លោកហ៊ុន សែននឹងទៅស្វាគមន៍អ្នកដំណើរនៅលើនាវាMS Westerdamនាព្រឹកស្អែក

13-02-2020 8:39 pm 225

លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន បានឲ្យដឹងនៅយប់ថ្ងៃទី១៣ ខែកុម្ភៈនេះ ថា រូបនឹងទៅស្វាគមន៍អ្នកដំណើរជាង២ពាន់នាក់នៅខេត្តព្រះសីហនុ ក្នុងឋានៈជាម្ជាស់ផ្ទះនាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ស្អែកនេះ។

លោកហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុករបស់លោក ថា ដោយសារតែកម្ពុជាមានសន្តិភាពទើប រូបលោកហ៊ានសម្រេចចិត្ត ទទួលយកនាវាទេសចរណ៏ដ៏ធំ ដែលគ្មានកន្លែងចូលចត ឲ្យមកចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ដើម្បីជួយដល់អ្នកដែលស្ថិត នៅលើនាវាអស់រយៈពេល១៣ថ្ងៃមកហើយឲ្យបានវិលត្រឡប់ទៅប្រទេសពួកគេវិញ ដោយសុវត្ថិភាព។

លោកហ៊ុន សែន បានសរសេរបញ្ជាក់ ថា”ព្រឹកស្អែកថ្ងៃ១៤កុម្ភៈ២០២០ ខ្ញុំនឹងទៅស្វាគមន៍ពួកគេនៅខេត្តព្រះសីហនុ ក្នុងឋានៈជាម្ជាស់ផ្ទះដែលមានសាមគ្គីភាព និងការទទួលខុសត្រូវ”។ ជាមួយគ្នានេះដែរលោកហ៊ុន សែន ក៏បានអរគុណអង្គការសុខភាពពិភពលោក និងប្រទេសនានាដែលមានពលរដ្ឋខ្លួនស្ថិតនៅលើនាវា ដែលបានផ្តល់នូវការជឿទុកចិត្តដល់កម្ពុជា។ ​​​

សូមជម្រាប ថា នាវាទេសចរណ៍ដ៏ធំមួយឈ្មោះថាMS Westerdam របស់សហរដ្ឋអាមេរិក ដែលមានទេសចរជាង២,២៥៧នាក់ នៅថ្ងៃទី១៣ កុម្ភៈនេះ បានចូលមកដល់កំពង់ផែក្រុងព្រះសីហនុ បន្ទាប់ពីនាវាទេស​ចរណ៍​អាមេរិកដ៏ធំនេះ បានស្នើសុំចុះចតនៅតាមប្រទេស និងកោះចំនួន៦មកហើយ តែត្រូវបានបដិសេធមិនឲ្យចូលចត ដោយសារភ័យខ្លាចមានអ្នកដំណើរមានផ្ទុកមេរោគកូរ៉ូណាថ្មី។

យ៉ាងណាក៏ដោយដើម្បីធានាសុវត្ថិភាពទាំងអស់គ្នា គឺមន្រ្តីជំនាញរបស់ក្រសួងសុខាភិបាល បានធ្វើការពិនិត្យអាការៈសុខភាពរបស់អ្នកដំណើរទាំងអស់ មុនពេលអនុញ្ញាត្តិឲ្យចេញក្រៅនាវា៕ 

ព័ត៌មានផ្សេងទៀត