ម្សៅ​ហុយ​ផ្ទុក​គីមី​​អាច​ធ្វើឲ្យប៉ះពាល់​សួត​និង​បំពង់ក​ទារក​

13-02-2020 4:59 pm 206

​ជាទូទៅ​មាតាបិតា​គ្រប់រូប​ស្ទើរតែ​១០០​ភាគរយ និយម​លាបម្សៅ​ហុយ​លើ​ទារក និង​កុមារ ដែល​ពួកគេ​យល់ថា អាចជួយ​ថែរក្សា​សុខភាព​ស្បែក​ទារក​។ ប៉ុន្តែ​លោក​វេជ្ជបណ្ឌិត​ហ៊ាង រតនា​ឯកទេស​ជំងឺ​ទូទៅ​មនុស្ស​ចាស់ កុមារ​និង​ទារក​នៃ​បន្ទប់​ពិគ្រោះ​និង​ព្យាបាល​ជំងឺ​មេត្តា​សំណង់​១២ លើកឡើងថា ស្បែក​ទារក​មិន​ត្រូវការ​លាបម្សៅ​នោះទេ​។ លោក​វេជ្ជបណ្ឌិត​និយាយថា « ម្សៅ​ហុយ​កាលពីមុន​ស្ទើរតែ ១០០​ភាគរយ មាន​លាយ​សារធាតុ​គីមី​ម្យ៉ាង​ឈ្មោះថា Talcum ដែល​សារធាតុ​ទាំងនោះ មិន​ត្រឹមតែ​ផ្តល់​ផលប៉ះពាល់​ដល់​ទារក និង​កូនក្មេង​ទេ សូម្បីតែ​មនុស្សពេញវ័យ​ក៏​ប៉ះពាល់​ដែរ​។​»

​លោក​វេជ្ជបណ្ឌិត​ពន្យល់​ថា «​ពេលដែល​លាប ម្សៅ​ទាំងនោះ​នឹង​ហុយ​ចូល​តាម​ច្រមុះ​ទារក ( ច្រមុះ​ទារក​មិនមាន​រោម​ច្រមុះ​ច្រើន ដើម្បី​ទប់​ការ​ហុយ​នោះទេ ធ្វើឲ្យ​បរិមាណ​ហុយ​ចូលសួត​កាន់តែច្រើន ហើយ​សួត​ទារក​កាន់តែ​តូច​សួត​កាន់តែ​នៅ​ខ្ចី​) ធ្វើឲ្យ​ទារក​ប្រឈម​នឹង​ជំងឺ​ជាច្រើន ដូចជា រលាក​ទងសួត រលាក​សាច់​សួត ជំងឺ​ហឺត​(Asthma) ធ្វើឲ្យ​ក្អក​រ៉ាំរៃ រលាក​បំង់​ករ និង​ឈានដល់​ការកើត​មហារីក​បើ​ប្រើ​កាន់តែ​យូរ​ទៅៗ​»​។ លោក​វេជ្ជបណ្ឌិត​បាន​លើកទឹកចិត្ត ឲ្យ​មាតាបិតាឬ​អាណាព្យាបាល មក​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ប្រសិនបើ​បារម្ភ​ខ្លាច​មាន​បញ្ហា​ស្បែក ដោយ​ការ​រោល​ផ្សេងៗ​៕

 ពាក្យគន្លឹះ  សុខភាពម្សៅហុយទារក

ព័ត៌មានផ្សេងទៀត