អាជ្ញាធ​រហាម​ពលរដ្ឋ​ចូល​ទៅ​ជិត​កប៉ាល់​Westerdam​ដែល​ចត​នៅ​ខេត្ត​ព្រះសីហនុ​

13-02-2020 5:49 pm 182

​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បានរៀបចំ​វិធានការ​ការពារ ដោយ​មិនឲ្យ​មាន​មនុស្ស​ចូល​ទៅ​ជិត ឬ​អ្នកដំណើរ​ក្នុង​នាវា​ទេសចរណ៍ Westerdam ចេញ​ចូល​ដោយ​សេរី​នោះទេ លុះត្រា​ណា​តែ​មាន​ការពិនិត្យ​ពី​ក្រុមគ្រូពេទ្យ​ត្រឹមត្រូវ​។ 

​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​នា​ថ្ងៃ​១៣ ខែ​កុម្ភៈ​នេះ​ថា «​អាជ្ញាធរ​មាន មិន​អាច​ការពារ​តែ​អ្នក​ទេសចរណ៍ នៅ​លើ​នាវា​នោះទេ ដាច់ខាត​ត្រូវ​ការពារ​ដល់​ក្រុមការងារ​ដែល​ធ្វើ​កិច្ចការ​នេះ និង​ប្រជាពលរដ្ឋ​។ ដោយឡែក អ្នក​ទេសចរណ៍ ក៏​មិន​អនុញ្ញាត​ឲ្យ​ពួក​គាត់​ចេញ​ដើរ​ដោយ​សេរី​នោះទេ លុះត្រា​ណា​ក្រុម​គ្រូពេទ្យ​បាន​ចូល​ទៅ​ត្រួតពិនិត្យ ត្រឹមត្រូវ​អស់ហើយ ទើប​អនុញ្ញាត​ឲ្យ​ពួកគាត់​ចាកចេញ​ពី​នាវា​»​។​

​លោក​អភិបាល​បាន​បន្តថា ប្រសិនបើ​មាន​ការសង្ស័យ​ណាមួយ យើង​ទុក​ពួកគាត់​ដោយឡែក និង​យក​សំណាក​ទៅ​ត្រួតពិនិត្យ​នៅ​មន្ទីរពិសោធន៍​ប៉ាស្ទ័រ នៅ​រាជធានី​ភ្នំពេញ​ភ្លាមៗ​តាម​ឧទ្ធម្ភាគចក្រ​។ ដោយឡែក​សូម្បី​អ្នកបើកបរ​រថយន្តក្រុង ដើម្បី​ដឹក​ជញ្ជូន​ពួកគាត់​ទៅ​ព្រលានយន្តហោះ​កងកេង ក៏​យើង​ត្រូវ​គិតគូរ​ត្រួតពិនិត្យ​និង​តាមដាន​ពួកគាត់ ហើយ​ចំពោះ​រថយន្ត​ដែល​ដឹក​ជញ្ជន​ពួកគាត់ក៏​ត្រូវបាន​បា​ញ់​ថ្នាំ​សម្លាប់​មេរោគ​ផង ពោល​គឺ​យើង​មាន​រៀបចំ​ផែនការ​ច្បាស់លាស់​ចៀសវាង មាន​បញ្ហា​ណាមួយ​កើតឡើង​។​

​សូមបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា បានអនុញ្ញាត​ឲ្យ​នាវា​ទេសចរណ៍ Westerdam ដែល​ផ្ទុក​មនុស្ស​ជាង​២២០០​នាក់ ចូល​សំចត​នៅ​កំពង់ផែ ខេត្ត​ព្រះសីហនុ របស់​កម្ពុជា ក្រោយ​ពី​ប្រទេស និង​កោះ​សរុប​ចំនួន​៦ បដិសេធ​មិន​ឲ្យ​នាវាដ៏​ធំ​មួយ​នេះ​ចូលចត ដោយសារ​ភ័យខ្លាច​អ្នកដំណើរ​មាន​ផ្ទុក​វីរុស​កូរ៉ូណា​ថ្មី​។​

​ការអនុញ្ញាតឲ្យ​ចូលច​ត​នេះ​ធ្វើឡើង បន្ទាប់ពី​មាន​ការធានា​ច្បាស់លាស់​ពី​អ្នកគ្រប់គ្រង​នាវា​ទេសចរណ៍ Westerdam ថា មនុស្ស​ទាំងអស់​លើ​កប៉ាល់​មិន​មាន​អ្នកណាម្នាក់ ផ្ទុក​វីរុស​កូរ៉ូណា​ថ្មី ឬ Covid-19 នោះទេ​៕

ព័ត៌មានផ្សេងទៀត