លោក​ហ៊ុន សែន ប្រកាស​ឲ្យ​អ្នកដំណើ​រលើ​នាវា​អាច​ដើរ​លេង​កម្សាន្ត​បាន​

14-02-2020 11:32 am 223

​ក្រោយ​ការចូល​ចត នាវា​ទេសចរណ៍​Westerdam នៅ​កំពង់ផែ​ក្រុងព្រះសីហនុ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​អញ្ជើញ​ទៅ​ទទួល​ស្វាគមន៍ អ្នកដំណើរ​លើ​នាវា​ដោយផ្ទាល់ នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​នេះ​។ ក្នុង​ដំណើរ​ទទួល​ស្វាគមន៍ លោកនាយក​រដ្ឋមន្ត្រី បានប្រកាស​អនុញ្ញាត​ឲ្យ​អ្នក​ដំណើរ​លើ​នាវា អាច​លេង​កម្សាន្ត​នៅ​ក្នុង​ខេត្ត និង​តំបន់​មួយចំនួន​នៅ​កម្ពុជា​។ ដោយៈ​សៅ វិសាល​


​ថ្ងៃទី​១៤ ខែ​កុម្ភៈ ដែល​ចំ​ថ្ងៃបុណ្យ​នៃ​ក្តីស្រឡាញ់ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​អញ្ជើញ​ទៅកាន់​ខេត្ត​ព្រះសីហនុ​ទទួល ដើម្បី​ស្វាគមន៍​ដោយផ្ទាល់ ជាមួយ​អ្នកដំណើរ នៅ​លើ​នាវា​ទេសចរណ៍ Westerdam ដែល​បាន​ចូល​ចត នៅ​កំពង់ផែ​ក្រុងព្រះសីហនុ និង​បាន​ជូន​ផ្កា​ដល់​អ្នកទេសចរ​ផងដែរ​។ ទន្ទឹមនឹងនេះ ក៏​មាន​ការជួយ​សម្រប​សម្រួល ដល់​អ្នកដំណើរ​មួយចំនួន​ផ្ទេរ​តាម​យន្តហោះ ទៅកាន់​ប្រទេស​រៀងៗ​ខ្លួន​របស់​ពួកគេ​វិញ​ផង​ដែរ​។​

​ថ្លែង​ដោយ​ទឹកមុខ​ញញឹម​រីករាយ និង​មោទនភាព លោកនាយក​រដ្ឋមន្ត្រី បានប្រកាស​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ចាកចេញ​ពី​លើ​នាវា Westerdam ហើយ​អាច​មក​ទស្សនកិច្ច នៅក្នុង​ខេត្ត​ព្រះសីហនុ និង​សៀ​ប​រាម តាម​ដែល​អាច​ធ្វើទៅបាន​។ 

​ជាមួយគ្នានេះ ប្រមុខ​រដ្ឋាភិបាល បាន​ណែនាំ​ឲ្យ​ម្ចាស់​សណ្ឋាគារ និង​ភោជនីយដ្ឋាន​ទាំងអស់​មិន​ត្រូវ​រើសអើង​ណាមួយ ចំពោះ​ពួកគេ​នោះទេ​។ ក្នុងកំឡុងពេល​ស្នាក់នៅ ក្នុងប្រទេស​កម្ពុជា​គឺ​កម្ពុជា​មិន​គិត​កម្រៃ​វី​សា និង​សេវា​ផ្សេងៗ​ឡើយ​។ លោកនាយក​រដ្ឋមន្ត្រី​បានប្រកាស​ស្វាគមន៍​ដល់​នាវា​ខ្នាត​យក្ស​របស់​អាមេរិក​នេះ បើ​ចង់​បន្ត​ចត​ក្នុង​រយៈពេល​១​ខែ​ទៀត ក៏​បាន​ដែរ ឬ​នៅ​ពេល​ក្រោយ​បើ​នាវា​ទេសចរណ៍​នេះ ចង់​មក​កម្ពុជា​ទៀត គឺ​កម្ពុជា​រង់ចាំ​ទទួល​ស្វាគមន៍​ដោយ​ក្តី​រីករាយ​ជា​និច្ច​។​

​ជា​ការកត់សម្គាល់ លោកនាយក​រដ្ឋមន្ត្រី បាន​ចាប់ដៃ​ដោយផ្ទាល់ ជាមួយ​អ្នកដំណើរ។ ក្នុងនោះ ក៏​មាន​អ្នកដំណើរ​មួយចំនួន បាន​ស្រក់​ទឹកភ្នែក អោប​លោកនាយក​រដ្ឋមន្ត្រី ដោយ​ក្តី​គោរព និង​រំភើប​ចំពោះ​ការសន្តោសប្រណី​នេះ​ផង​ដែរ​។​

​សូមបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា បានអនុញ្ញាត​ឲ្យ​នាវា​ទេសចរណ៍ Westerdam ដែល​ផ្ទុក​មនុស្ស​ជាង​២២០០​នាក់ ចូល​សំចត​នៅ​កំពង់ផែ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ បន្ទាប់​ពី​ប្រទេស និង​កោះ​សរុប​ចំនួន​៦ បដិសេធ​មិន​ឲ្យ​នាវាដ៏​ធំ​មួយ​នេះ​ចូលចត ដោយសារ​ភ័យខ្លាច​អ្នកដំណើរ​មាន​ផ្ទុក​វីរុស​កូរ៉ូណា​ថ្មី​៕


 ពាក្យគន្លឹះ  នាវាWesterdamលោកហ៊ុនសែន

ព័ត៌មានផ្សេងទៀត