លោក​ហ៊ុន សែន​​បាន​ទៅ​ស្វាគមន៍​​អ្នកដំណើរ​​ចុះ​ពី​នាវា​​ក្នុង​ខេត្ដ​​ព្រះសីហនុ​​ដោយផ្ទាល់​

14-02-2020 8:20 am 192
លោកហ៊ុន សែនពេលទៅជួបអ្នកទេសចរចុះពីនាវាWesterdam(រូបពីក្រសួងព័ត៌មាន)

​ដូច​ការគ្រោងទុក​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​លោក​នាយករដ្ឋមន្ដ្រី​ហ៊ុន សែន​នា​ព្រឹក​ថ្ងៃទី​១៤​កុម្ភៈ​នេះ បាន​ទៅ​ជួប​ស្វាគមន៍​អ្នកដំណើរ​ទៅលើ​នាវា​ទេសចរណ៍​Westerdam ដែល​បាន​ចូល​ចត​នៅ​កំពង់ផែ​ខេត្ដ​ព្រះសីហនុ​កាលពី​ព្រឹក​ថ្ងៃទី​១៣​កុម្ភៈ​។ ឆ្លៀត​ក្នុងឱកាស​នោះ​ក្រៅពី​ការជួប​ចាប់ដៃ​ដោយផ្ទាល់​ហើយ លោក​ហ៊ុន សែន​ក៏បាន​ជូន​បាច់ផ្កា​ដល់​ពួកគេ​ម្នាក់​មួយ ទុកជា​និមិត្ដរូប​នៃ​ការស្វាគមន៍​របស់​កម្ពុជា​ចំពោះ​មិត្ដ​ជិត​ឆ្ងាយ​។​

​អ្នកដំណើរ​បាន​ចុះ​ពី​នាវា​Westerdam​នៅ​ព្រឹក​នេះ ដើម្បី​ទៅ​ឡើង​យន្តហោះ​នៅ​កងកេង​បន្ត​ឡើង​យន្តហោះ​ត្រង់​នៅ​ភ្នំពេញ (​ចុះ​ពី​យន្តហោះ​ឡើង​យន្តហោះ  ដោយ​មិន​ចូល​កន្លែង​អង្គុយ​រង់ចាំ​ក្នុង​អាកាសយានដ្ឋាន​ឡើយ​) ។ 

​គួរ​បញ្ជាក់ថា នាវា​ទេសចរណ៍​Westerdam​របស់​សហរដ្ឋអាមេរិក ផ្ទុក​មនុស្ស​ជាង​២,២០០​នាក់ បាន​ចូល​ចត​នៅ​កំពត់ផែ​ខេត្ដ​ព្រះសីហនុ​បន្ទាប់ពី​ប្រទេស​និង​កោះ​ចំនួន​៦ បាន​ហាមឃាត់​មិនឲ្យ​នា​វានេះ​ចូលចត​នៅ​កំពង់ផែ​ក្នុង​ប្រទេសរបស់​ពួកគេ ដោយ​បារម្ភ​ខ្លាច​មនុស្ស​នៅលើ​នាវា​មាន​ផ្ទុក​វីរុស​កូរ៉ូណា​។ យ៉ាងណាមិញ​មុន​អនុញ្ញាតឲ្យ​ចូលចត អជ្ញាធរ​កម្ពុជា​ក៏​បានទទួល​ព័ត៌មាន​ពី​អ្នកគ្រប់គ្រង​នាវា​ថា ភ្ញៀវទេសចរ​នៅលើ​នាវា​ទាំងអស់​ពុំមាន​នរណាម្នាក់​ផ្ទុក​វីរុស​កូរ៉ូណាឬ​មាន​រោគសញ្ញា​អ្វី​ឡើយ​។ មន្ដ្រី​ជំនាញ​សុខាភិបាល​កម្ពុជា​ក៏បាន​ចុះទៅពិនិត្យ​សុខភាព​អ្នកដំណើរ​ទាំងអស់ មុន​អនុញ្ញាតឲ្យ​ចេញ​ក្រៅ​នាវា​៕

ព័ត៌មានផ្សេងទៀត