CNRP៖​បើ​រដ្ឋាភិបាល​បង្ហាញ​ការផ្លាស់ប្ដូរ​វិជ្ជមាន​កម្ពុជា​នឹង​បាន​២០%​នៃ​ពន្ធ​EBA​មកវិញ​

14-02-2020 11:25 am 437
  ស្តាប់
ស្តាប់ជាសំឡេង

​គណបក្ស​សង្គ្រោះ​ជាតិ​តាមរយៈ​សេចក្ដីថ្លែងការណ៍ ដែល​ចេញផ្សាយ​កាល​ពី​ម្សិលមិញ​ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា បង្ហាញ​ឲ្យឃើញ​នូវ​ការផ្លាស់ប្ដូ​រជាវិ​ជ្ជមាន សហគមន៍​អឺរ៉ុប​អាច​ឲ្យ​កម្ពុជា​ទទួល​បាន​វិញ​នូវ​ចំណែក ២០% នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA ដែល​បាន​ប្រកាស​ដក​កាលពី​ថ្ងៃ​ទី ១២ កុម្ភៈ  កាល​ពេល​ថ្មីៗ​នេះ​។ 

​យោងតាម​សេចក្ដីថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ ការព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA ជា​បណ្ដោះអាសន្ន​នេះ អាច​នឹង​ត្រូវ​បញ្ចៀស​ត្រឹម​ខែសីហា ឆ្នាំ ២០២០ ដោយ​វិធានការ​ម៉ឺងម៉ាត់​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការកែប្រែ​ស្ថានភាព​នយោបាយ​ឲ្យ​ប្រសើរ​ឡើង​វិញ​តាម​សំណើ​របស់​សហភាព​អឺរ៉ុប​។​

​សហភាព​អឺរ៉ុប​បានបង្ហាញ​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ជាមួយនឹង​សេចក្ដីសម្រេច ដែល​បាន​ផ្សាយ​ចេញ​កាលពី​ថ្ងៃ​ទី ១២ កុម្ភៈ ក្នុង​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នៃ​ផ្នែក​ខ្លះ​ពី​កម្ពុជា ដោយ​ទុក​ពេល​ឲ្យ​រដ្ឋាភិបាល​រយៈពេល​៦​ខែ ក្នុង​ការកែប្រែ​ស្ថានភាព​នយោបាយ សិទ្ធិមនុស្ស សិទ្ធិ​ការងារ និង​សេរីភាព​សារព័ត៌មាន​ជា​ដើម ហើយ​ប្រសិនបើ​គ្មាន​ការជំទាស់​ណាមួយ​ពី​សភា​អឺរ៉ុប​ទេ ការសម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នៃ​ផ្នែក​ខ្លះ​ពី​កម្ពុជា នឹង​ត្រូវ​ចូល​ជា​ធរមាន​។​

យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​សហគម​ន៍​អ៊ឺរ៉ុប​បានបញ្ជាក់​ថា សម្រាប់​រដ្ឋាភិបាល​កម្ពុ​ជា​ក្នុង​ការបើក​ឡើងវិញ​នូវ​លំហ​នយោបាយ​នៅក្នុង​ប្រទេស បង្កើត​លក្ខខណ្ឌ​ចាំបាច់​សម្រាប់​ការបង្កើតឡើងវិញ​នូវ​ក្រុម​ប្រឆាំង ដែល​អាច​ទុកចិត្តបាន និង​ផ្តួចផ្តើម​ដំណើរការ​ប្រជាធិបតេយ្យ​មួយ​នៃ​ការផ្សះផ្សា​ជាតិ តាមរយៈ​ការរួម​បញ្ចូល​បទ​សន្ទនា ពិតប្រាកដ​។ ហើយ​នេះ​រួមបញ្ចូល​ទាំង​ការធ្វើឱ្យ​ប្រសើរ​ឡើង​វិញ​នូវ​សិទ្ធិ​នយោបាយ​របស់​សមាជិក​គណបក្សប្រឆាំង និង​ការលុបចោល ឬ​ការកែប្រែ​ច្បាប់​ដូចជា​ច្បាប់​ស្តីពី​គណបក្សនយោបាយ​និង​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាដើម​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា សហភាព​អឺរ៉ុប​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា ដែល​ស្មើនឹង ៤៥ ភាគរយ​នៃ​ការនាំចេញ​របស់​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨ ហើយ​ការនាំ​ចេញ​ទៅ​កាន់​សហភាព​អឺរ៉ុប​ពី​ប្រទេស​កម្ពុជា​បាន​កើនឡើង​ដល់ ៥,៤ ពាន់​លាន​អឺរ៉ូ​នៅ​ឆ្នាំ​២០១៨ ពោល​គឺ​ច្រើន​ជាង​ទ្វេដង​នៃ​ទឹកប្រាក់ ២,៥ ពាន់​លាន​អឺរ៉ូ ដែល​បាន​កត់ត្រា​ក្នុង​ឆ្នាំ ២០១៣  ហើយ ៩៥,៧ ភាគរយ​នៃ​ការនាំ​ចេញ​ទាំង​នេះ​បាន​ចូល​សហភាព​អឺរ៉ុប និង ទីផ្សារ​ក្រោម​ចំណូល​អនុគ្រោះ​ពន្ធ EBA (​មានន័យ​ថា ៥,២ ពាន់​លាន​អឺរ៉ូ​ក្នុងចំណោម​ទឹកប្រាក់​សរុប​ប្រមាណ​៥,៤ ពាន់​លាន​អឺរ៉ូ​)៕

ព័ត៌មានផ្សេងទៀត