ជាទូទៅមាតាបិតាគ្រប់រូបស្ទើរតែ១០០ភាគរយ និយមលាបម្សៅហុយលើទារក និងកុមារ ដែលពួកគេយល់ថា អាចជួយថែរក្សាសុខភាពស្បែកទារក។ ប៉ុន្តែលោកវេជ្ជបណ្ឌិតហ៊ាង រតនាឯកទេសជំងឺទូទៅមនុស្សចាស់ កុមារនិងទារកនៃបន្ទប់ពិគ្រោះនិងព្យាបាលជំងឺមេត្តាសំណង់១២ លើកឡើងថា ស្បែកទារកមិនត្រូវការលាបម្សៅនោះទេ។ លោកវេជ្ជបណ្ឌិតនិយាយថា « ម្សៅហុយកាលពីមុនស្ទើរតែ ១០០ភាគរយ មានលាយសារធាតុគីមីម្យ៉ាងឈ្មោះថា Talcum ដែលសារធាតុទាំងនោះ មិនត្រឹមតែផ្តល់ផលប៉ះពាល់ដល់ទារក និងកូនក្មេងទេ សូម្បីតែមនុស្សពេញវ័យក៏ប៉ះពាល់ដែរ។»
លោកវេជ្ជបណ្ឌិតពន្យល់ថា «ពេលដែលលាប ម្សៅទាំងនោះនឹងហុយចូលតាមច្រមុះទារក ( ច្រមុះទារកមិនមានរោមច្រមុះច្រើន ដើម្បីទប់ការហុយនោះទេ ធ្វើឲ្យបរិមាណហុយចូលសួតកាន់តែច្រើន ហើយសួតទារកកាន់តែតូចសួតកាន់តែនៅខ្ចី) ធ្វើឲ្យទារកប្រឈមនឹងជំងឺជាច្រើន ដូចជា រលាកទងសួត រលាកសាច់សួត ជំងឺហឺត(Asthma) ធ្វើឲ្យក្អករ៉ាំរៃ រលាកបំង់ករ និងឈានដល់ការកើតមហារីកបើប្រើកាន់តែយូរទៅៗ»។ លោកវេជ្ជបណ្ឌិតបានលើកទឹកចិត្ត ឲ្យមាតាបិតាឬអាណាព្យាបាល មកពិគ្រោះជាមួយគ្រូពេទ្យជំនាញ ប្រសិនបើបារម្ភខ្លាចមានបញ្ហាស្បែក ដោយការរោលផ្សេងៗ៕