ្ណោះ​។ លោក​ត្រាំ​បាន​រម្លឹក​គ្រា​ដែល​លោក​បញ្ជា​ឲ្យ​ទ័ព​អាមេរិក​ឈរជើង​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ ប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក វាយប្រហារ​ផ្តាច់ជីវិត​មេទ័ព​អ៊ីរ៉ង់ លោក Qassem Soleimani ជា​រឿង​សំខាន់​ដែល​ត្រូវធ្វើ​ជា​ចាំបាច់ ព្រោះ​វា​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ហើយ​ប្រជាជន​អាមេរិក​ទាំងមូល បាន​គាំទ្រ​ការវាយប្រហារ​ប្រឆាំងនឹង​ភេរ​វករ​ម្នាក់នេះ​។ លោក​ត្រាំ​ថា​វិធានការ​ដែល​ចែង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ នឹង​បញ្ជូន​សញ្ញា​នៃ​ភាពទន់ខ្សោយ​ទៅ​អ៊ីរ៉ង់ និង​សត្រូវ​ដ៏​មាន​សក្តានុពល​ផ្សេងទៀត​។​

​យ៉ាងណាក៏ដោយ កាលពី​ខែមករា​កន្លងទៅ សភាតំណាងរាស្ត្រ​អាមេរិក ក៏​បានអនុម័ត​លើ​សេចក្តីព្រាងច្បាប់​មួយ ស្រដៀង​គ្នា​នេះដែរ ប៉ុន្តែ​ដូច​ទៅនឹង​ការព្យាយាម​របស់​សភា​អាមេរិក​កាលពី​លើក​មុន​ដែរ ដែល​ចង់​បញ្ចប់​ការគាំទ្រ​របស់​សហរដ្ឋ​អាមេរិក ចំពោះ​ប្រតិបត្តិការ​យោធា​របស់​អា​រ៉ាប៊ីសាអូឌីតនៅ​យេ​ម៉ែន លោក ត្រាំ ច្បាស់​ជា​នឹង​ប្រើ​សិទ្ធិ​វ៉េតូ ដើម្បី​ជំទាស់​លើ​សេចក្តីព្រាងច្បាប់​ទាំងនេះ មិនឲ្យ​ចេញជា​ច្បាប់​រួចឡើយ​៕

 ពាក្យគន្លឹះ  អាមេរិកអ៊ីរ៉ង់

ព័ត៌មានផ្សេងទៀត