Apple​បើក​ហាង​​នៅ​ចិន​​ឡើងវិញ​​មួយចំនួន​​ក្រោយ​បិទ​​ព្រោះ​ផ្ទុះ​​វីរុស​កូរ៉ូណា​

14-02-2020 9:37 am 205
រូបភាពហាងរបស់ក្រុមហ៊ុន​Apple​

​ក្រុមហ៊ុន​Apple​បានប្រកាស​នៅលើ​គេហទំព័រ​របស់ខ្លួន​ថា នឹង​បើក​ដំណើរការ​ហាង​មួយចំនួន​ឡើងវិញ​នៅក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​នៅ​ថ្ងៃទី​១៤​កុម្ភៈ​នេះ ប៉ុន្ដែ​ហាង​មួយចំនួនទៀត​នឹង​បន្ដ​បិទទ្វារ​ដដែល ស្របពេល​ចិន​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ការឆ្លង​រាលដាល​វីរុស​កូរ៉ូណា​។ ក្រុមហ៊ុន​ផលិត​iPhone​មួយ​នេះ​បានបញ្ជាក់​កាលពី​ថ្ងៃទី​០៨​កុម្ភៈ​ថា នឹង​បន្ដ​បិទ​ហាង​នៅក្នុង​ប្រទេស​ចិន ទោះបី​ក្រុមហ៊ុន​កំពុង​ត្រៀម​បើក​ការិយាល័យ​និង​មជ្ឈមណ្ឌល​ទំនាក់ទំនង​ឡើងវិញ​ក៏ដោយ​។​

​ការសម្រេចចិត្ដ​បិទហា​ង​ដូច្នេះ​បន្ទាប់ពី​អាជ្ញាធរ​ចិន​ហាមប្រាម​លើ​ការធ្វើដំណើរ ហើយ​បានចេញ​ការព្រមាន​ដល់​ប្រជាជន​ត្រូវ​ស្ថិតនៅឲ្យ​ឆ្ងាយ​ពីទី​សាធារណៈតាម​តំប​ន់​នានា ដើម្បី​ជា​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​កូរ៉ូណា​។ 

​ដោយឡែក​ហាង​ដែល​ត្រូវ​បើក​ដំណើ​ង​ការ​ឡើងវិញ​មាន​ចំនួន​៥​ក្នុង​ទីក្រុង​ប៉េកាំង ដែល​បើកទ្វារ​ពី​ម៉ោង​១១​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច ខ្លី​ជាង​រយៈពេល​បើក​ធម្មតា​គឺ​ពី​ម៉ោង​១០​ព្រឹក​ដល់​ម៉ោង​១០​យប់​ឯណោះ​។ ហាង​នៅក្នុង​ទីក្រុង​សៀង​ហៃ​និង​ស៊ិន​ជិន​នឹង​បន្ដ​បិទ​ដដែល​។ ចំពោះ​អតិថិជន​ដែល​ធ្វើដំណើរ​ទៅ​ហាង​ដែល​បើក​ឡើងវិញ ក្រុមហ៊ុន​បាន​ស្នើឲ្យ​ពាក់​ម៉ាស់​ការពារ​ទាំងអស់គ្នា និង​ត្រូវ​សហការ​ក្នុងការ​វាស់​កម្ដៅ​ក្នុង​ខ្លួន​មុនពេល​ចូល​ហាង​៕

ព័ត៌មានផ្សេងទៀត